ល្បែងប្រជាប្រិយខ្មែរមានប្រវត្តិផ្សារភ្ជាប់ ជាមួយប្រពៃណីវប្បធម៌ ក៏ដូចជាជីវភាពរស់នៅរបស់ ប្រជាជនខ្មែរជាយូរលង់ណាស់មកហើយ ហើយបើតាមការបញ្ជាក់ពីអ្នកប្រវត្តិសាស្រ្ត និងសាស្រ្តាចារ្យខាងវប្បធម៌បានបង្ហាញថា ល្បែងប្រជាប្រិយខ្មែរ ដូចជា បោះ អង្គញ់ លាក់កន្សែង ស្តេចចង់ ទាញព្រ័ត្រ ក្រុងមេមាន់ វាយក្អម ចោលឈូង ឆ្មាចាប់កណ្តុរ ដណ្តើមស្លឹកឈើ ពង្រត់កូនក្រមុំ ចាប់កូនខ្លែង ។ល។ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម មិត្តភាព និងសេ្នហា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែងប្រជាប្រិយខ្មែរ ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះ មិន សំបូរអ្នកលេងទំាងនៅមុន និងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ ។

ចំណុចដែលគួរឲ្យកត់សំគាល់នោះ គឺយុវវ័យកម្ពុជាសម័យទំនើបនេះមួយចំនួនធំ មិនបានដឹងច្បាស់អំពីប្រវត្តិ នៃការកកើតឡើងល្បែងប្រជាប្រិយខ្មែរ ទាំងអស់នេះ និងថែមទាំងមិនបានដឹងអំពីរបៀបលេងទៀតផង ហើយយុវវ័យខ្លះមិនទំាងដឹងថា តើល្បែងប្រជាប្រិយខ្មែរមានអ្វីខ្លះ និងគេលេងក្នុងគោលបំណងអ្វីឡើយ ។... សម័យនេះ យុវវ័យភាគច្រើន ស្បៃរាត្រីគ្របដណ្តប់មិនទាន់ បបួលគ្នាទៅរកកន្លែងផឹកស៊ី ច្រៀងខារ៉ាអូខេ ចូលបារ-រង្គសាល មិននឹកនាដល់ល្បែងប្រជាប្រិយនោះទេ ។

ទាក់ទិនទៅនឹងអត្ថប្រយោជន៍នៃការលេងល្បែងប្រជា ប្រិយខ្មែរនេះយុវតីមួយរូបស្ថិតក្នុងសំលៀកបំពាក់ ជាឯកសណ្ឋាន និសិត្ស នៅសាកលវិទ្យល័យជាតិគ្រប់គ្រង់ផ្នែកធនាគារ កញ្ញាលីដា ក៏បានចូលរួមមតិយ៉ាងខ្លីថាល្បែងប្រជាប្រិយខ្មែរ ជាល្បែងមួយដែល បង្កនូវភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា ហើយលើសពីនេះ វាជាវប្បធម៌ប្រពៃណីរបស់ជាតិនោះថែមទៀត ដែលជាកូនខ្មែរយើងគ្រប់រូប ត្រូវតែស្គាល់និងចូលរួមលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។

មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមួយរូបដែល និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យមហាគ្រួសារដឹងថា ល្បែង ប្រជាប្រិយដូចជាបោះអង្គញ់ ចោលឈូង លាក់កន្សែង ស្តេចចង់ ចាប់កូនខ្លែង ដណ្តើមស្លឹកឈើជាដើម គឺមាននៅក្នុងសង្គមខ្មែរយើងតំាងពីបុរាណកាលមក ហើយថាល្បែងនេះគេនិយមតែក្នុងពិធីបុណ្យចូលឆ្នាំ ឬមុនចូលឆ្នាំតែប៉ុណ្ណោះ ។ មន្រ្តីដដែលបន្តថា ល្បែងនេះពីសម័យមុនៗប្រជាពលរដ្ឋចាស់ក្មេង គេលេងនៅតាមផ្ទះ ឬតាមវត្តអារ៉ាមនានា ប៉ុន្តែលោកកត់សម្គាល់ឃើញថា នាពេល បច្ចុប្បន្នល្បែងប្រជាប្រិយទំាងនោះហាក់មានការធ្លាក់ចុះ ដោយពុំសូវឃើញមានយុវជនយុវនារី ឬប្រជាពលរដ្ឋចូលរួមលេងនោះ ទេ៕















បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]