រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចុះទៅពិនិត្យសិប្បកម្មផលិតកាំបិត និងដាវ ព្រមទាំងសាំម៉ូរ៉ៃ តូច និងធំគ្រប់ប្រភេទគ្មានស្លាកយីហោមួយកន្លែងដែលសង្ស័យគ្មានច្បាប់អនុញ្ញាត ។ ប្រតិបត្តិការនោះធ្វើឡើងកាលពីម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងសិប្បកម្មផលិតដាវគ្មានស្លាកយីហោមួយកន្លែង ស្ថិតនៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមនគរបាលបានឲ្យដឹងថា ទីតាំងនេះបានបើកដំណើរការផលិតយូរមកហើយ ប៉ុន្តែមានការស្ងាត់កំបាំងខ្លាំងណាស់ មិនត្រូវបានអាជ្ញាធរ ឬសមត្ថកិច្ចណាបានដឹងឡើយ ហើយក៏គ្មានច្បាប់អនុញ្ញាតដែរ ដែលមិនដឹងថា ក្រោយពេលផលិតបានសិប្បកម្មនេះ នាំចេញទៅលក់នៅប្រទេសណាខ្លះនោះទេ ។ ប៉ុន្តែតាមការស្រាវជ្រាវបានដឹងថា មិនត្រឹមតែនាំចេញទៅលក់ក្រៅប្រទេសប៉ុណ្ណោះទេ គឺបានលក់ឲ្យក្រុមជនស្ទាវ ក្មេងទំនើង និងជនពាលនៅក្នុងប្រទេសកម្ពុជាផងដែរ។
ប្រភពដដែលបន្តថា អ្វីដែលត្រូវបែកការណ៍ពីទីតាំងផលិតកាំបិត ដាវ និងដាវសាម៉ូរ៉ៃ រហូតដល់ចុះពិនិត្យ និងបង្ក្រាបបែបនេះ គឺក្រោយពេលកម្លាំងធ្វើការស្រាវជ្រាវ ហើយទទួលបានពីអ្នកភូមិលួចរាយការណ៍ប្រាប់ដោយសម្ងាត់។ បន្ទាប់មកកម្លាំងបានឃ្លាំមើលបន្តជាច្រើនថ្ងៃរហូតកំណត់យ៉ាងជាក់លាក់ ទើបនៅព្រឹកថ្ងៃទី១៥ មិថុនា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសម្រេចចុះទៅពិនិត្យ និងបង្ក្រាបតែម្ដង។
ប្រភពខាងលើបានបន្តថា ពេលទៅដល់ទីតាំងនោះមិនមានស្លាកយីហោឡើយ ជាសិប្បកម្មខ្នាតតូចមួយ ហើយគ្មានច្បាប់អនុញ្ញាតឡើយ ដែលតាមការស្រាវជ្រាវទីនេះក្រោយពេលផលិតបានកាំបិត ដាវ និងដាវសាមូរ៉ៃទាំងនោះភាគច្រើនត្រូវនាំចេញទៅលក់នៅក្រៅប្រទេស។ចំណែកមួយចំនួនទៀតលក់នៅក្នុងស្រុក ហើយមានក្រុមបងតូចបងធំ និងជនអន្ធពាល ក្រុមក្មេងទំនើងទិញយកទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ថែមទៀតផង។
បន្ទាប់មកកម្លាំងបានធ្វើការដកហូតយកដាវ កាំបិត និងដាវសាមូរ៉ៃទាំងនោះទៅរក្សាទុក ព្រមទាំងឃាត់ខ្លួនស្ត្រីម្នាក់ដែលជាថៅកែសិប្បកម្ម និងហៅបុរសអ្នកបម្រើការងារក្នុងសិប្បកម្មនេះ ចំនួន៤នាក់ទៀតទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕ (កែសម្រួលដោយ ៖ បុប្ផា)
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]