ឥណ្ឌា៖ អាចចាត់ទុកបានថា ជារឿងដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្រ្តីជនជាតិឥណ្ឌាម្នាក់ បានប្រើប្រាស់លាមកគោយកមកបៀកបិទពេញឡាន (ផ្ទៃខាងក្រៅ) ក្រោយសីតុណ្ហភាពក្នុងប្រទេសឡើងក្តៅខ្លាំងគួរឲ្យសម្គាល់ ដែលជាហេតុធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ផ្នែកខ្លះ ឬតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា នាមួយរយៈពេលចុងក្រោយនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំង ពីគ្រោះរាំងស្ងួត (កង្វះទឹកប្រើប្រាស់) ដោយសារតែកម្ដៅឡើងដល់ទៅជាង ៤៥អង្សាសេ ខណៈសូម្បីតែប្រជាជនជាច្រើនរស់នៅក្នុងតំបន់ ក៏បានសម្ដែងការរអ៊ូរទាំពីបញ្ហានេះផងដែរ។

រថយន្តដែលបានបៀកបិទលាមកគោ

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ ជុំវិញនឹងអាកាសធាតុក្តៅហែង និងដើម្បីការពាររបស់របរប្រើប្រាស់មួយចំនួននោះ កាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីឥណ្ឌាម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Sejal Shah រស់នៅក្នុងទីក្រុង Ahmedabad ក៏បានសាងភាពភ្ញាក់ផ្អើលមួយ នៅលើបណ្តាញសង្គម ក្រោយយកលាមកគោមកប៉ាតបិទពេញផ្ទៃឡានខាងក្រៅ ដោយក្នុងគោលបំណងធ្វើជារនាំងការពារកម្ដៅថ្ងៃ ដើម្បីកុំឲ្យប៉ះពាល់ការខូចខាតដល់រថយន្ត។

ជាក់ស្តែង បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Rupesh Gauranga Das ក៏បានបង្ហោះចែកចាយរូបភាព និងសារខ្លីថា៖ «ការប្រើប្រាស់លាមកគោដ៏ល្អបំផុត ដែលខ្ញុំពុំធ្លាប់បានឃើញពីមុនមក។ នេះគឺនៅក្នុងទីក្រុង Ahmedabad ។ ដើម្បីទប់ទល់នឹងសីតុណ្ហភាពកម្ដៅ ៤៥ដឺក្រេ និងការការពាររថយន្តពីកម្ដៅ អ្នកស្រី Sejal Shah ក៏បានយកលាមកគោមកបៀកបិទពេញផ្ទៃខាងក្រៅ ដើម្បីជួយឲ្យវាត្រជាក់បានខ្លះ»

ជុំវិញនឹងអាកាសធាតុក្តៅហែងខាងលើនេះ មន្រ្តីក្នុងតំបន់ក៏បានណែនាំដល់ប្រជាពលរដ្ឋខ្លួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព និងគួរណាស់មិនត្រូវចេញពីផ្ទះ នៅចន្លោះម៉ោង ១០និង៣០នាទីព្រឹក រហូតដល់ម៉ោង ៣រសៀលនោះទេ។

គួរឲ្យដឹងផងដែរថា ការប្រើប្រាស់លាមកគោដើម្បីការពារកម្ដៅថ្ងៃនេះ ត្រូវបានគេដឹងថា ជាទម្លាប់អនុវត្តន៍តាំងពីនាយរបស់ប្រជាជនឥណ្ឌាមកម៉្លេះ។ ដោយពួកគេបានប្រើប្រាស់វាយកទៅធ្វើជាជញ្ជាំងផ្ទះ ឬកម្រាលជាដើម។ ព្រោះគេជឿជាក់ថា លាមកគោអាចជួយកាត់បន្ថយកម្ដៅក្នុងរដូវក្តៅ ហើយវាក៏ជួយរក្សាកម្ដៅ (មិនឲ្យរងា) នៅក្នុងរដូវរងាផងដែរ។

លើសពីនេះ ក្រៅពីគុណប្រយោជន៍របស់ លាមកគោ និងទឹកដោះគោ សូម្បីតែទឹកនោមគោ ក៏ត្រូវបានគេដឹងថា អាចជួយព្យាបាលជំងឺឲ្យសះស្បើយថែមទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

រថយន្តដែលបានបៀកបិទលាមកគោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]