អាមេរិក៖ លោក Keanu Reeves មានឈ្មោះពេញថា Keanu Charles Reeves កើតនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៦៤។ លោកគឺជាតារាសម្តែងដ៏ល្បីម្នាក់លើលោក។ មនុស្សម្នាច្រើនស្គាល់លោកតាមរយៈរឿង Speed (១៩៩៤) រឿង The Matrix និងរឿង John Wick ជាដើម។ លោកមានទឹកប្រាក់សរុបប្រមាណ ៣៦០លានដុល្លារ។ បើនិយាយពីអាជីពការងារ លោកគឺជាមនុស្សម្នាក់ដែលទទួលបានភាពជោគជ័យជាដុំកំភួន ប៉ុន្តែបើនិយាយពីជីវិតពិតវិញ លោកគឺជាមនុស្សម្នាក់ ដែលជួបប្រទះរឿងកំសត់និងអភ័ព្វច្រើន។

លោក Keanu Reeves

ជាក់ស្តែង កាលពីលោក Keanu មានអាយុ៣ឆ្នាំ ឪពុកញឿនថ្នាំរបស់លោកបានបោះបង់ក្រុមគ្រួសារលោកចោល។ ដូច្នេះម្តាយរបស់លោកបានផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង រហូតដល់ចុងក្រោយសសម្រេចចិត្តរស់នៅក្នុងទីក្រុងតូរ៉ុនតូ។

តាំងពីក្មេងមក លោក Keanu បានតាំងចិត្តថានឹងមើលថែរក្សាប្អូនស្រីរបស់លោកឈ្មោះ Kim ឱ្យបានល្អ ហើយពួកគេទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់។

«កាលពីក្មេង យើងគ្មានអ្នកណាម្នាក់មកលេងជាមួយយើងនោះទេ... ប៉ុន្តែយើងតែងតែប្រលែងគ្នាលេង និងជួយគ្នាជានិច្ច។» (សម្តី Keanu)

លោក Keanu Reeves និង Kim

Kim ឃើញសមត្ថកិច្ចបងប្រុសពូកែសម្តែង។ ដូច្នេះនាងក៏បានជំរុញ និងលើកទឹកចិត្តឱ្យបងប្រុសចាប់យកអាជីពជាតារាសម្តែង។

កាលគ្រានោះ លោកធ្វើការជាបុគ្គលិកនៅកន្លែងជិះស្គីទឹកកកមួយកន្លែង និងដើរតួសម្តែងជាតួកំប៉ិកកំប៉ុកមួយនៅពេលទំនេរ។

សំណាងល្អ នៅថ្ងៃមួយខាងហូលីវូដបានមកទីក្រុងតូរ៉ុនតូដើម្បីថតរឿងពាក់ព័ន្ធទៅនឹងកីឡាជិះស្គីវាយកូនគោលលើទឹកកក (ice hockey)។ ដូច្នេះ លោកក៏សុំខាងហូលីវូដសម្តែង ហើយខាងហូលីវូដក៏ព្រមទទួលរូបលោក ព្រោះតែលោកមានភាពប៉ិនប្រសព្វក្នុងការលេងកីឡា ice hockey ស្រាប់។

ក្រោយមក ជាអកុសលមិត្តល្អរបស់លោកឈ្មោះ River Phoenix បានស្លាប់យ៉ាងអាណោចអាធ័ម។ ពេលនោះលោក Keanu បាក់ស្បាតជាខ្លាំង។

ក្នុងនោះដែរ តារាសម្តែង Sandra Bullock ដែលជាដៃគូរបស់លោក Keanu ធ្លាប់បាននិយាយថា៖

«ខ្ញុំគិតថា Keanu ឆ្លងកាត់រឿងអាក្រក់ជាច្រើន។ ដូច្នេះគេព្យាយាមលាក់ភាពឈឺចាប់នៅក្នុងចិត្តរបស់គេ។»

លោក Keanu Reeves កាលពីក្មេង

ព្រោះតែ Keanu ជួបរឿងសោកសៅច្រើន ដូច្នេះធ្វើឱ្យលោកពិបាកនឹងសម្រេចក្តីស្រមៃរបស់លោក ប៉ុន្តែប្អូនស្រីរបស់លោកតែងតែជំរុញទឹកចិត្តលោកកុំឱ្យបោះបង់ចោលក្តីស្រមៃរបស់ខ្លួន។

បន្ថែមពីនេះទៀត អ្នកនាង Kim តែងតែនៅក្បែរខ្លួនបងប្រុស និងតែងតែលើកទឹកចិត្តបងប្រុសជានិច្ច។

ក្រោយមក ព្រោះតែការតស៊ូព្យាយាម នៅទីបំផុតលោកមានឱកាសថតរឿងមួយឈ្មោះ The Matrix ។ រឿងនេះពិតជាល្បីខ្លាំងមែនទែន ហើយចាប់តាំងពីពេលនោះមកមនុស្សម្នាទូទាំងពិភពលោកចាប់ផ្តើមស្គាល់លោក Keanu Reeves ជាហូរហែមករហូតដល់សព្វថ្ងៃនេះ។

