ត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី! តើចំណុចអ្វីខ្លះ ដែលយើងគួរតែផ្លាស់ប្ដូរកែប្រែ នៅក្នុងឆ្នាំថ្មីនេះ

//s5.kh1.co/b7/b72eb86630780a4540c27f19735fde9a944d5354.jpg
ប្រលោមលោក & អប់រំ

 ២៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ពីមួយឆ្នាំទៅមួយឆ្នាំ យើងមិនអាចនៅតែរក្សាភាពចាស់គំរិលរបស់ខ្លួនឯងរហូតបានឡើយ យ៉ាងណាក៏ដោយ យើងត្រូវមានភាពផ្លាស់ប្ដូរប្លែកៗថ្មីៗសម្រាប់ខ្លួនឯង។ ចំណុចខាងក្រោមនេះ ជាអ្វីដែលយើងគប្បីធ្វើការកែប្រែនៅក្នុងឆ្នាំថ្មី ២០២០ខាងមុខនេះ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្មារតី ចិត្ត គំនិត
មនុស្សយើងត្រូវមានការអភិវឌ្ឍខ្លួនឯង មិនថាស្មារតី ឬចិត្តគំនិត គឺត្រូវតែមានការច្នៃប្រឌិត និងរៀនសូត្រឱ្យបានច្រើនជាងមុន ដូចពាក្យគេថា បើចង់ផ្លាស់ប្ដូរជីវិត ត្រូវកែប្រែចិត្តគំនិតខ្លួនឯងជាមុនសិន។ ចំណែកផ្នែកស្មារតីវិញ ត្រូវរឹងប៉ឹង នឹងនរ មានជំហនឹងធឹងឱ្យបានច្រើនជាងមុន ព្រោះអាយុមួយឆ្នាំបានកើនឡើងទៀតហើយ មិនអាចនៅទន់ជ្រាយទន់ខ្សោយដូចមុនបានឡើយ។

រូបតំណាង
រូបតំណាង

២. ទម្លាប់
មួយឆ្នាំដែលកន្លងទៅនេះ យើងប្រាកដជាដឹងហើយថា យើងមានទម្លាប់មិនល្អ ឬក៏ទម្លាប់ផ្ដេសផ្ដាសអ្វីខ្លះ ដូច្នេះមានទម្លាប់ជាច្រើនដែលយើងគួរធ្វើការផ្លាស់ប្ដូរ និងមួយចំនួនត្រូវលុបបំបាត់ចោល ព្រោះថាបើយើងមិនព្រមលះបង់វាចោលទេ យើងក៏នឹងមិនអាចកែប្រែអ្វីបានដូចគ្នាដែរ។ បញ្ឈប់ទម្លាប់នៃការចំណាយពេលជាមួយនឹងរឿងឥតប្រយោជន៍ទៀតទៅ ឈប់យកពេលទៅខូចចិត្តពិបាកចិត្តដោយសារអ្នកដទៃទៀតទៅ ជាពិសេសឈប់ទម្លាប់ធ្វើឲ្យខ្លួនឯងទន់ទោរ បាក់ទឹកចិត្ត ព្រោះសម្ដី និងការគិតរបស់អ្នកណាទៀត។

៣. ទំនាក់ទំនង
ទំនាក់ទំនងខ្លះយើងពិតជាបង្ហិនពេលដើម្បីថែរក្សាពេកហើយ ដូចដែលយើងព្យាយាមរឹតចងចំណងមិត្តមួយចំនួនដែលមិនសមនឹងរាប់រក ទំនាក់ទំនងមួយចំនួនដែលយើងព្យាយាមថែរក្សា ទាំងដែលគេមិនត្រូវការសោះ និងការលះបង់ពេលវេលា ដើម្បីផ្គាប់តម្រូវចិត្តនរណាម្នាក់ ព្រោះភាពខ្លាចបាត់បង់គេទាំងដែលគេមិនបានគិតដូចយើង។ ឆ្នាំថ្មីហើយឈប់តាមផ្គាប់ចិត្តអ្នកណាទៀត គួរមានពេលវេលាដើម្បីខ្លួនឯង ធ្វើខ្លួនឯងឱ្យតែល្អទៅ មិនខ្វះទេមនុស្សដែលចង់ចូលមកក្នុងជីវិតយើង។ មិត្តភក្តិ ឬទំនាក់ទំនងខ្លះ គួរក្រវាត់ចោលទៅ ព្រោះបន្តក៏គ្មានប្រយោជន៍ ឬមានតម្លៃអ្វីដែរ។

