(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានតាមចាប់ខ្លួនជនសង្ស័យចំនួន ៧នាក់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូដេញតាមធាក់វាយបុរសម្នាក់ប្លន់យកម៉ូតូ ១គ្រឿង បានសម្រេចរួចយកទៅ លក់ទាំងយប់ ហើយយកលុយទៅចូលលេងក្លឹបកំសាន្តឌីស្កូ ប៉ុន្តែ៤ថ្ងៃក្រោយមក កំពុងតែសប្បាយភ្លេចខ្លួន ក៏នគរបាលចូលទៅដល់ក្របួចជាប់ទាំងសំបុកជាបន្តបន្ទាប់តែម្ដង។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១៖៤៥នាទីយប់ ពាក់កណ្ដាលអាធ្រាត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំងនោះរួមមាន៖

*ទី១៖ ឈ្មោះ ណន វ៉ាន់ហេង អាយុ២២ឆ្នាំ មានទីលឫំនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ

*ទី២៖ ឈ្មោះ ផា ចំណាន ហៅណាន់ អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

*ទី៣៖ ឈ្មោះ ឈុំ ចន្នី អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

*ទី៤៖ ឈ្មោះ ណេត លីហ្សា អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

*ទី៥៖ ឈ្មោះ ឌី សុភ័ក្រ្ត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ

*ទី៦៖ ឈ្មោះ ប៉ែន សុចិន អាយុ១៧ឆ្នាំ

*ទី៧៖ ឈ្មោះ ប៉ែន សុកែវ អាយុ១៩ឆ្នាំ អ្នកទាំង២ស្នាក់នៅ ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំ៧នាក់នេះ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-3035 ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ទិះ វិទូ អាយុ៣០ឆ្នាំ មុខរបរចុងភៅណាហ្គាវើលមានទីលំនៅក្នុងភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងបានជិះម៉ូតូចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ៥គ្រឿង ដេញតាមពីក្រោយរួចធាក់បណ្ដាលឲ្យជនរងគ្រោះដួល ហើយក្រុមជនសង្ស័យលើកយកម៉ូតូជិះគេចខ្លួនបាត់អស់។

លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ហើយនគរបាលបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១២៖២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ទើបឈានដល់ការចាប់ខ្លួនបាន៥នាក់ ខណៈដែលជនទាំងនេះកំពុងសប្បាយនៅក្នុងក្លឹបរីលេក្ស ដែលស្ថិតនៅតាមផ្លូវលេខ២០១១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់មក បាននាំទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌ លុះដល់វាលេម៉ោង១១៖៣០នាទីព្រឹកថ្ងៃដដែល បន្តទៅចាប់ខ្លួនបាន២នាក់ទៀត នៅក្នុងភូមិប៉ប្រកខាងជើងសង្កាត់កាកាប១ ពេលនេះនគរបាលកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ហើយ។

លោក យឹម សារ៉ាន់ បានអំពាវនាវយ៉ាងដូច្នេះថា ម្ចាស់ហាងបញ្ចាំទាំងអស់ដូចជាមិនទំនងសេះ ចេះតែទទួលបញ្ចាំទាំងយប់ ដែលកន្លែងមួយចំនួននៅទួលបញ្ចាំដោយខុសច្បាប់ ដោយមិនមានឯកសារគ្រប់គ្រាន់នត្រឹមត្រូវ ជាហេតុដែលធ្វើឲ្យកើតមានឡើងមានបទល្មើសច្រើន ចោរលួចចោរប្លន់ កើតឡើងច្រើន យើងបង្ក្រាបបានទាំងលំបាន កម្លាំងសមត្ថកិច្ចបង្ក្រាប យ៉ាងណាក៏មិនអស់ដែរ។ ដូច្នេះខ្ញុំសុំទទូចអំពាវនាវដល់ម្ចាស់ហាងបញ្ចាំទាំងអស់ សូមមេត្តាបញ្ឈប់ទទួលទិញរឺបញ្ចាំ ម៉ូតូ រថយន្ត នៅពេលយប់ដែលមិនមានឯកសារត្រឹមត្រូវ ច្បាស់លាស់ដើម្បីចូលរួចចំណែកកាត់បន្ថយនូវបទលើ្មសផ្សេងៗដូចបទល្មើសលួច និងប្លន់ជាដើម៕

ប្រភព : Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]