​ខេត្តសៀមរាប​ ៖​ ទីបំផុត ឪពុក​ម្តាយ​​របស់​ក្មេងស្រី​អាយុជាងឆ្នាំម្នាក់ ដែលត្រូវ​សត្វ​ក្រពើហែក​ស៊ី សល់តែ​លលាដ៍ក្បាលនោះ ​បានសម្រេច​ចិត្ត​លក់សត្វក្រពើទាំង​អស់ ។ នេះបើតាមការ​ឱ្យ​ដឹង​ពី​ឪពុក​ក្មេងស្រី​រង​គ្រោះបានប្រាប់កោះសន្តិភាព នៅថ្ងៃទី​០១ ក​ក្កដា ២០១៩ នេះ ។​ ហើយ​មូលហេតុ​ដែលគាត់​សម្រេច​លក់ សត្វ​ក្រពើនេះ​​ចោល​ទាំង​អស់ ​គឺទី​១​-​ក្រពើ​ចុះថ្លៃផង និង​ទី​២-ក្រពើ​វាបានស៊ី​កូនស្រី​ខ្លួនឯង​​ផង​ ។ 

​កោះសន្តិភាព ជួប​ជាមួយ​បុរស​​ឪពុក​ឈ្មោះ រ៉ែ​ម រដ្ឋ អាយុ​៣៥​ឆ្នាំ បានឱ្យ​ដឹង​​​ថា ​គាត់ចិញ្ចឹម​ក្រពើ​ជា​លក្ខណៈ​​គ្រួសារមានរយៈពេល​៥​ឆ្នាំ​ គិតមកទល់​​បច្ចុប្បន្ន ។ ​ហើយ​អាងដែល​សត្វក្រពើ​​បាន​​ស៊ី​កូនស្រី​​ខ្ញុំ គឺ​មាន​ចំនួន​៦០​ក្បាល(​ញី​៣០​ក្បាល និង​ឈ្មោល៣០​ក្បាល​)​ ដែល​ស្ថិត​​​នៅខាងក្រោយផ្ទះ​ជាប់​នឹង​ជញ្ជាំង​ផ្ទះបាយ ។

ដោយឡែក ស្ត្រីជា​ម្តាយ​​​ឈ្មោះ ន​ល់ សុ​លី អាយុ​៣២​ឆ្នាំ ​បានឱ្យ​ដឹងដែរ​ថា ​​ពួក​ខ្ញុំ​មានកូន​ក្នុង​បន្ទុក​៣​នាក់ ​(​ប្រុស​២ និង​ស្រី ដែល​ស្លាប់ម្នាក់​) ​រស់នៅ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។​ ​កូន​ប្រុស-ស្រី​របស់ខ្ញុំ ទាំង​៣​នាក់ ១-​ឈ្មោះ រ៉​ម រដ្ឋធានី ភេទ​ប្រុស អាយុ​៦​ឆ្នាំ​ (​​កូនច្បង​) ​​២-​ឈ្មោះ រ៉​ម រដ្ឋ​នារី ភេទ​ស្រី អាយុ​២​ឆ្នាំ​២​ខែ (​ជា​កូន​ទី​២​ដែល​ស្លាប់​ដោយសារ​ក្រពើស៊ី) និង៣-​ឈ្មោះ រ៉​ម រដ្ឋ​វិបុល ភេទ​ប្រុស អាយុ​ជាង១​ខែ​(​កូនពៅ​)​ ។

គាត់ថា​ ​មិនមានធ្វើបុណ្យ​ធំអី​ទេ ព្រោះ​នៅ​ក្នុងភូមិ​សាស្ត្រ​នេះ​​ចាស់​ៗ​មិន​ឱ្យធ្វើ​បុណ្យ​ឱ្យ​ក្មេង ដែល​មិន​ទាន់​គ្រប់​អាយុ ខ្លាច​ថ្ងៃក្រោយ​វា​កើតមក​ស្លាប់​ទៅ​វិញ ត្រូវ​ឱ្យ​ឪពុក​ម្តាយ​ធ្វើ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១​និង​ទី​២ ​កក្កដា​ ឆ្នាំ​២០១៩ ។​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ កក្កដា​និមន្ត​ព្រះសង្ឃ​មក​ផ្ទះ ដើម្បី​សង្ឃទាន​១​ព្រឹក តាម​ប្រពៃណី​ទំ​លៀម​ទំលាប់​របស់​ខ្មែរ​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]