ភ្នំពេញ ៖ ប្រភពព័ត៌មាន ច្បាស់ការមួយបាន ឲ្យដឹងថា មានរថយន្ត របស់លោកអធិការរង នគរបាល ខណ្ឌដង្កោ ម្នាក់ខណៈ ដែលបើកចេញ ពីកម្មវិធីនៅផ្ទះ មិត្តភក្តិ គោលបំណង ត្រឡប់ទៅ គេហដ្ឋាន របស់ខ្លួនវិញ ដោយលោកអធិការ រងបានបើក រថយន្តតាមផ្លូវ ៧មករា ពីលិចទៅកើតលុះ ដល់ចំណុច ភូមិសេរីដីដុះ ក្នុងសង្កាត់ព្រៃវែង ក៏ត្រូវបាន រថយន្តដឹកខ្សាច់មួយគ្រឿង បុកចំពីចំហៀខាងឆ្វេង ដែលបណ្តាលឲ្យរថយន្តនោះ បែកកង់ខាងមុខ និងផ្ទុះពោងការពារថែមទៀតផង។

ហេតុការណ៍បាន កើតឡើងការពីវេលាម៉ោង ១៩និង១៥នាទីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១២ ។

ប៉ុន្តែអធិការរងនគរបាល រូបនេះ បែរជាឲ្យកូនចៅរបស់ខ្លួន ចាប់រថយន្ត ដឹកខ្សាច់ផ្សេងទៅវិញ ដោយសារអំណាចរបស់លោក ប៉ុន្តែដោយសារការប្រកែក យ៉ាងដាច់ណាត់ ពីអ្នកបើករថយន្ត ទើប លោកអធិការរងរូបនេះ បានបញ្ជាឲ្យដោះលែងរថយន្តនេះវិញដោយក្តីអៀនខ្មាស់យ៉ាងខ្លាំង។

ប្រភពដដែរបានបន្ត ឲ្យដឹងថា លោកអធិការរង ខាងលើនេះមានឈ្មោះ ប៉ុស ថុន និងរថយន្តលោក អធិការរងម៉ាករេហ្វ័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ ២I ៦៣៧៣។សាក្សីដែលបានឃើញ ហេតុការណ៍បន្តថា មុនពេលកើតហេតុ គេបានឃើញ លោកអធិការរង បើករថយន្តមួយគ្រឿង ម៉ាករេហ្វ័រដោយមាន ឌុបគ្នាពីរទៅបីនាក់ និងបើកយ៉ាងលឿន ពីលិចទៅកើតតាម បណ្តោយផ្លូវ៧មករា លុះមកដល់ចំណុច កើតហេតុខាង លើក៏ត្រូវរថយន្តមួយគ្រឿង ជារថយន្តដឹកខ្សាច់ ដែលកំពុងបើកបង បញ្ជ្រាសទិសគ្នានោះ ក៏បានបុករថយន្ត របស់លោកអធិការរង ពេញទំហឹងចំពី ចំហៀខាងឆ្វេង បណ្តាលឲ្យរថយន្ត បែកកង់មុខ កំពិនផ្នែកខាងមុខ និងបានផ្ទុះ ពោងឡើងទៀតផង។

បន្ទាប់ពីបុករួចនោះ រថយន្តដឹកខ្សាច់ បានបើករត់គេចខ្លួនបាត់ ស្រមោលឈឹងមួយ សន្ទុះ ក្រោយលោកអធិការរង បានស្រែកឡូឡាដោយការខឹងសម្បាយ៉ាងខ្លាំង តាមវិទ្យុទាក់ទង ប្រាប់កូនចៅគ្រប់ គោលដៅមួយៗធ្វើ យ៉ាងណាតាមចាប់រថយន្ត បង្កហេតុឲ្យបាន ហើយខណៈនោះ ក្រុមសមត្ថកិច្ចមូលដ្ឋាន បានព័ន្ធចាប់រថយន្តមួយគ្រឿង ជារថយន្តដឹក ខ្សាច់ដែលមាន ពាក់ស្លាកលេខភ្នំពេញ  ៣A ៣៤០៣ យកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌង្កោ ដើម្បីធ្វើការ សាកសួរនិងមើលស្លាកស្នាម នៅលើរថយន្តតើពិតជាបាន បុករថយន្តលោក អធិការរងពិតឬក៏អត់ ។

ប៉ុន្តែយកមក អធិការដ្ឋាននគរបាល ខណ្ឌដង្កោនោះ អ្នកបើកបររថយន្ត ដឹកខ្សាច់ខាងលើនេះ បានប្រកែកយកយ៉ាងដាច់អហង្កា ថាខ្លួនមិនបានបើកប៉ះ រថយន្តលោកអធិការរង សូម្បីតែបន្តិចឡើយ ហេតុអ្វីមកចាប់រថយន្ត របស់គេមកស្រស់ៗ បែបនេះ។ ដោយសារតែភាគីខាង រថយន្តបង្កហេតុដែល ត្រូវគេចោទប្រកាន់នោះ ប្រកែកខ្លាំងពេក ក្រុមជំនាញ ផ្នែកចរាចរណ៍ ធ្វើការត្រួតពិនិត្យ ទៅលើរថយន្ត ដឹកខ្សាច់តែ ពុំភស្តុតាង អ្វីសម្រាប់បញ្ជាក់ថា រថយន្តនេះពិតជា បុករថយន្តលោក អធិការរងនោះទេ។

បច្ចុប្បន្ន លោក អធិការរង ប៉ុស ថុន បានសម្រេចដោះលែង រថយន្តដឹកខ្សាច់នោះ ទៅវិញព្រោះអ្នកជំនាញ ខាងចរាចរណ៍បាននិយាយថា រថយន្តនេះគ្មាន ពាក់ព័ន្ធអ្វីទេ។ លើសពីនេះទៅទៀត រថយន្តលោកអធិការរង បានត្រឹមតែខូចខាត និងយកទៅជុលជុស ដោយខ្លួនឯង តែប៉ុណ្តោះ៕

ដោយ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]