ឥណ្ឌា៖ ក្រុមគ្រូពេទ្យបានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយធ្វើការពិនិត្យ និងរកឃើញថា មានគ្រឿងដែកជាច្រើននៅក្នុងក្រពះរបស់បុរសវ័យ ៣០ឆ្នាំ ជនជាតិឥណ្ឌាម្នាក់ ដែលកើតរោគចម្លែកញៀនហូបរបស់អស់ទាំងនេះ នាពេលកន្លងមក។

បុរសរងគ្រោះ លោក Yogesh Thakur

បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា លោក Yogesh Thakur មានអាយុ៣០ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៤ កក្កដា កន្លងទៅនេះ ក្រោយត្អូញត្អែរថាមានអាការឈឺចុកចាប់ក្នុងពោះ ដែលមិនអាចទ្រាំទ្របាន។

នៅពេលទៅដល់មន្ទីរពេទ្យ ម្តាយរបស់បុរសរងគ្រោះ ឈ្មោះ Kusma Thakur បានប្រាប់គ្រូពេទ្យថា កូនប្រុសរបស់គាត់តែងតែមានអាការចម្លែក ចាប់យករបស់របរផ្ដេសផ្តាសយកមកហូប និងបានសុំឲ្យគ្រូពេទ្យជួយថតពិនិត្យមើល (តាមរយៈកាំរស្មីអ៊ិច X-ray) ។

អ្វីដែលមិននឹកស្មានដល់នោះ ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថា ក្នុងពោះ (ឬក្នុងក្រពះពោះវៀន) របស់បុរសរងគ្រោះ លោក Thakur គឺមានសុទ្ធសឹងតែជាគ្រឿងដែករួមមាន ដែកគោល កូនកាំបិត ទួរណឺវិស ផ្លែឡាម រួមនឹងវត្ថុប្លាស្ទិចជាច្រើនផ្សេងទៀត។

ក្រោយមកក្រុមគ្រូពេទ្យ ក៏បានធ្វើការវះកាត់ និងយករបស់អស់ទាំងនោះ ចេញពីក្រពះអ្នកជំងឺ លោក Thakur ដោយចំណាយពេលអស់ជាច្រើនម៉ោង និងដោយជោគជ័យ ដែលសរុបគ្រឿងដែកទាំងអស់នោះមានចំនួន៣៣។

គ្រឿងដែកដែលត្រូវបានវះកាត់យកចេញ

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោក Thakur បានសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាព MPN Khare Surgical and Maternity Nursing Home ក្នុងទីក្រុង Chhatarpur ដែលមានចម្ងាយប្រមាណ ៦០០គីឡូម៉ែត្រ ពីរដ្ឋធានី New Delhi ។

ក្រុមគ្រូពេទ្យបាននិយាយថា លោក Thakur ទំនងជាកើតនូវជំងឺដ៏កម្រម្យ៉ាង ដែលភាសាបច្ចេកទេសហៅថា «Acuphagia» ដែលជំងឺដ៏កម្រនេះ ធ្វើឲ្យអ្នកជំងឺមានចំណង់ចង់ទទួលទានរបបអាហារផ្តេសផ្តាសខុសពីប្រក្រតីរួមមាន គ្រឿងដែក ឬរបស់ស្រួចៗ ដុំដី ដុំថ្ម ដីខ្សាច់ ជ័រប្លាស្ទិច ឬកែវកញ្ចក់ជាដើម។ ប្រភេទជំងឺនេះ មិនខុសគ្នាប៉ុន្មានទៅនឹងជំងឺ «Pica» នោះទេ។

បន្ថែមលើនេះ ក្រុមគ្រូពេទ្យក៏បានលើកឡើងទៀតដែរថា លោក Thakur ក៏ទទួលរងនូវជំងឺផ្លូវចិត្តផងដែរ ដែលធ្វើឲ្យខួរក្បាលរបស់លោកហាក់ដំណើរការមិនប្រក្រតី និងគិតធ្វើរឿងផ្តេសផ្តាសអស់ទាំងនេះ។

គ្រូពេទ្យធ្វើការវះកាត់យកគ្រឿងដែកចេញ

គួរឲ្យដឹងផងដែរថា នេះមិនមែនជាករណីទី១ ដែលទើបតែនឹងកើតមានឡើងនោះទេ។ ព្រោះជាក់ស្ដែងកន្លងមក ក៏ធ្លាប់មានអ្នកជំងឺផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន ដែលកើតមានអាការហាក់ចម្លែកបែបនេះ ញៀនហូបគ្រឿងដែក (ដែកគោលជាដើម) ឬរបស់របរផ្សេងៗ រហូតទទួលរងនូវការឈឺចាប់ធ្ងន់ធ្ងរ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពថតដោយកាំរស្មីអ៊ិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]