ពាក្យគេច្រើននិយាយថា " ប្រុសណាក៏ដូចប្រុសណា ចរិតដូចគ្នាទាំងអស់ " ពាក្យហ្នឹង វាក៏មិនខុសអ្វីនោះដែរ ជាពិសេសគឺ ចរិតខិលខូច លួចលាក់ហ្នឹង គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ មនុស្សប្រុសខ្លះ ដ្បិតថាខិលខូចក៏ពិតមែន តែជាក់ស្ដែង ក៏មិនចោលប្រពន្ធកូនដែរ តែមនុស្សប្រុសខ្លះទៀត ខិលខូច ចរិតអាក្រក់ លួចលាក់ក្បត់ផិតប្រពន្ធហើយ ថែមទាំងបណ្ដោយឱ្យស្រីញី មកជាន់ឈ្លី មើលងាយប្រពន្ធទៀត ចំណែកឯប្រុសខ្លះទៀត ចោលម្សៀតចំតែម្ដង ក្បត់ប្រពន្ធមិនអស់ចិត្ត នៅមករករឿង ឈ្លោះធ្វើបាប វាយទាត់ធាក់ប្រពន្ធថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សប្រុសទាំងអស់មិនមែនដូចគ្នាទេ តែមនុស្សប្រុសទាំងអស់ក៏មិនខុសគ្នាប៉ុន្មានដែរ គ្រាន់តែភាពអាក្រក់ ចរិតខិលខូចមានបែបផ្សេងៗគ្នាតែប៉ុណ្ណោះ។ មនុស្សប្រុសខ្លះ ស្រឡាញ់ប្រពន្ធកូនណាស់ដែរ តែនៅតែមិនអាចចោលចរិតខិលខូចនេះបាន នេះអាចនិយាយបានថា មកពីចរិតធម្មជាតិ ឬតណ្ហាភាពមិនស្កប់ស្កល់ ទើបពិបាកនឹងបញ្ឈប់នូវចរិតមួយហ្នឹង។

ចំណែកឯមនុស្សប្រុសខ្លះវិញ អាចមកពីផុងខ្លួន ជ្រុលជ្រួស ពិបាកនឹងបកក្រោយ ក៏រឹតតែមិនចង់ធ្វើឱ្យអ្នកក្រោយត្រូវជួបទុក្ខលំបាកជាងនេះ ទើបត្រូវទ្រាំបន្តលួចលាក់ ឬអាចនិយាយបានថា វាមកពីការជំពាក់កម្មក្នុងរឿងស្នេហា ក្នុងរឿងជីវិតគូ ដែលតម្រូវឱ្យជួបរឿងបែបហ្នឹង។ តែជាក់ស្ដែង មិនអាចបន្ទោសលើកម្ម ឬព្រហ្មលិខិតបានទេ ព្រោះរឿងខ្លះ វាកើតដោយសារតែទង្វើមនុស្សជាអ្នកបង្កើតឡើង មនុស្សជាអ្នកចាប់ផ្ដើមបង្កើតកម្មដោយខ្លួនឯង។ សរុបមក រឿងស្រីស្រាល្បែង វាជាចំណុចដែលនាំមកនូវភាពវិនាសអន្តរាយ ជារឿងដែលនាំឱ្យគ្រួសារបែកបាក់ ដូច្នេះ បើអ្នកស្រឡាញ់គ្រួសារ ត្រូវការប្រពន្ធកូន សូមបញ្ឈប់នូវចរិតខិលខូច ចោលម្សៀត លួចលាក់ស្រីញីនេះចោលទៅ។
" គ្មានសេចក្ដីសុខ ការសប្បាយណា កក់ក្ដៅ និងថ្លៃថ្នូរជាងការដែលមានគ្រួសារដ៏ល្អ ជួបជុំប្ដីប្រពន្ធកូននោះឡើយ "៕

ខ្មែរឡូតសូមរក្សាសិទ្ធិ