ខេត្តបាត់ដំបង ៖ បើតាមចម្លើយរបស់ជនដៃដល់ថា ខ្លួននិងប្រពន្ធបានគ្នា៣ឆ្នាំមកហើយ ដោយបានរៀបចំសែនព្រេន ពេលទៅធ្វើការនៅប្រទេសថៃ តែគ្មានកូនជាមួយគ្នាទេ ។ ខ្លួននិងប្រពន្ធទើបមកពីស្រុកខាងប្រពន្ធនៅខេត្តកំពង់ស្ពឺ ហើយពេលជិះរថយន្តមកតាមផ្លូវ ប្រពន្ធខ្លួនចេះតែនិយាយទូរស័ព្ទមិនឈប់ និងលេងឆាត តែមិនដឹងនិយាយទូរស័ព្ទ ឬលេងឆាតជាមួយអ្នកណាទេ បើទោះជាខ្លួនសួរនាំក៏មិនប្រាប់ដែរ ។
ជននេះនិយាយទៀតថា ពេលមកដល់ផ្ទះនៅម៉ោងប្រហែល៨យប់ ប្រពន្ធក៏នៅនិយាយទូរស័ព្ទទៀតដោយព្យាយាមលាក់បាំងខ្លួនរហូត ទោះសួរយ៉ាងណាក៏មិនប្រាប់ដែរ ហើយខ្លួនឮសំឡេងម្ខាងទៀតនិយាយល្បួងប្រពន្ធខ្លួនឲ្យត្រឡប់ទៅស្រុកវិញ ដែលទំនងក្រុមគ្រួសារខាងប្រពន្ធចង់បំបែកបំបាក់ប្ដីប្រពន្ធខ្លួន ព្រោះកន្លងមកក៏ធ្លាប់មានរឿងព្យាយាមបំបែកបំបាក់ដែរ ។
ដោយសារតែរឿងនេះ ខ្លួនបានព្យាយាមសួរនាំប្រពន្ធ តែប្រពន្ធនៅតែមិនព្រមប្រាប់ ហើយលាក់បាំងរហូត ។ លុះនៅព្រឹកកើតហេតុ ខ្លួនបានសួរនាំម្ដងទៀត ហើយដោយនៅតែលាក់បាំង ទើបក្ដៅក្រហាយក៏ទាញកាំបិតខ្វែវ និងអូសកប្រពន្ធពីលើផ្ទះកាប់ផ្ដាច់.កស្លាប់ទាំងព្រឹកតែម្ដងទៅ ។
គួរបញ្ជាក់ថា បុរសដៃដល់ជាប្តីរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីប្រើកាំបិតខ្វែវកាប់ប្រពន្ធដាច់ក្បាលចេញពីក រួចយកទៅបោះចោលក្បែរថ្នល់ខាងមុខផ្ទះ ដោយសារតែរោគប្រចណ្ឌគ្មានហេតុផល និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៦និង៥០នាទីព្រឹកថ្ងៃទី២១ ឧសភា នៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ។
លោក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ថ្លែងថា ជនដៃដល់ឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ រីឯប្រពន្ធដែលរងគ្រោះឈ្មោះ ម៉ាន់ សុធា អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។ ជននេះបានប្រើប្រាស់កាំបិតខ្វែវកាប់ប្រពន្ធដាច់ក រួចយកក្បាលទៅបោះចោលនៅក្បែរថ្នល់ខាងមុខផ្ទះ ដែលមើលទៅមានភាពសាហាវបំផុត តែជននេះក ៏ត្រូវកម្លាំងមូលដ្ឋានឃាត់ខ្លួនភ្លាមៗដែរ គ្មានពេលឱ្យរត់រួចទេ ។
លោកអធិការបញ្ជាក់ថា ប្ដីប្រពន្ធនេះទើបមកពីខេត្តកំពង់ស្ពឺ ដែលជាស្រុកខាងប្រពន្ធ ហើយមកដល់ផ្ទះវិញនៅក្នុងភូមិខាងលើ នាវេលាម៉ោង៨យប់ ។ លុះនៅព្រឹកថ្ងៃទី២១ ខែឧសភា ក៏មានកើតរឿងហេតុខាងលើតែម្ដង ។ ក្រោយពេលឃាត់ខ្លួន ជនដៃដល់ត្រូវបានសមត្ថកិច្ចសាកសួរ ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ដែរថា នេះជាអំពើឃាតកម្មយ៉ាងឃោរឃៅ ដែលផ្ដើមចេញពីរឿងមិនទុកចិត្តគ្នារវាងប្ដី-ប្រពន្ធ ។ បើយោងតាមចម្លើយសារភាព ជននេះ ទំនងមានការប្រចណ្ឌប្រពន្ធ ហើយថែមទាំងបារម្ភខ្លាចក្រុមគ្រួសារបំបែកបំបាក់ប្ដីប្រពន្ធខ្លួនទៀតផង ប៉ុន្តែជននេះក៏មានប្រវត្តិធ្លាប់ប្រើប្រាស់គ្រឿងញៀនដែរ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]