ភ្នំពេញៈ យុវជនម្នាក់ដែល គេស្គាល់ថា ជនជាតិវៀតណាម រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវរថយន្តសង្គ្រោះ ដឹកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ អាយុជីវិត ដោយសារតែរថយន្ត ដឹកកម្មករបើក លឿនជ្រុលទៅ បុកពី ក្រោយ យ៉ាងពេញទំហឹង អូសម៉ូតូចូលក្រោមរថយន្ត អ្នកបើករថយន្ត បន្ទាប់ពីកើតហេតុ គេចខ្លួនបាត់ ហេតុ ការណ៍ នេះកើត ឡើងកាល ពីវេលាម៉ោង៦ និង៤៥នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ អូរឌឹម ទំនប់កប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិវៀត មានឈ្មោះ សុខ តាយ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ត្រួយចេក សេរីឆ្នាំ ២០០៦ ពាក់ស្លាកលេខកណ្តាល 1C-8580 រងរបួសត្រង់ចង្កេះ យ៉ាងធ្ងន់ធ្ងរ ។ ចំណែកឯរថយន្តបង្កវិញ ម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2F-3671 ប្រភេទ១តោន ដឹកកម្មកររោងចក្រ ។

សាក្សីបានបន្តទៀតថាមុនពេលកើតហេតុគេ ឃើញរថយន្តនិងម៉ូតូ ជិះក្នុងទិសដៅ ពីជើងទៅត្បូង ស្របទិស ជាមួយគ្នា លុះដល់ចំណុចកើតហេតុ រថយន្តបើកលឿន ជ្រុលទៅបុកម៉ូតូ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យ អ្នកបើកបរ ម៉ូតូខ្ទាតចេញពីម៉ូតូ រីឯម៉ូតូគៀបជាប់ជាមួយ នឹងកង់រថយន្ត នៅពីក្រោមបណ្តាលឲ្យ រងការខូចខាត បន្តិចបន្តួច ។ បន្ទាប់ពីកើតហេតុ នគរបាលចរាចរ ចុះទៅដល់ភ្លាមៗ ជួយអន្តរាគមន៍និង បានហៅរថយន្ត សាមុយ របស់អង្គភាព សង្គ្រោះ៧១១ កងពុលតូច លេខ៧០ ទៅដឹកយកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ជាបន្ទាន់ ដើម្បីជួយ សង្គ្រោះអាយុជីវិត បើយោងតាមការពិនិត្យ របស់អង្គភាពសង្គ្រោះ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ រងរបួសធ្ងន់ធ្ងរ ត្រង់ចង្កេះ ។ ចំណែកម៉ូតូនិងរថយន្ត ត្រូវនគរបាល យកទៅរក្សាទុក ដើម្បីរង់ចាំ ដោះស្រាយ គ្នាជាក្រោយ ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]