បរទេស៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយលោកយាយអាយុ ៩៣ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដែលមិនបានប្រព្រឹត្តបទល្មើសអ្វីទាំងអស់ ប៉ុន្តែព្រោះតែនេះគឺជាបំណងប្រាថ្នាចុងក្រោយរបស់គាត់មុនពេលស្លាប់។

យោងតាមម្ចាស់គណនី Twitter ឈ្មោះ Pam Smith បានរៀបរាប់ថា៖

«សូមអរគុណទៅដល់ប៉ូលិស Greater Manchester សម្រាប់ការចាប់ខ្លួនលោកយាយរបស់ខ្ញុំ Josie Birds នៅថ្ងៃនេះ។ គាត់មានអាយុ ៩៣ឆ្នាំទៅហើយ សុខភាពរបស់គាត់ក៏ពុំសូវល្អដែរ ហើយបំណងប្រាថ្នារបស់គាត់ គឺចង់ឱ្យប៉ូលិសចាប់ខ្លួនចំពោះរឿងអ្វីមួយ មុនពេលគាត់ស្លាប់។ គាត់គឺជាមនុស្សល្អម្នាក់ដែលធ្វើអំពើល្អពេញមួយជីវិតហើយ ប៉ុន្តែគាត់ចង់បានបទពិសោធន៍ថ្មីនេះ។ សូមអរគុណដែលបានសម្រេចបំណងប្រាថ្នារបស់គាត់។»

យ៉ាងណាមិញ ប៉ូលិសនៅក្នុងតំបន់ Greater Manchester បាននិយាយថា កាលពីប៉ុន្មានថ្ងៃមុននេះ ពួកគេទទួលបានសំណើចម្លែកមួយ ពោលគឺមានស្រ្តីម្នាក់បានមករកពួកគេឱ្យចាប់លោកយាយអាយុ ៩៣ឆ្នាំរបស់គេ ព្រោះតែនេះគឺជាបំណងប្រាថ្នាចុងក្រោយរបស់គាត់ ដើម្បីទទួលបានបទពិសោធន៍ថ្មីនៅក្នុងជីវិត។ នេះបើយោងតាមប្រភពសារព័ត៌មានបរទេសមួយ។

ដូច្នេះ ប៉ូលិសក៏បានសម្រេចបំណងប្រាថ្នាលោកយាយ ដោយចាប់ខ្លួនគាត់ទៅប៉ុស្តិ៍ប៉ូលិសដើម្បីឱ្យគាត់ទទួលបានបទពិសោធន៍ថាធ្វើមនុស្សអាក្រក់ និងល្មើសច្បាប់ មានអារម្មណ៍យ៉ាងម៉េច។

យ៉ាងណាមិញ រឿងរ៉ាវនេះបានល្បីពេញអ៊ីនធើណេត ហើយបានធ្វើឱ្យមនុស្សម្នាមានការចាប់អារម្មណ៍នឹងរឿងនេះជាខ្លាំង។

គួររម្លឹកផងដែរថា នេះមិនមែនជារឿងចម្លែកលើកទីមួយដែលកើតឡើងនោះទេ។ ជាក់ស្តែង កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ក៏មានលោកយាយចំណាស់ម្នាក់ឈ្មោះ Anne Brokenbrow អាយុ ១០៤ឆ្នាំ បានសុំឱ្យប៉ូលិសចាប់ខ្លួនដូចគ្នាផងដែរ ព្រោះតែគាត់ចង់ទទួលបានបទពិសោធន៍ល្មើសច្បាប់ថាវាមានអារម្មណ៍យ៉ាងម៉េច ហើយគាត់បាននិយាយថាវាពិតជាបទពិសោធន៍ដ៏អស្ចារ្យពិតមែន៕

លោកយាយ Josie Birds ត្រូវប៉ូលិសចាប់ខ្លួន
លោកយាយ Josie Birds ត្រូវប៉ូលិសចាប់ខ្លួន
លោកយាយ Josie Birds ត្រូវប៉ូលិសចាប់ខ្លួន
សារលោក Pam Smith សរសើរលើ Twitter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]