បរទេស៖ នៅពេលតៃវ៉ាន់ក្លាយទៅជាកោះដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីដែលចេញច្បាប់អនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការស្របច្បាប់បាននោះ មនុស្សស្រលាញ់ភេទដូចគ្នារាប់រយនាក់បានចុះឈ្មោះរៀបការជាហូរហែមក។

វាគឺជាវេលាដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តនៃកោះតៃវ៉ាន់ ដែលមនុស្សម្នាចាប់ផ្តើមទទួលស្គាល់ពីទំនាក់ទំនងស្នេហាស្រលាញ់ភេទដូចគ្នា។

ជាក់ស្តែងនៅក្នុងកន្លែងជាច្រើនក៏ចាប់ផ្តើមផ្លាស់ប្តូរនិងទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាជាហូហែផងដែរ។

ឧទាហរណ៍ នៅក្នុងឆ្នាំ២០១៧ ពលរដ្ឋជនជាតិកូរ៉េខាងត្បូងម្នាក់ក្នុងចំណោម៥នាក់បាននិយាយថា ការស្រលាញ់ដូចគ្នាគួរតែត្រូវបានសង្គមទទួលស្គាល់ ប៉ុន្តែចំនួននេះបានកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០១៣។

បន្ថែមពីនេះទៀត អាកប្បកិរិយារបស់សាធារណៈជនចំពោះអ្នកស្រលាញ់ភេទដូចគ្នាក៏បានផ្លាស់ប្តូរទៅជាទន់ភ្លន់ជាងមុនផងដែរជាពិសេសនៅតាមបណ្តាប្រទេសមួយចំនួន រួមមាន ប្រទេសអាហ្សង់ទីនឈីលី, អាមេរិក, អូស្រ្តាលី, ឥណ្ឌា និងបណ្តាប្រទេសអឺរ៉ុបខាងលិចជាច្រើនទៀត។

រូបតំណាង

ប៉ុន្តែការផ្លាស់ប្តូរនេះមិនមានន័យថាពួកគេទទួលបានសិទ្ធិស្មើគ្នាពេញលេញនោះទេ។ ជាក់ស្តែងនៅក្នុងកោះតៃវ៉ាន់ រដ្ឋាភិបាលតៃវ៉ាន់មិនអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាទទួលបានសិទ្ធិយកកូនទៅចិញ្ចឹមនោះទេ។

ចំណែកនៅតាមបណ្តាប្រទេសផ្សេងទៀត ក៏មានច្បាប់ដ៏តឹងរឹងក្នុងការប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នាផងដែរ ហើយការស្រលាញ់ភេទដូចគ្នាត្រូវបានចាត់ទុកជាអំពើខុសច្បាប់នៅក្នុងបណ្តាប្រទេសប្រមាណ ៦៩ប្រទេសលើលោក។ លើសពីនេះទៅទៀតកាលពីថ្ងៃសុក្រកន្លងទៅនេះ តុលាការកំពូលប្រចាំប្រទេសកេនយ៉ាក៏ចេញច្បាប់ហាមប្រាមមិនឱ្យមានការរួមភេទដូចគ្នាផងដែរ។

ការប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នា

នៅក្នុងប្រទេសមួយចំនួន ការប្រឆាំងនឹងអ្នកស្រលាញ់ភេទដូចគ្នាមានភាពតានតឹងជាខ្លាំង។ ជាក់ស្តែងដូចជានៅក្នុងប្រទេសហ្គាណា មានច្បាប់ដាក់ទោសឱ្យជាប់ពន្ធនាគារចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ ដោយអាកប្បកិរិយាទាំងនេះជាក់ស្តែងមិនទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នានោះទេ។

ក្នុងឆ្នាំ២០១៣ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនហ្គាណាចំនួន៩៦% សុទ្ធសឹងតែគាំទ្រការប្រឆាំងនឹងអ្នកស្រលាញ់ភេទដូចគ្នា។

ចំណែកនៅប្រទេសផ្សេងទៀតក៏បានដាក់ទោសប្រហារជីវិតចំពោះអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ ជាក់ស្តែងដូចជា ប្រទេសប្រ៊ុយណេកាលពីប៉ុន្មានខែមុនអីចឹង បានអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិយកដុំថ្មគប់អ្នកស្រលាញ់ភេទដូចគ្នារហូតទាល់តែស្លាប់ បើទោះបីជារដ្ឋាភិបាលប្រ៊ុយណេទើបតែរំសាយច្បាប់មួយនេះចោលក្តី។

ភាគរយនៃការផ្លាស់ប្តូររបស់ប្រជាជនដែលព្រមទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា

ដូច្នេះតើអ្វីដែលជាកត្តាចម្បងដែលជំរុញឱ្យប្រទេសមួយចំនួនព្រមទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា? ចំណែកប្រទេសខ្លះមិនទទួលស្គាល់ទៅ?

