ខេត្តបាត់ដំបង ៖ បុរសជាឪពុក​​ម្នាក់​បាន​​បង្ហាញ​​ពី​ចរិត​ដ៏​ឃោរឃៅ​បំផុត​​​ រហូត​​ផ្អើល​អ្នក​ភូមិ​​ ព្រោះ​​​តែ​​យក​ច្រវាក់​ដាក់​.ក កូន​ប្រុស​​​ អាយុ​១៣ឆ្នាំ រួច​អូស​យក​ទៅ​ចាក់​សោភ្ជាប់​ទៅនឹង​​បង្គោល​ភ្លើង​ក្បែរ​ចិញ្ចើម​ផ្លូវ​ សាធារណៈឱ្យ​មហា​ជន​​មើល​ ដោយ​គ្រាន់​តែ​ខឹង​ហាម​កូន​មិន​ស្តាប់​រឿង​​ទៅ​លេង​ហ្គេម ។ ​អំពើ​នេះ​ត្រូវ​​​សាក្សី​​និយាយថា  ​បាន​កើត​ឡើង​នៅ​ម៉ោង​​ប្រហែល​៤​រសៀល​​ ថ្ងៃទី​២៧ មីនា ​នៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច​​ ក្រុង​បាត់​ដំបង ។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​​ខេត្ត​លោក គឹម​​​ ពន្លក​ ដែល​បាន​ដឹកនាំកម្លាំង​​ចុះ​អន្តរាគមន៍​ក្នុង​​ករណី​នេះ​​និយាយថា ក្រោយ​ពី​មាន​ហេតុ​ការណ៍​នេះកើតឡើងភ្លាម អ្នក​ភូមិ​បាន​រាយការណ៍​ទៅ​លោក​ស្នងការ​រង​​ ជេត វណ្ណនី ទើប​លោក​បញ្ជា​ឱ្យ​កម្លាំង​​ចុះអន្តរាគមន៍​ភ្លាមៗ។ ​នៅ​ពេល​សមត្ថកិច្ច​​ចុះទៅដល់​ គេ​ឃើញ​កុមារា​នោះ​កំពុង​ជាប់​ច្រវាក់​​.ក​ដែល​ចាក់​ដោយ​សោ​សូឡិច​ រីឯ​​សោមួយ​ទៀត​ត្រូវ​ឪពុក​ចាក់​ច្រវាក់​​ភ្ជាប់​ទៅនឹង​បង្គោល​ភ្លើង​ ។ ទិដ្ឋភាព​​បែបនេះ​​មើលទៅ​​គួរឱ្យ​ខ្លោច​ផ្សា​ក្រៃលែង​​ ខណៈ​​​ដែល​​គេ​អង្គុយ​​ឱបបង្គោលភ្លើង​ជាមួយនឹង​ច្រវាក់​​វ័ណ្ឌ.ក​ ​និង​មាន​ស្នាម​របួស​ពេញផ្ទៃមុខ​ផង ។​

កុមារានេះ​​​ប្រាប់​ថា ខ្លួនគេ​​ឈ្មោះ​ សុខ ខន អាយុ​១៣​ឆ្នាំ ឪពុក​ឈ្មោះ​សុខ ធឿន អាយុ​ជាង​៤០​ឆ្នាំ និង​ម្តាយ​ឈ្មោះ​លី ។ សុខ​ ខន បាន​និយាយ​ទាំងទឹក​ភ្នែក​ថា ឪពុក​ខ្លួន​​ខឹង​ដោយ​សារ​ខ្លួន​ទៅ​លេង​ហ្គេម​នៅ​ម្តុំ​ផ្សារ​ថ្មី​(​ផ្សារ​ ១៣​មករា)។​​ពេល​កំពុង​លេង​បាន​ប្រហែល​ជិត​កន្លះ​ម៉ោង​ឪពុក​​ខ្លួន​បាន​ទៅ​ តាម​រួច​នាំ​មក​ដល់​ផ្ទះ​ក៏​​វាយ​ធ្វើ​ទារុណ​កម្ម​មក​លើ​ខ្លួន​គ្មាន​ត្រា​ ប្រណី​ ។ បន្ទាប់​មក​គាត់​បានយក​ច្រវាក់​មក​ទាក់​.ក​ចាក់​សោ​សូឡិច​យ៉ាង​តឹង​ រួ​ច​អូស​ខ្លួន​ទៅ​ចាក់​សោ​មួយ​​ទៀត​ភ្ជាប់​នឹង​បង្គោល​ភ្លើង​ក្បែរ​ផ្លូវ​ កណ្តាល​វាល​ឱ្យ​អ្នក​ភូមិ​មើល​ ហើយ​គាត់​ជិះ​ម៉ូតូ​គេ​ច​បាត់​ លុះ​មួយ​ន្ទុះ​ទើប​មាន​ប៉ូលិស​ចុះ​ទៅ​ជួយ​សង្គ្រោះ​ ។

