អាហ្សេបៃហ្សង់៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA កំពុងតែប្រឈមនឹងភាពអាម៉ាស់ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League រវាងក្រុម Arsenal និង Chelsea ឈានចូលមកដល់នៅសប្តាហ៍ក្រោយ។ ភាពអាម៉ាស់នោះគឺ ការប្រកួតដ៏ធំនៃពានរង្វាន់លំដាប់ទី២របស់អឺរ៉ុបមួយនេះ អាចនឹងប្រកួតដោយមានកៅអីរាប់ពាន់នៅទំនេរចោល ដោយគ្មានទស្សនិកជនទស្សនាផ្ទាល់។

កីឡដ្ឋាន Olympic Stadium ទីក្រុង Baku

បើយោងតាមសារព័ត៌មាន The Time បានឱ្យដឹងថា ក្រុមហ៊ុនម្ចាស់ឧបត្ថម្ភមួយចំនួន បានធ្វើការបង្វែរសំបុត្រជាង ២,០០០សន្លឹកដែល UEFA បម្រុងទុករួចជាស្រេចប្រគល់ឱ្យត្រឡប់ទៅវិញ។ ហេតុផលសំខាន់បំផុតដែលពួកគេមិនអាចចូលរួមបាន គឺដោយសារតែបញ្ហាលំបាកមួយចំនួន ព្រមទាំងតម្លៃសំបុត្រធ្វើដំណើរទៅកាន់ប្រទេសអាហ្សេបៃហ្សង់មានតម្លៃខ្ពស់ពេក។ ដោយឡែក ក្លិបដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រទាំងពីរ ក៏គ្រោងនឹងប្រគល់សំបុត្រជាង ៦,០០០សន្លឹកប្រគល់ត្រឡប់ទៅ UEFA វិញផងដែរ។

ដំបូងឡើយក្លិប Chelsea និង Arsenal មានគម្រោងតវ៉ាជាមួយ UEFA ដោយសារតែក្លិបទាំងពីរនេះ ទទួលបានសំបុត្រសម្រាប់លក់ទៅកាន់អ្នកគាំទ្រតិចតួចមែនទែន បើធៀបទៅនឹងកីឡដ្ឋានដែលផ្ទុកទស្សនិកជនបាន ៦៩,០០០នាក់នេះ។ ប៉ុន្តែក្រោយមក ក្លិបក៏បានប្តូរចិត្តវិញ ដោយសារតែអ្នកគាំទ្រមានការពិបាកពីបញ្ហានៃការចំណាយខ្ពស់ ដើម្បីហោះទៅទស្សនាការប្រកួត។ ដោយឡែក សម្រាប់ដៃគូឧបត្ថម្ភមួយចំនួនដែលត្រូវចូលរួមក៏បានឱ្យដឹងថា ពួកគេក៏ជួបបញ្ហាជាច្រើនសម្រាប់ទិដ្ឋការ និងពេលវេលាប្រកួតនៅម៉ោង ១១យប់ក៏ជាបញ្ហាសម្រាប់ពួកគេផងដែរ។ 

ក្រុមកីឡាកររបស់ Arsenal
ក្រុមការងារ និងកីឡាកររបស់ Arsenal

យ៉ាងណាក្តី សំបុត្រដែលនៅសល់នេះ គឺនឹងត្រូវដាក់លក់សម្រាប់អ្នកគាំទ្រក្នុងប្រទេសអាហ្សេបៃហ្សង់វិញ បើទោះបីជាមិនទាន់ប្រាកដថាសំបុត្រនឹងត្រូវលក់អស់ឬយ៉ាងណា? ដោយសារតែ UEFA ដាក់លក់សំបុត្របានជាង ២៣,០០០សន្លឹករួចហើយ ដែលមានន័យថាកៅអីរាប់ពាន់អាចនឹងនៅសល់ទំនេរចោលអំឡុងការប្រកួតនេះ។

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះដែរ អ្នកគាំទ្ររបស់ Arsenal មានការខឹងសម្បារយ៉ាងខ្លាំងចំពោះ UEFA ដែលបានសម្រេចយកកីឡដ្ឋាននៅទីក្រុង Baku ធ្វើជាកន្លែងប្រកួតផ្តាច់ព្រ័ត្រ ដែលនាំឱ្យអវត្តមានកីឡាករសំខាន់មួយរូបរបស់ពួកគេគឺ Henrikh Mkhitaryan ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព។ បើតាមសារព័ត៌មាន Sportmail បានបង្ហើបថា UEFA បានត្រៀមរួចជាស្រេចដើម្បីបង្ការការតវ៉ាណាមួយដែលកើតឡើងដោយអ្នកគាំទ្ររបស់ Arsenal ចំពោះបញ្ហាខាងលើនេះ។ បដាដែលប្រឆាំងនឹង UEFA ត្រូវបានហាមឃាត់ក្នុងបរិវេណកីឡដ្ឋាន រួមទាំងតាមដានយ៉ាងដិតដល់ចំពោះសំឡេងស្រែកហ៊ោររបស់អ្នកគាំទ្រក្រុម Arsenal ផងដែរ៕ 

កីឡាករ Henrikh Mkhitaryan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]