ភ្នំពេញ៖ ក្រុមហ៊ុន Theara Leang Co.,LTD កាលពីពេលថ្មីៗនេះ បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយ ជួបជុំសមាជិកក្រុមហ៊ុនប្រមាណជាង១៥០០នាក់ ក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រុញដល់ស្ត្រី ចូលរួមអភិវឌ្ឍន៍សង្គម និងសមភាពយេនឌ័រ ក្រោមប្រធានបទ “ស្ត្រីវិលចង្ក្រានមិនជុំ” ដោយលើកយកគន្លឹះសំខាន់ៗផ្តល់ដល់ស្ត្រី និងលើកទឹកស្ត្រី ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមហាព្រឹត្តិការណ៍ដ៏ធំនេះបានរៀបចំឡើង ដោយក្រុមហ៊ុន Theara Leang Co.,LTD ដែលរៀបចំកម្មវិធីឡើង ក្រោមប្រធានបទ "ស្ត្រីវិលចង្ក្រានមិនជុំ" កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅកោះពេជ្រ មានការ ចូលរួមក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ,លោកស្រីអគ្គនាយិកា លាង ធារ៉ា និងវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថាទស្សនៈដែលបានលើកឡើងថា៖
"ស្ត្រីបង្វិលចង្ក្រានមិនជុំ" អាចគេយល់បានថា សង្គមខ្មែរយើងមានភាពលំអៀង និងមិនបានឱ្យតម្លៃស្រ្តីស្មើបុរស ហើយមានលក្ខណៈរើសអើងចំពោះស្រ្ដីភេទ។ បុរសមួយចំនួននៅតែចាត់ទុកថា ខ្លួនគឺជាមេគ្រួសារធំមានអំណាចលើសលប់នៅក្នុងគ្រួសារ អាចធ្វើអ្វីៗបានតាមតែអំពើចិត្តរបស់ខ្លួន ដោយមិនចាំបាច់ពិភាក្សា សួរយោបល់ពីភរិយាឡើយ ជាពិសេសនៅក្នុងស្ថានភាពដែលស្រ្ដីជាភរិយានៅផ្ទះ ជាមេផ្ទះមិនចេះរកស៊ី និងគ្មានចំណូល។
លោកស្រីបន្តថា៖
“ស្ថានភាពនេះបានធ្វើឱ្យស្រ្ដីជាច្រើនទទួលរងទុក្ខផ្នែកផ្លូវចិត្ត និងបាត់បង់តម្លៃរបស់ខ្លួន។ លើសពីនេះ ស្រ្ដីខ្លះនៅតែជួបប្រទះ ការប្រើអំពើហិង្សា និងការរំលោភពីសំណាក់បុរស មួយចំនួនផង។ កន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោសែន ដើម្បីបំពេញបន្ថែមការងារផ្លូវច្បាប់ ក្នុងគោលបំណងជួយស្រ្ដី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនិង យេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។ ដូចច្នេះជារួមការអនុវត្តយុទ្ធសាស្រ្ដ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលពិតជាបានជំរុញឱ្យស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្រ្ដីមានភាពកាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

ដោយឡែកលោកស្រី លាង ធារ៉ា អគ្គនាយិកា ក្រុមហ៊ុន Theara Leang Co.,LTD បានប្រាប់ទៀតថា៖
ក្រុមហ៊ុន មានឆន្ទ:ជួយស្ត្រីកម្ពុជា ឲ្យពួកគាត់ចេះអភិវឌ្ឍន៍ខ្លួន ដឹងពីតម្លៃរបស់ខ្លួន សមត្ថភាពរបស់ខ្លួន មិនដូចពាក្យចាស់ ពោលថា "ស្ត្រីវិលចង្ក្រានមិនជុំ" ទៀតឡើយ ព្រោះពេលនេះស្ត្រីពូកែមានសមត្ថភាពគឺមានកាន់តែច្រើន គឺផ្តើមចេញពីក្រុមហ៊ុន របស់លោកស្រី ដែលតែងតែ បណ្តុះបណ្តាលផ្នត់គំនិតស្ត្រីអោយមានភាពរីកចម្រើនអោយពួកគាត់ស្គាល់ពីខ្លួនឯង ហើយនេះជាចំណែកមួយដែលក្រុមហ៊ុនបានជួយសង្គម ជួយកាត់បន្ថយបន្ទុកក្នុងសង្គម និងតែងតែចូលរួមធ្វើការងារសប្បុរសធម៌ផងដែរ ។

សូមជម្រាបផងដែរថា មហាព្រឹត្តិការណ៍ ដ៏ធំ ផ្សព្វផ្សាយប្រធានបទ "ស្ដ្រីបង្វិលចង្ក្រានមិនជុំ" រៀបចំឧបត្ថម្ភដោយ ក្រុមហ៊ុន Theara Leang Co.,LTD ក្នុងគោលបំណង ដើម្បីលើកកម្ពស់ស្ដ្រីចូលរួមអភិវឌ្ឍន៍សង្គម និងសមភាពយេនឌ័រ ដែលមានស្ដ្រីមកគ្រប់ស្ថាប័នចំនួន១៥០០នាក់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕




