ចិន៖ នារីជាអ្នករត់តុជនជាតិចិនម្នាក់ បានរងរបួសយ៉ាងដំណំ ក្រោយជួបរឿងស៊យធំផ្ទុះឆ្នាំងស៊ុប រលាកពេញផ្ទៃមុខ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍មួយនេះ បានកើតឡើងកាលពីយប់រំលងអធ្រាត្រ ថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្នុងទីតាំងភោជនីយដ្ឋាន Haidilao ទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន។

រូបភាពក្នុងយប់កើតហេតុ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ តុភ្ញៀវដែលបានចូលមកហូបស៊ុប ធ្វេសប្រហែសបានធ្វើធ្លាក់ដែកកេះចូលទៅក្នុងឆ្នាំងស៊ុប។ ក្រោយមកបុគ្គលិកក្នុងហាង ពោលគឺនារីរងគ្រោះដែលជាអ្នករត់តុម្នាក់ ក៏បានមកជួយស្រង់យកដែកកេះនោះចេញពីឆ្នាំងស៊ុប។ ប៉ុន្តែសំណាងមិនល្អ ដោយសារតែកម្ដៅក្តៅខ្លាំង ទើបបណ្តាលឲ្យដែកកេះក្នុងឆ្នាំងស៊ុបផ្ទុះតែម្តង រហូតខ្ទាតជះទឹកស៊ុបដាក់ពេញមុខអ្នករត់តុស្រីនោះ និងត្រូវភ្ញៀវដែលអង្គុយនៅនឹងតុកើតហេតុនោះផងដែរ។

ភ្លាមៗក្រោយកើតហេតុ នារីរងគ្រោះជាអ្នករត់តុ រួមនឹងភ្ញៀវបុរសប៉ុន្មាននាក់នោះ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលផងដែរ។

រូបភាពក្នុងយប់កើតហេតុ

បើតាមការឲ្យដឹងពីអ្នកនាំពាក្យម្នាក់ ពីខាងភោជនីយដ្ឋានខាងលើនេះ បានបញ្ជាក់ថា នៅក្នុងថ្ងៃកើតហេតុនោះ គឺភ្ញៀវម្នាក់ដែលនៅតុកើតហេតុនោះ បានហុចដែកកេះឲ្យមិត្តរបស់គាត់ ប៉ុន្តែចៃដន្យក៏ធ្លាក់ចូលទៅក្នុងទឹកឆ្នាំងស៊ុបដែលកំពុងពុះ។ ហើយនារីរត់តុក៏បានមកជួយស្រង់ ប៉ុន្តែដោយសារក្តៅពេកទើបវាផ្ទុះតែម្តង។

ភ្ញៀវរងគ្រោះត្រូវបានគេរាយការណ៍ថា បានរងរបួសស្រាល រលាកដៃបន្តិចបន្តួចប៉ុណ្ណោះ ខណៈឯនារីរត់តុរងគ្រោះវិញ បានរងរបួសរលាកលើផ្ទៃមុខយ៉ាងដំណំ។ ប៉ុន្តែមកទល់ពេលនេះ ស្ថានភាពរបស់នាងក៏បានធូរស្បើយជាងមុនផងដែរ។

រូបភាពក្នុងយប់កើតហេតុ

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ប្រភពបានឲ្យដឹងថា ក៏កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមផងដែរ។

យ៉ាងណាមិញ នេះក៏ជាសារមួយជួយក្រើនរម្លឹកដល់សាធារណៈទាំងឡាយ ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត នៅរាល់ពេលចូលញ៉ាំអាហារក្នុងភោជនីយដ្ឋាននានា ឬនៅផ្ទះជាដើម។ ជាក់ស្តែង ដូចជាការញ៉ាំស៊ុបនេះតែម្តង ដែលភ្លើងចង្ក្រានហ្គាស់ត្រូវបើកជាប់ជានិច្ច ដូច្នេះវាអាចនឹងងាយរងហានិភ័យបំផុត ដូចជាការឆាបឆេះ ឬផ្ទុះជាដើម។ គិតគូរពីសុវត្ថិភាពខ្លួនឯង គប្បីត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

ទស្សនាវីដេអូខាងក្រោម៖    

រូបភាពក្នុងយប់កើតហេតុ
ឈុតឆ្នាំងស៊ុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]