សាក្សី​ដែល​ឃើញ​​ព្រឹត្តិ​ការណ៍​នេះ ​បាន​រិះ​គន់​ថា បុរស​ជា​ឪពុក​ហាក់​ដូច​ជា​ប្រើ​ចរិត​ឃោរ​ឃៅ​​ពេក​ហើយ គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​សោះបែរ​ជា​ធ្វើ​ទារុណ​កម្ម​កូន​ខ្លួន​ឯង​ធ្ងន់​ធ្ងរ ​ដល់​ម្លុឹង​ ។ សាក្សី​បញ្ជាក់​ទៀត​ថា មិន​តែ​ប៉ុណ្ណោះ​បុរស​ជា​ឪ​ពុក​​បាន​វាយ​កូន​បណ្តើរ​ ហើយ​អូស​យក​មក​ចាក់​សោ​ភ្ជាប់​នឹង​បង្គោល​ភ្លើង ​ដែល​មើល​ទៅ​គួរ​ឱ្យ​ខ្លោច​ផ្សា​ ហើយ​ក៏​មិន​គួរ​ឱ្យ​កើត​មាន​ដល់​កុមារ​​ដទៃទៀត​ដែរ ។​

លោក ​ជេត​ វណ្ណនី​ ស្នងការរ​ងនគរ​បាល​ខេត្ត​​​មាន​ប្រសាសន៍​ថា ក្រោយ​ពី​លោក​ទទួល​​ដំណឹង​នេះ​ភ្លាម​​​​បញ្ជា​ទៅ​កម្លាំង​បង្ក្រាប​ឱ្យ​ចុះ​ ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ដែរ​ ហើយ​បាន​សង្គ្រោះ​កុមារា​នោះ​ចេញ​ពី​ច្រវាក់​ ប៉ុន្តែ​ឪពុក​ក្មេង​នេះ​បាន​គេច​ខ្លួន​​បាន​ទៅ​ហើយ​មុន​ពេល​សមត្ថ​កិច្ច​ចុះ ​ទៅ​ដល់​ ។ លោក​បញ្ជាក់​ថា នេះ​ជាអំពើ​ឃោរ​ឃៅ​ណាស់​ ដែល​បុរស​ជាឪពុក​ធ្វើ​បែប​នេះ​ទៅលើ​កូន​ ។ លោក​ស្នង​ការ​រង​​បន្ថែម​ថា ក្នុង​ករណី​នេះ​ នឹងអាច​ត្រូវ​ចាត់​វិធាន​ការ​តាម​ ​ផ្លូវ​​ច្បាប់​ បើទោះ​ជា​ជន​បង្ក​ និង​ជន​រង​គ្រោះ ជាឪពុក ​និងកូន​ក្តី  ព្រោះ​ជាទង្វើ​ព្រៃ​ផ្សៃ​បំ​ផុត​ដែល​មិន​គួរ​ឱ្យ​កើត​មាន​ឡើយ​ ។

តាម​ព័ត៌​មានមិន​​ផ្លូវ​ការ​​ឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ជាអ្នករត់​ម៉ូតូឌុប​ ឯប្រពន្ធ​មិនដឹង​ថា រក​ស៊ី​អ្វី​នោះ​ទេ​ ព្រោះ​ពេល​កើត​ហេតុ​បែបនេះ​ផ្ទះ​បិទទ្វារ ។ ក្មេង​ប្រុស​នេះ​មាន​បង​ប្អូន​៣​នាក់​ និង​ជាកូនទី២​ ។ គ្រួសារ​នេះ​ត្រូវបាន​ប៉ូលិស​មូល​ដ្ឋាន​ប្រាប់​ថា ជាអ្នកចំណាកស្រុក​មិន​រស់​នៅ​ក្នុង​​មូល​ដ្ឋាន​នេះ​​ជាអចិន្ត្រៃ​យ៍​ទេ ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]