ចិន៖ ហេតុតែដើម្បីកូនស្រីតូចជាទីស្រលាញ់ បុរសជាឪពុកជនជាតិចិនម្នាក់ បានបង្ខំចិត្តស្លៀកពាក់តុបតែងខ្លួនជាត្លុក (គូរមុខគូរមាត់ដូចអ្នកកំប្លែង) ឈរលក់ប៉ោងប៉ោងនៅតាមចិញ្ចឹមផ្លូវ ដើម្បីរកប្រាក់មកព្យាបាលជំងឺកូនស្រី ដែលកំពុងតែត្រូវការលុយសង្គ្រោះបន្ទាន់។

បុរសជាឪពុកខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Tu Xiancheng រស់នៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។

នាងតូចរងគ្រោះ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីកំឡុងខែតុលា ឆ្នាំមុននេះ កូនស្រីតូចរបស់លោក Tu មានអាយុ២ឆ្នាំ បានធ្លាក់ពីលើគ្រែគេង ដោយស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ក្រោយមក នាងតូចក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបានធ្វើរោគវិនិច្ឆ័យរកឃើញថា នាងបានរងរបួសឬប៉ះពាល់ផ្នែកខួរក្បាលយ៉ាងខ្លាំង (ហូរឈាមក្នុងខួរក្បាល ពិការខួរក្បាល ឬវិបល្លាសស្មារតី) ខណៈដែលបច្ចុប្បន្នស្ថានភាពជំងឺមួយនេះ ថែមទាំងបានដឹកនាំនាងតូច ឲ្យក្លាយទៅជាមនុស្សពិការភ្នែក និងកម្រើខ្លួនមិនបានថែមទៀតផង។

ដោយសារតែ ស្ថានភាពដ៏អាក្រក់បែបនេះហើយ ទើបបានជានាងតូចត្រូវស្ថិតនៅក្រោមការព្យាបាលរយៈពេលយូរ ហើយក៏នឹងត្រូវចំណាយថវិកាអស់ច្រើនដូចគ្នា។

នាងតូចរងគ្រោះ

ប្រភពដដែលបន្តថា អស់រយៈពេលជាង ៥ខែមកហើយ ដែលលោក Tu និងភរិយាបានចំណាយលុយអស់ខ្ទង់ជាង ២០០,០០០យ័ន ឬប្រហែល ២៩,០០០ដុល្លារអាមេរិក ទៅលើថ្លៃព្យាបាលជំងឺកូនស្រី។ ក្រៅពីការចំណាយថ្លៃព្យាបាល ក្នុងមួយថ្ងៃគ្រួសារលោក Tu ត្រូវចំណាយថ្លៃពេទ្យ ៧២ដុល្លារ ហើយក៏នឹងអាចឡើងថ្លៃដល់ក្នុងមួយថ្ងៃ ១៤៤ដុល្លារអាមេរិកផងដែរ។

បើតាមការឲ្យដឹងពីលោក Tu បាននិយាយដែរថា គ្រួសារសាច់ញាតិ និងមិត្តភក្តិរបស់លោក ក៏ធ្លាប់ប្រាប់លោកដែរថា គួរតែបញ្ឈប់ទៅព្រោះតែត្រូវចំណាយប្រាក់អស់ច្រើនណាស់ តែលោកតបថា ដរាបណាលោកនៅមានជីវិត លោកនឹងមិនបោះបង់កូនស្រីរបស់លោកចោលឡើយ។

គួរឲ្យដឹងផងដែរថា ដោយសារតែលោក Tu ក៏មានបញ្ហាខ្នង ហេតុដូច្នេះហើយ ទើបបានជាលោកមិនអាចធ្វើការងារដែលមានកម្លាំងធ្ងន់បាន។ លោកក៏មានគំនិតនៅក្នុងការតុបតែងស្លៀកពាក់ជាត្លុកបែបនេះ និងឈរលក់ប៉ោងប៉ោងនៅតាមចិញ្ចើមផ្លូវ ដើម្បីរកប្រាក់ជួយដល់កូនស្រី។

លោក Tu និងគ្រួសារ

គួរឲ្យដឹងបន្ថែមថា នេះមិនមែនជារឿងរ៉ាវ ឬករណីដំបូងដែលទើបតែនឹងកើតឡើងនោះទេ។ ព្រោះជាក់ស្ដែង កាលពីពេលកន្លងមក ក៏ធ្លាប់មានគ្រួសារជាច្រើន ដែលត្រូវបង្ខំចិត្តធ្វើសកម្មភាពប្លែកៗបែបនេះ ដើម្បីរកប្រាក់ជួយដល់កូនៗរបស់ពួកគេ ដែលកំពុងតែសម្រាកព្យាបាលជំងឺផងដែរ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវរបស់កូនស្រីតូចរបស់លោក Tu នេះដែរ ក៏មានមហាជន អ្នកនិយមលេងបណ្តាញសង្គមចិនជាច្រើន បានសម្ដែងក្តីក្រៀមក្រំ ហើយក៏សង្ឃឹមថា កូនស្រីរបស់លោកក៏នឹងអាចធូរស្បើយ ជាពីជំងឺវិញផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

លោក Tu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]