រាជធានីភ្នំពេញ ៖ ម្ដាយ និង​កូនប្រុស​ស្រី​២​នាក់​រង​របួសធ្ងន់ ឯឪពុក​របួសស្រាល ដោយ​សារ​រថយន្ដ​តា​កូ​ម៉ា ពណ៌​ក្រហម បើក​បរ​ដោយ​ជន​ជាតិ​កូរ៉េ​ស្រវឹង​ធ្លាក់​ភ្នែក​ទៅ​បុក​គូទ​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម បណ្ដាល​ឱ្យ​ដួល​រង​របួស ​កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ថ្ងៃ​ទី​២៩ មីនា នៅ​តាម​បណ្តោយ​វិថី​ព្រះ​នរោត្ដម​កែង​វិថី​ព្រះ​សីហ​នុ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រថយន្ដ​តា​កូ​ម៉ា ពណ៌​ក្រហម ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​ជនជាតិ​កូរ៉េ តាម​វិថី​ព្រះ​នរោត្ដម ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ផ្លូវកែង​បត់​ស្ដាំ​ទៅវិថី​ព្រះ​សីហ​នុ ក៏​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​វី​វ៉ា ពណ៌ក្រហម ប្ដី​ឌុ​ប​ប្រពន្ធ និង​កូនប្រុស​ស្រី​តូច​ៗ តាមវិថី​ព្រះ​សីហ​នុ ពី​លិចទៅ​កើត បណ្ដាល​ឱ្យ​​ម៉ូតូ​ដួល​និង​បុក​ចំ​ឆ្អឹងខ្នង​ប្រពន្ធ​ដែល​អង្គុយ​ខាងក្រោយ បណ្ដាល​ឱ្យ​ចុក​ដើរ​មិន​រួច ។ ចំណែក​កូនប្រុស​ស្រី​ទាំង​២​នាក់​បែកក្បាល រីឯ​ប្ដី​របួស​ស្រាល។ ម៉ូតូ​ខូចខាត​ផ្នែក​ខាង​ក្រោយ​ក្លាយទៅជា​លេខ​៨ ហើយ​រថ​យន្ដ​ក្រពឹត​ខាង​មុខ។

​ជន​រង​គ្រោះ​ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត។ ឯរថយន្ដ​បង្ក​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​ដើម្បី​ធ្វើ​ការ​ដោះស្រាយ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]