រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខ្ចី​រថយន្ត​មិត្តភក្តិ​ម៉ាក​ព្រូស ហើយ​ទុក​ចោល​មុខ​ផ្ទះ​មួយ​ភ្លែត​សោះ ក៏​ស្រាប់តែ​ចោរ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់​ស្រមោល ហើយ​ក៏​បើក​មើលឃើញ​តាម​ប្រព័ន្ធ GPS ទៅ​ដល់​ម្តុំ​ផ្សារ​ទំនប់ ប៉ុន្តែ​រក​អត់​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​5​ល្ងាច ថ្ងៃ​ទី​6 ខែមិថុនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​330 នៅ​ចំណុច​ផ្ទះ​លេខ​21 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ខ្ចី​រថយន្ត​របស់​មិត្តភក្តិ​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU8373 ជិះ​មក​ផ្ទះ​នៅ​ចំណុច​កើតហេតុ រួច​ចត​រថយន្ត​ទុក​ចោល ហើយ​ភ្លេច​សោ​រថយន្ត​នៅ​ក្នុង​រថយន្ត​។

ភ្លាម​ៗ​នោះ​ដែរ ក៏​លេចមុខ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​ស្រមោល រហូត​ដល់​ម៉ោង​7​យប់​ស្រាប់តែ​ជន​រង​គ្រោះ​បើក​ប្រព័ន្ធ GPS ទៅ​មើលឃើញ​លោត​នៅ​ចំណុច​ម្តុំ​ផ្លូវ​598 ផ្សារ​ទំនប់ ក៏​រត់​ទៅ​ប្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា​ង ឱ្យ​ជួយ​អន្តរាគមន៍ ។

ខណៈ​ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​សាឡា​ង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ​នៅ​ម្តុំ​ដី​វាល និង​ម្តុំ​ផ្ទះ​ប្រជាពលរដ្ឋ ប៉ុន្តែ​រក​អត់​ឃើញ​ទេ ក៏​ត្រឡប់​ទៅ​វិញ ហើយ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​សាឡា​ង​តែ​ម្តង ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]