ចិន៖ យ៉ាងហោចណាស់មនុស្សប្រមាណ ១១នាក់ និងរាប់រយនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់និងរងរបួស ក្រោយកើតមានគ្រោះរញ្ជួយដីកម្រិតខ្លាំង ៦,០រ៉ិចទ័រ បានវាយប្រហារកាលពីយប់មិញនេះ ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ខេត្តស៊ីឈួន ប្រទេសចិន។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុកបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ ជាមួយនឹងជម្រៅ ១៦គីឡូម៉ែត្រនេះ បានវាយប្រហារនៅចន្លោះម៉ោងប្រមាណជា ១០និង៥៥នាទី យប់ថ្ងៃច័ន្ទ ទី១៧ មិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ រហូតឆក់យកជីវិតមនុស្សអស់ប្រមាណ ១១នាក់ និងជនរងគ្រោះប្រមាណជា ១២២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

រញ្ជួយដីនេះបានបង្កឲ្យមានការរំញ័រយ៉ាងខ្លាំង រហូតបណ្តាលឲ្យមានការដួលរលំសណ្ឋាគារមួយ ក្នុងតំបន់ Changning ផ្ទះសំបែងប្រជាពលរដ្ឋ និងបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ជាច្រើនកន្លែងទៀផង។ ខណៈបើគិតមកដល់ព្រឹកថ្ងៃអង្ការនេះ ភ្លៀងក៏កំពុងតែបន្តធ្លាក់យ៉ាងខ្លាំងផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Xinhua ។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

ក្រសួងគ្រប់គ្រងគ្រោះអាសន្នក្នុងតំបន់ (The Ministry of Emergency Management) ក៏បានបញ្ជូនក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ (ក្រុមពន្លត់អគ្គិភ័យ) ច្រើនជាង ៣០០នាក់ ចុះទៅតាមតំបន់រងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក៏ដូចជាជួយធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ។

បន្ថែមលើនេះ ក្រសួងក៏ដូចជាអង្គការពាក់ព័ន្ធមួយចំនួន ក៏បាននាំយកតង់ជាង ៥,០០០តង់ ប៉ៅអីបត់ប្រមាណ ១០,០០០ និងភួយ(សម្លី) ប្រមាណ ២០,០០០ភួយ ដើម្បីចែកជូនដល់ពលរដ្ឋរងគ្រោះ ធ្វើការបោះទីស្នាក់អាស្រ័យបណ្តោះអាសន្នផងដែរ។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

គួរឲ្យដឹងផងដែរ ស៊ីឈួន (Sichuan) ជាខេត្តមួយ ដែលតែងទទួលរងការវាយប្រហាដោយគ្រោះធម្មជាតិរញ្ជួយដីនេះជាញឹកញាប់ ក្នុងប្រទេសចិន។ ជាក់ស្តែង កាលពីកំឡុងឆ្នាំ២០០៨ ខេត្តស៊ីឈួន ក៏ធ្លាប់កើតមានគ្រោះរញ្ជួយដី រហូតដល់ទៅកម្រិតខ្លាំង ៧,៩រ៉ិចទ័រ ដែលបានឆក់យកជីវិតមនុស្សអស់ប្រមាណ ៨៧,០០០នាក់ និងបាត់ខ្លួនអស់ជាច្រើននាក់ផងដែរ។ ហើយកាលពីកំឡុងខែកុម្ភៈ កន្លងទៅនេះ រញ្ជួយដី៣លើក ក៏ធ្លាប់បានវាយប្រហារក្នុងតំបន់ Rongxian ក្នុងខេត្តមួយនេះដូចគ្នា ដែលបានសម្លាប់មនុស្សអស់ចំនួន ២នាក់ និងរងរបួស១២នាក់ទៀតផង៕  

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពផ្សេងៗក្នុងយប់កើតហេតុ
ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ
ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ
គ្រោះរញ្ជួយដីកាលពីឆ្នាំ២០០៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]