រូបតំណាង
រូបតំណាង

៤. ផ្នែកហិរញ្ញវត្ថុ
ដាច់លុយចាយរាល់ខែ ដូច្នេះល្មមកែប្រែទម្លាប់មួយចំនួន ដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហើយ កុំឱ្យឆ្នាំណាក៏ដូចឆ្នាំណា ឮតែដាច់យ៉ៃ ឮតែអស់លុយចាយរាល់ខែ រាល់ឆ្នាំពេក។ អាយុកាន់តែច្រើន មិនមែនក្មេងទៀតទេ ដូច្នេះត្រូវចេះក្ដោបក្ដាប់ និងគ្រប់គ្រងលុយកាក់ដើម្បីសល់ទ្រព្យខ្លះ ទុកពេលចាស់ ឬពេលមានគ្រួសារ។ យើងត្រូវមានលុយកាក់សមល្មម ត្រូវមានឡាន មានផ្ទះជារបស់ខ្លួនឯង អីចឹងហើយទើបការចេះគ្រប់គ្រងរវាងការចាយវាយនិងចំណូលទទួលបាន ពិតជាសំខាន់ណាស់ បើយើងនៅតែចាយវាយផ្ដេសផ្ដាស ខ្វះការគិតពិចារណា នោះជីវិតយើងនៅតែដដែល ឬអាចនឹងដុនដាបជាងមុនផងក៏ថាបាន។

៥. ការរស់នៅ
ការរស់នៅពិតជាសំខាន់ណាស់ ព្រោះនៅពេលខ្លះមានទម្លាប់មួយចំនួន យើងពិតជាខ្វះការទទួលខុសត្រូវចំពោះដំណើរជីវិតខ្លួនឯងពិតមែន ដូច្នេះវាក៏ដល់ពេលហើយ ល្មមនឹងយើងកែប្រែរឿងជាច្រើនសម្រាប់ឆ្នាំថ្មី។ ផ្ដួចផ្ដើមគំនិត តាំងស្មារតី ពង្រឹងផ្លូវចិត្ត ទើបអាចកែប្រែទម្លាប់នៃការរស់នៅ ហើយត្រូវតែមានគោលដៅច្បាស់លាស់ មនុស្សជោគជ័យត្រូវតែមានវិន័យឱ្យខ្លួនឯង មិនមែនចេះតែប៉ាតណាប៉ាតណី ឆិនឆៃ ខ្វះគោលដៅក្នុងជីវិតអីចឹងទេ។

រូបតំណាង
រូបតំណាង

៦. ការជួបជុំ និងដំណើរកម្សាន្ត
អាយុកាន់តែច្រើន ការងារកាន់តែមមាញឹក ទំនួលខុសត្រូវក៏កាន់តែខ្ពស់ ដូច្នេះហើយយើងក៏ប្រហែលជាកាន់តែរវល់ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរកម្សាន្តនោះដែរ។ តែយ៉ាងណាក៏ដោយ រវល់ខ្លាំងប៉ុនណា ក៏មិនត្រូវភ្លេចគ្រួសារ និងមនុស្សជាទីស្រលាញ់ដែរ។ គ្មាននរណាម្នាក់ទំនេរដូចមនុស្សអត់ការងារធ្វើនោះទេ តែក៏គ្មានអ្វីដែលអាចឱ្យយើងរវល់ខ្លាំងរកពេលឆ្លៀតមិនបាននោះដែរ សំខាន់ឱ្យតែយើងចេះឆ្លៀតពេល បង្កើតឱកាសសម្រាប់ការជួបជុំជាមួយក្រុមគ្រួសារ និងដើរលេងជាមួយមនុស្សជាទីស្រឡាញ់។ ការជួបជុំម្ដងម្កាល និងការដើរលេង ជាកម្លាំងចិត្តនិងការចងចាំដ៏ល្អសម្រាប់យើង ដើម្បីផ្ដល់កម្លាំង និងក្ដីសង្ឃឹមឱ្យប្រឹងប្រែងបន្ថែមទៀតពេលជីវិតជួបទុក្ខ និងមានបញ្ហា ហើយវាក៏ជាការរឹតបន្តឹងនូវទំនាក់ទំនងរបស់យើងឱ្យកាន់តែមានតម្លៃ។ ដូច្នេះត្រូវចេះឆ្លៀតពេលសម្រាប់មនុស្សក្បែរខ្លួន ក៏ជាការសម្រាកពីភាពហត់នឿយ និងសម្រាប់ខ្លួនឯងផងដែរ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T