យោងតាមការសិក្សាបានបង្ហាញថា មូលហេតុគឺផ្សារភ្ជាប់ទៅនឹងកត្តា៣យ៉ាង៖ កត្តាសេដ្ឋកិច្ច, ប្រជាធិបតេយ្យ និងសាសនា

យោងតាមទ្រឹស្រ្តីមួយបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជននៅក្នុងប្រទេសមួយនោះ រួមទាំងការយល់ដឹងទាក់ទិនទៅនឹងអ្នកស្រលាញ់ភេទដូចគ្នា។

ជាទូទៅ ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍រមែងប្រឆាំងនឹងអ្នកស្រលាញ់ភេទដូចគ្នា ព្រោះតែតម្លៃវប្បធម៌មាននិន្នាការផ្តោតលើការរស់រានមានជីវិតជាមូលដ្ឋាន។

រូបតំណាង

នៅពេលប្រជាជនមានការព្រួយបារម្ភអំពីរឿងមូលដ្ឋាន រួមមាន ទឹកស្អាត, ចំណីអាហារ និងសុវត្ថិភាព ពួកគេរមែងពឹងពាក់គ្នាទៅវិញទៅមកដើម្បីរស់។

ដូច្នេះការពឹងពាក់គ្នានេះបានលើកទឹកចិត្តនិងជំរុញឱ្យមនុស្សត្រូវតែរឹងមាំ និងខ្លាំងដើម្បីរស់ ហើយពួកគេក៏ស្អប់ពួកអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។

ផ្ទុយទៅវិញ ចំពោះអ្នកដែលរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ ឬប្រទេសអ្នកមាន ពួកគេទំនងជាមានសុវត្ថិភាពច្រើន។ ជាលទ្ធផល ពួកគេភាគច្រើនតែងតែមានសេរីភាពក្នុងការសម្រេចចិត្តដែលសាកសមសម្រាប់ពួកគេ។

ជាក់ស្តែងមិនមែនមានន័យថាមនុស្សគ្រប់គ្នាដែលរស់នៅក្នុងប្រទេសអ្នកមានសុទ្ធសឹងតែគាំទ្រអ្នកស្រលាញ់ភេទដូចគ្នាទាំងអស់នោះទេ ប៉ុន្តែទិន្នន័យបានបង្ហាញថា ពួកគេមាននិន្នាការគាំទ្រច្រើន និងចេះគោរពសិទ្ធិនិងឱ្យតម្លៃពួកអ្នកស្រលាញ់ភេទដូចគ្នាច្រើន។

រូបតំណាង

ម្យ៉ាងវិញទៀត កត្តាប្រជាធិបតេយ្យក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ជាក់ស្តែងនៅតាមបណ្តាប្រទេសប្រជាធិបតេយ្យជាច្រើនជាពិសេសនៅប៉ែកអឺរ៉ុប ប្រជាជនតែងតែព្រមទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាច្រើន បើប្រៀបធៀបទៅនឹងប្រទេសកាន់របបកុម្មុយនិស្ត។

បន្ថែមពីនេះទៀត កត្តាសាសនាក៏សំខាន់ផងដែរ។ នៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើន តែងតែមានជំនឿសាសនាកម្រិតទាប ដែលកត្តាទាំងនេះហើយបានអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់ផងដែរ។ ក្នុងនោះរួមមានប្រទេសដាណឺម៉ាក, បែលហ្សិក, ន័រវែស, អេស្ប៉ាញនិងស៊ុយអែតគឺជាប្រទេសដែលអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការបានស្របច្បាប់។

ដូច្នេះយើងអាចសន្និដ្ឋានបានថា មូលហេតុដែលធ្វើឱ្យប្រទេសមួយចំនួនគាំទ្រ និងមួយចំនួនទៀតប្រឆាំងនឹងអ្នកស្រលាញ់ភេទដូចគ្នាមកពីកត្តាចំនួន៣ធំៗ រួមមាន កត្តាសេដ្ឋកិច្ច, កត្តាប្រជាធិបតេយ្យ និងកត្តាសាសនា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]