កុំដាក់មនោសញ្ចេតនាលើនរណាម្នាក់ខ្លាំងពេក ព្រោះមនុស្សខ្លះ គ្រាន់តែចៃដន្យដើរកាត់ជីវិតយើងមួយពេលតែប៉ុណ្ណោះ

//s5.kh1.co/e4/e450d8d0af1cde212a8f3fbc81347b49bb9a57b7.jpg
ប្រលោមលោក & អប់រំ

 ០៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ជាធម្មតារាល់ការរាប់អាន ឬទំនាក់ទំនងណាមួយ​ រមែងទាមទារចង់បានភាពស្មោះត្រង់ និងមនោសញ្ចេតនាមួយដ៏ស៊ីជម្រៅ ព្រោះបើមិនមានមនោសញ្ចេតនា ឬអារម្មណ៍ចំពោះគ្នារាក់កំផែលពេក ក៏មិនអាចបន្តទំនាក់ទំនងឱ្យស្អិតរមួត ឬជិតស្និទ្ធបានដែរ។ ប៉ុន្តែ សម្រាប់ទំនាក់ទំនងខ្លះ ឬការរាប់អានខ្លះ សូមកុំដាក់មនោសញ្ចេតនា ឬការស្រឡាញ់លើគេងប់ងល់រហូតដល់ភ្លេចខ្លួនឯង ឬធ្វើបាបខ្លួនឯងខ្លាំងពេក ព្រោះមនុស្សខ្លះគ្រាន់តែចៃដន្យឆ្លងកាត់ជីវិតយើងតែមួយពេលខ្លីតែប៉ុណ្ណោះ មិនមែនគេចូលមកដើម្បីច្បាស់លាស់ជាមួយយើងរហូតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាពិសេសចំពោះស្នេហា មិនមែនរាល់ការស្រឡាញ់ ភាពស្មោះត្រង់ និងការលះបង់ដែលយើងបានផ្ដល់ឱ្យគេទាំងអស់នោះ សុទ្ធតែអាចទទួលបានពីគេត្រឡប់មកវិញឡើយ ពេលខ្លះការលះបង់របស់យើង សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឱ្យគេ វាគ្រាន់ជាការផ្ដល់ឱ្យតែម្ខាងប៉ុណ្ណោះ ចំណែកគេវិញគ្រាន់តែដើរចូលមកក្នុងជីវិតយើងដោយចៃដន្យ ឬគ្រាន់តែចង់ចូលមកក្នុងជីវិតយើងដើម្បីកំដរអារម្មណ៍មួយពេលរបស់គេ មិនមែនគេចង់ច្បាស់លាស់ ឬប្រាកដប្រជាជាមួយយើងឡើយ។ អីចឹងហើយត្រូវឱ្យតម្លៃដល់ខ្លួនឯងផង ចូររក្សាចិត្ត និងទុកក្ដីស្រឡាញ់ឱ្យខ្លួនឯងឱ្យបានច្រើន កុំឱ្យគេអស់ រហូតដល់លែងសល់សូម្បីក្ដីសង្ឃឹម និងកម្លាំងចិត្តសម្រាប់ខ្លួនឯង។

រូបតំណាង
រូបតំណាង

រៀនទទួលស្គាល់ការពិត រៀនគ្រប់គ្រងចិត្ត ចំពោះមនុស្សខ្លះបើទោះជាគេធ្វើល្អនឹងយើង យកចិត្តទុកដាក់ជាមួយយើង ឬធ្លាប់លះបង់ឱ្យយើងក៏ពិតមែន តែមិនមែនមានន័យថា គេមានចិត្តឱ្យយើង ឬស្រឡាញ់យើងនោះទេ។ អ្នកខ្លះគេឱ្យមនោសញ្ចេតនាមកយើង ត្រឹមជាមិត្តល្អ ឬបងប្អូនល្អរបស់គេប៉ុណ្ណោះ ឬអាចមកពីយើងល្អចំពោះគេ ទើបគេចង់តបស្នងយើងវិញតែប៉ុណ្ណឹង តែបើឱ្យលើសពីភាពជាមិត្ត ឬជាបងប្អូនល្អ គេក៏មិនបានគិតនោះដែរ។ ដូច្នេះហើយឱ្យចេះគ្រប់គ្រងចិត្តខ្លួនឯង​ កុំជ្រួលច្រាល ព្រោះទង្វើ ឬសម្ដីល្អរបស់គេ ក៏ដាក់ចិត្ត និងមនោសញ្ចេតនាទៅគេអស់ ពេលនោះ អ្នកប្រាកដជាត្រូវឈឺចាប់ និងអស់សង្ឃឹមកាន់តែខ្លាំងមិនខានឡើយ។ ឱ្យដឹង និងទន្ទេញឱ្យចាំថា មនុស្សខ្លះ គេគ្រាន់តែចៃដន្យឆ្លងកាត់ជីវិតយើងមួយពេលខ្លី ឬអាចនិយាយបានថា គេគ្រាន់តែចូលមកបង្កើតការចងចាំ អនុស្សា និងមេរៀនមួយចំនួនឱ្យយើងតែប៉ុណ្ណឹងឯង មិនមែនមានចិត្តឱ្យយើងនោះឡើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T