អេស្ប៉ាញ៖ តាមរយៈគេហទំព័រផ្លូវការរបស់ក្លិប Barcelona ដែលបានចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធវ័យ១៧ឆ្នាំ កីឡាករ Ansu Fati បានយល់ព្រមចុះកុងត្រាថ្មីរយៈពេល២ឆ្នាំទៀត ជាមួយនឹងក្លិប Barca ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្ដីថ្លែងការណ៍របស់ក្លិបបានបញ្ជាក់ថា ក្លិប FC Barcelona និងកីឡាករ Ansu Fati បានឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រាថ្មីរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ដោយពន្យារយៈពេល២រដូវកាលទៀត ចំណែកឯតម្លៃទិញផ្ដាច់កុងត្រានឹងឡើងពី ១០០លានអឺរ៉ូ (ឬប្រហែល១១០លានដុល្លារអាមេរិក) ទៅ១៧០លានអឺរ៉ូ (ឬប្រហែល១៨៨លានដុល្លារអាមេរិក)។
កីឡាករ Fati បាននិយាយពីអារម្មណ៍របស់ខ្លួនជុំវិញការបន្តកុងត្រាថ្មីជាមួយក្លិបថា៖

"សម្រាប់ខ្ញុំ La Masia (សាលាបណ្ដុះបណ្ដាលយុវជនរបស់ក្លិប Barcelona) ជាសាលាល្អជាងគេបំផុតលើពិភពលោក។ ពួកគេបានជួយខ្ញុំចាប់ពីថ្ងៃដំបូងដែលខ្ញុំបានមកដល់ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នាដែលធ្វើការនៅទីនោះ។ ខ្ញុំបានរៀនសូត្រពីមនុស្សគ្រប់គ្នាទីនោះ តាំងពីថ្ងៃដំបូងមក។ ហើយពួកគេក៏តែងតែនៅទីនោះដើម្បីគាំទ្រខ្ញុំក្នុងគ្រាលំបាក។"
កីឡាករ Fati បានបន្តទៀតថា៖
"ការធ្វើការរាល់ថ្ងៃដោយអស់ពីសមត្ថភាពគឺជាក្តីសុបិន្តហើយវាក៏ជារង្វាន់សម្រាប់ខ្ញុំផងដែរ។ ចាប់ពីពេលនេះតទៅអ្វីដែលខ្ញុំត្រូវធ្វើគឺនៅតែបន្តធ្វើការតទៅមុខទៀត បើទោះបីជាត្រូវជួបរឿងលំបាកជាងនេះក៏ដោយ។"

គួររម្លឹកផងដែរថា Ansu Fati បានតម្លើងឲ្យមកលេងក្នុងឈុតធំរបស់ Barca ក្នុងរដូវកាលនេះ ដោយគិតរាល់កម្មវិធីទាំងអស់ រូបគេបង្ហាញខ្លួនបានចំនួន១១ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១ដង ៕
ប្រភព៖ bleacherreport