បរទេស៖ ជាទូទៅ នៅពេលយើងឃើញមនុស្សយំក្នុងអំឡុងពេលមើលកុនឬរឿងនោះ យើងតែងតែគិតថាគេជាមនុស្សទន់ខ្សោយ ឆាប់យំជាដើម។ ប៉ុន្តែអ្វីដែលអ្នកគិតនោះគឺខុសហើយ។

ជាក់ស្តែងយោងតាមការសិក្សាថ្មីមួយដែលធ្វើឡើងនៅក្នុងសាកលវិទ្យាល័យ Claremont Graduate University បានឱ្យដឹងថា អ្នកដែលយំក្នុងអំឡុងពេលមើលរឿងនោះ គឺជាមនុស្សដែលមានទឹកចិត្តរឹងមាំ មានក្តីអាណិតអាសូរ ចេះយល់ពីអ្នកដទៃ។ ពួកគេចេះពីរបៀបគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អ និងមានទឹកចិត្តរឹងមាំ ពេលប្រឈមមុខនឹងបញ្ហាប្រចាំថ្ងៃ។

ដូច្នេះ ថ្ងៃនេះយើងនឹងបកស្រាយឱ្យបានលម្អិតបន្ថែមទៀត ទាក់ទិនទៅនឹងមូលហេតុដែលអ្នកយំក្នុងអំឡុងពេលមើលរឿងនោះ គឺជាមនុស្សដែលមានទឹកចិត្តរឹងមាំដូចខាងក្រោម៖

១. ពួកគេដឹងថាវាគឺជារឿងប្រឌិត ប៉ុន្តែពួកគេមិនអាចលាក់បាំងអារម្មណ៍នៅក្នុងខ្លួនបាន

រូបតំណាង

ការសិក្សានេះបញ្ជាក់ថា បើទោះបីជាពួកគេដឹងថាខ្សែភាពយន្តដែលគេមើលនោះគឺជារឿងមិនពិត ឬប្រឌិតក៏ដោយ ក៏ពួកគេនៅតែស្រក់ទឹកភ្នែក ពេលឃើញឈុតឆាកក្តុកក្តួលផងដែរ។

២. ព្រោះតែអុកស៊ីតូស៊ីននៅក្នុងខ្លួនរបស់ពួកគេ

រូបតំណាង

អរម៉ូនអុកស៊ីតូស៊ីន (Oxytocin Hormone) ដើរតួប្រៀបដូចជាសរសៃប្រសាទនៅក្នុងខ្លួនប្រាណយើង ហើយវាទទួលខុសត្រូវចំពោះអារម្មណ៍ នៅពេលយើងឃើញឈុតឆាកកំសត់នានា។ យើងផ្សារភ្ជាប់ទៅនឹងសាច់រឿង អារម្មណ៍ តួអង្គ ប្រៀបដូចជាយើងនៅក្នុងរឿងអីចឹង។ ដោយនេះហើយគឺជាមូលហេតុដែលយើងមានអារម្មណ៍ក្តុកក្តួល នៅពេលឃើញតួអង្គជួបរឿងកំសត់ណាមួយ។

៣. ព្រោះពួកគេមិនខ្លាចក្នុងការបង្ហាញអារម្មណ៍ពិតចេញមក

រូបតំណាង

ជាក់ស្តែង អ្នកដែលមិនខ្លាចក្នុងការយំពេលមើលរឿង គឺជាមនុស្សដែលមានទឹកចិត្តរឹងមាំជាងអ្នកដែលព្យាយាមទប់ទឹកភ្នែក។ មូលហេតុព្រោះពួកគេមានភាពក្លាហានក្នុងការបង្ហាញអារម្មណ៍ពិតរបស់ពួកគេ។ ពួកគេមិនខ្លាចអ្នកដទៃរិះគន់នោះទេ។

៤. ថាមពលក្នុងការយំ

រូបតំណាង

ការសិក្សានេះបានបង្ហាញថា អ្នកដែលយំក្នុងអំឡុងពេលមើលរឿង គឺជាមនុស្សយល់ពីថាមពលក្នុងការយំ។ ការយំធ្វើឱ្យយើងផ្សារភ្ជាប់ទៅនឹងអ្នកដទៃ និងអាចរៀនស្វែងយល់ពីស្ថានភាពជុំវិញខ្លួនយើងទាំងវិជ្ជមាននិងអវិជ្ជមាន។

៥. ពួកគេជាមនុស្សរឹងមាំ

រូបតំណាង

អ្នកដែលយំពេលមើលរឿងនោះគឺជាមនុស្សរឹងមាំ ព្រោះប្រសិនបើពួកគេជួបស្ថានភាពអាក្រក់កើតឡើងចំពោះគេក្នុងជីវិតពិតនោះ គេក៏ហ៊ានសម្តែងអារម្មណ៍ពិត និងយំផងដែរ។ ម្យ៉ាងវិញទៀត វាគឺជារឿងដ៏សំខាន់ក្នុងការសម្រក់ទឹកភ្នែក ពេលជួបរឿងទុក្ខសោក។ ការធ្វើបែបនេះអនុញ្ញាតឱ្យពួកគេមានអារម្មណ៍ស្ថេរភាពច្រើនជាងអ្នកដែលលាក់បាំងអារម្មណ៍របស់ពួកគេ។

៦. ពួកគេមិនខ្វល់ពីរឿងភេទ ឬការរំពឹងទុករបស់អ្នកដទៃ

រូបតំណាង

ពួកយើងសុទ្ធសឹងតែឮគេនិយាយថា «បុរសពិតមិនត្រូវយំជាដាច់ខាត» ដូច្នេះបុរសភាគច្រើន ពេលពួកគេធំឡើង គេមិនអាចយំបានទេ ព្រោះតែមើលទៅប្រៀបដូចជាមនុស្សទន់ខ្សោយ មិនមែនជាប្រុសពិត។ ជាក់ស្តែង បុរសនិងនារីពុំខុសគ្នានោះទេ ពោលគឺមានអារម្មណ៍ និងមនោសញ្ចេតនាដូចគ្នា ចេះសប្បាយ និងចេះយំដូចតែគ្នានោះទេ ជាពិសេសកាលពីពួកគេនៅពីក្មេង។ ដូច្នេះចំពោះបុរសដែលយំពេលមើលរឿងនោះ គឺជាមនុស្សក្លាហាន ព្រោះពួកគេមានសេចក្តីក្លាហានបង្ហាញអារម្មណ៍ពិតនៅទីសាធារណៈ ដោយមិនខ្វល់ពីការរំពឹងទុករបស់អ្នកដទៃ ឬក៏ភេទនោះទេ។

៧. ពួកគេរស់នៅដោយប្រើប្រាស់បទពិសោធន៍ជីវិតពេញលេញ

រូបតំណាង

នៅក្នុងឆាកជីវិតតែងតែមានសើចមានយំ វាគឺជារឿងធម្មតាទៅហើយ ប៉ុន្តែគ្រាន់តែថាអ្នកដែលយំពេលមើលរឿងនោះគឺជាមនុស្សដែលមានអារម្មណ៍និងមនោសញ្ចេតនាជ្រាលជ្រៅ។ ពួកគេមានទឹកចិត្តស្រលាញ់ និងការអាណិតអាសូរខ្ពស់នៅក្នុងឆាកជីវិតពួកគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]