ជាតិគីមី​ក្នុង​បន្លែ​ផ្លែឈើ ឬ​ចំណី​អាហារ​ផ្សេងៗ​ពិត​ជា​ពិបាក​សម្គាល់​ដោយ​ភ្នែក​ទទេ​ខ្លាំង​ណាស់។ បើ​តាម​អ្នក​ឯកទេស​កសិកម្ម លោក ភុន រតនា ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​លើ​វិស័យ​នេះ អះអាង​ថា បន្លែ​ផ្លែឈើ​ដែល​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ផ្ទុក​សារធាតុ​គីមី​ដល់​ទៅ ៤ ប្រភេទ​ចម្បងៗ។

១- ប្រភេទសារធាតុគីមីលើបន្លែផ្លែឈើ

ថ្នាំកម្ចាត់សត្វល្អិត៖ ជា​ក្រុម​ដែលកសិករពេញ​និយម​ប្រើ​ជាង​គេ ថ្នាំ​កម្ចាត់​សត្វ​ល្អិត​មាន​សមាសធាតុ​ជាតិ​គីមី​ពុល​ជាង១ពាន់មុខ ដោយ​ឡែកនៅ​ស្រុក​ខ្មែរ​កសិករ​ប្រើ​ពី ៣-៤ មុខ​ប៉ុណ្ណោះ។ ការ​បាញ់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត ជួយ​ឲ្យ​បន្លែ​បាន​ផល​ច្រើន មិន​ចាំបាច់​ចំណាយ​ពេល​ថែទាំ​ដិត​ដល់។

ថ្នាំ​ព្យាបាល​ជំងឺ៖ សម្រាប់​ព្យាបាល​​ជំងឺ​ផ្សិត បាក់តេរី វីរុស​មួយ​ចំនួន ​លើពិសេស​ដំណាំ​ហូប​ផ្លែ​ដែល​មាន​ជំងឺដង្កូវ​ដួងស៊ី​នៅ​លើ​ដើម ឬ​ផ្លែ។

ថ្នាំរក្សាគុណភាព៖ បាញ់​ដើម្បី​កុំ​ឲ្យបន្លែ​បំភាយ​ចំហាយ​ទឹក។ នៅ​ក្នុង​បរិយាកាស​ធម្មតា រុក្ខជាតិ​ត្រូវ​ការ​បំភាយ​ចំហាយ​ទឹក​ដើម្បី​ខ្លួន​ត្រជាក់ ដូច្នេះ​ពេល​យើង​ប្រមូល​ផល​ហើយ បន្លែ​នឹង​ឆាប់​ស្វិត​ស្រពោន ដោយសារ​អស់​ជាតិ​ទឹក​ក្នុង​ខ្លួន ឆាប់​ស្រាល​គីឡូ។ ដូច្នេះ​ការ​ដឹក​ជញ្ជូន​ផ្លូវ​ឆ្ងាយ ពិសេស​ការ​នាំចូល​ពី​បរទេស ឈ្មួញ​ចាំបាច់​ត្រូវ​តែ​ប្រើ​ថ្នាំ​រក្សា​គុណភាព ដើម្បី​កុំ​ឲ្យ​បន្លែ​ឆាប់​ខូច ដោយ​មិន​ចាំបាច់​ប្រើ​វិធី​ទម្លាក់​សីតុណ្ហភាព (ទុក​ទូរទឹកកក)។

ថ្នាំរក្សាពណ៌៖ ថ្នាំ​ប្រភេទ​នេះ​ធ្វើ​ឲ្យ​បន្លែ​នៅ​ស ស្រស់​ល្អ មិន​​ប្រែ​ពណ៌ មិន​ខ្មៅ មើល​ទៅ​គួរ​ឲ្យ​ចង់ញ៉ាំ។ ថ្នាំ​រក្សា​ពណ៌ពេញ​និយម​ចំពោះ​បន្លែ ដូចជា​ត្រយូង​ចេក-ដើមចេក​ហាន់ គ្រឿងបុក ខ្ញីហាន់ សណ្តែក​បណ្តុះ​ជាដើម។

២- ផលប៉ះពាល់ចំពោះសុខភាព

ក្នុង​ចំណោម​ជាតិ​គីមី​ទាំង ៤ ប្រភេទ​ខាង​លើ​នេះ មាន​តែ​ថ្នាំ​រក្សា​ពណ៌​ទេ ដែល​យើង​ងាយ​មើល និង​សម្គាល់​ដោយ​ភ្នែក​ទទេ​ជាង​គេ ចំណែក​ឯ​ផល​ប៉ះពាល់​នៃ​ការ​ញ៉ាំ​បន្លែ​គីមីវិញ មាន​រយៈពេល​ខ្លី និង​វែង។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​អ្នក​ឯកទេស​កសិកម្ម លោក ភុន រតនា។

ផល​ប៉ះពាល់​ភ្លាមៗ៖ អ្នក​ញ៉ាំអាច ពុល ក្អួតចង្អោរ រាករូស ថប់ដង្ហើម សន្លប់ ឬ​ឈាន​ដល់​ស្លាប់។

ផល​ប៉ះពាល់​រយៈយូរ៖ មាន​បញ្ហា​ក្រពះ ពោះវៀន ថ្លើម ។ ល។ ពោះវៀន​មាន​បាក់​តេរី​ល្អ ថ្នាំ​គីមី​ជា​ថ្នាំ​ប្រឆាំង​ទៅ​នឹង​ពពួក​បាក់​តេរី កាលណា​យើង​ញ៉ាំ​បន្លែ​គីមី​ចូល​ទៅវានឹងទៅបំផ្លាញ បាក់តេរី​ល្អ​ បង្ក​ជា​ជំងឺ​មហារីក​ជាដើម។ ចំណែក​ឯ​ថ្លើម​វិញ​មាន​មុខងារ​បន្សាប​ជាតិពុល កាលណាថ្លើម​បន្សាប​ជាតិ​ពុល​មិនបានល្អនោះធ្វើឲ្យប៉ះពាល់ និង​អាច​ឈាន​ទៅ​ដល់​ការ​ខូចថ្លើម​ជា​ដើម។

៣- វិធីបង្ការ

ភ្នែក​ទទេ​មិន​អាច​សម្គាល់​បន្លែ​ផ្លែឈើ​ដែល​មាន​ជាតិ​គីមី​បាន​ទេ មាន​តែ​ការ​ពិសោធ​ដោយ​ម៉ាស៊ីន​ប៉ុណ្ណោះ​ទើប​ច្បាស់ ១០០%។ ដូច្នេះ​ដើម្បី​ឲ្យ​ការ​ញ៉ាំ​បន្លែ​មាន​សុវត្ថិភាព កាត់​បន្ថយ​គ្រោះថ្នាក់​ចំពោះ​សុខភាព​បាន​មួយ​ចំណែក យើងត្រូវ៖
– លាង​សម្អាត​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ស្អាត
– ត្រាំ​ទឹក​ឲ្យ​បាន​យូរ មុន​ញ៉ាំ ឬ​ចម្អិន
– មិន​ត្រូវ​ញ៉ាំ​បន្លែ​ឆៅ បើ​សង្ស័យ​ថា​មាន​គីមី
– ចម្អិន​បន្លែ​ឲ្យ​បាន​ឆ្អិន​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយHello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]