បន្ទាប់មក លោក Keanu Reeves ក៏បានមានស្នេហាជាមួយនឹងមិត្តស្រីរបស់លោកឈ្មោះ Jennifer ហើយមិនយូរប៉ុន្មាននាងក៏មានផ្ទៃពោះ។

លោក Keanu Reeves និង Jennifer

ប៉ុន្តែរឿងសោកសៅក៏បានកើតឡើងម្តងទៀត នៅថ្ងៃបុណ្យណូអែល កូនរបស់ពួកគេក៏បានស្លាប់នៅក្នុងពោះ។

ក្រោយពីកូនបានស្លាប់ហើយ ការឈឺចាប់របស់ពួកគេពិតជាខ្លាំងមែនទែន។ នៅទីបំផុតលោក Keanu និងអ្នកនាង Jennifer ក៏បានចែកផ្លូវគ្នា។

១៨ខែមក អ្នកនាង Jennifer ក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ស្របពេលដែលប្អូនស្រី Kim កើតជំងឺមហារីកឈាមទៀត ធ្វើឱ្យលោក Keanu ពិតជាអស់សង្ឃឹមនិងបាក់ទឹកចិត្តជាខ្លាំង។

យ៉ាងណាមិញ នៅពេលលោក Keanu ដឹងថាប្អូនស្រីកើតជំងឺមហារីក គឺនៅពេលលោកកំពុងតែថតរឿង The Matrix ភាគ២នៅក្នុងប្រទេសអូស្រ្តាលី។ ពេលឮដំណឹងនេះភ្លាម លោកក៏ផ្អាកការថតរឿងនេះសិន រួចក៏ហោះពីប្រទេសអូស្រ្តាលីទៅទីក្រុង L.A. យកតែម្តងដើម្បីទៅមើលប្អូនស្រី។

លោក Keanu Reeves
លោក Keanu Reeves

លោក Keanu ធ្លាប់បាននិយាយថា បើទោះបីជាការថតរឿងសំខាន់ពិតមែន ប៉ុន្តែក្រុមគ្រួសាររបស់លោកគឺមានសារៈសំខាន់ជាងការថតរឿងទៅទៀត។

ក្រោយមក លោកក៏បានលក់ផ្ទះរបស់លោកចោល រួចក៏រើទៅនៅជាមួយប្អូនស្រីរបស់លោកដើម្បីថែរក្សានាង។

លោកចម្អិនអាហារឱ្យប្អូនស្រី និងរៀបចំថ្នាំឱ្យនាងរាល់ថ្ងៃ។ នៅពេលនាងមានការឈឺចាប់ខ្លាំង លោកអង្គុយក្បែរនាង និងចាប់ដៃនាងជាប់រហូត។

អ្នកនាង Kim បាននិយាយថា៖

«បងប្រុសខ្ញុំគឺជាព្រះអង្គម្ចាស់របស់ខ្ញុំ។ គាត់ស្តាប់ពាក្យសម្តីរបស់ខ្ញុំគ្រប់ពាក្យ។»

លោក Keanu Reeves និង Kim

ដោយឡែក ក្រោយពីទទួលបានភាពជោគជ័យនៅក្នុងរឿង The Matrix រួច លោក Keanu បានជះលុយជាង ៧៥លានដុល្លារឱ្យទៅក្រុមការងាររបស់លោកបន្ថែមទៀត។ លើសពីនេះទៅទៀត លោកតែងតែនិយាយជាមួយពួកគេ ប្រៀបដូចជាមិត្តភក្តិអីចឹង ដោយមិនបានចាត់ទុកពួកគេថាមានឋានៈទាបជាងខ្លួននោះទេ។

លើសពីនេះទៅទៀត លោក Keanu ក៏បានបង្កើតមូលនិធិមួយសម្រាប់ការផ្តត់ផ្គង់ប្រាក់ទៅដល់ការស្រាវជ្រាវជំងឺមហារីកផងដែរ។

បច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់អ្នកនាង Kim មានភាពល្អប្រសើរជាងមុនហើយ ហើយពួកគេក៏បន្តរស់នៅជាមួយគ្នាជាហូរហែមកផងដែរ។

រឿងរ៉ាងរបស់លោក Keanu បានបង្រៀនឱ្យយើងឃើញថា គ្រួសារគឺជារឿងដ៏សំខាន់បំផុតសម្រាប់យើង មិនថារវល់នឹងការងារប៉ុណ្ណានោះទេ គួរតែចំណាយពេលថែរក្សាក្រុមគ្រួសាររបស់យើងឱ្យបានល្អ៕

លោក Keanu Reeves និង Kim

ប្រភព៖ Wikipedia

ប្រភព៖ The Cheat Sheet

ប្រភព៖ Distractify

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]