ហុងកុង៖ ថ្មីៗនេះអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនគណនេយ្យដ៏ធំមួយកន្លែងឈ្មោះ Big Four នៅក្នុងទីក្រុងហុងកុង ត្រូវបានរកឃើញថាស្លាប់នៅក្នុងផ្ទះ បន្ទាប់ពីលោកមិនបានបង្ហាញខ្លួនមកធ្វើការជាច្រើនថ្ងៃ។

យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា អ្នកគ្រប់គ្រងនេះមានអាយុ ៣១ឆ្នាំ បានឈឺមួយរយៈមកហើយ ហើយលោកឧស្សាហ៍ក្អកជាញឹកញាប់នៅក្នុងការិយាល័យ។ ព្រោះតែលោកត្រូវទទួលខុសត្រូវចំពោះការងារច្រើនពេក ដូច្នេះលោកក៏មិនដាក់ពាក្យសុំច្បាប់ឈប់អីដែរ ហើយលោកនៅតែបន្តធ្វើការជាហូរហែមករហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ លោកក៏មិនបានបង្ហាញខ្លួននៅកន្លែងការងារ។ 

មិត្តរួមការងារទាំងអស់សុទ្ធសឹងតែមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះអ្នកគ្រប់គ្រងម្នាក់នេះនោះទេ ដូច្នេះនៅគ្រាមួយពួកគេក៏ទៅសួរសុខទុក្ខគាត់នៅផ្ទះ។ ប៉ុន្តែជាអកុសល គ្មានអ្នកណាម្នាក់ឆ្លើយតបនោះទេ នៅពេលពួកគេគោះទ្វារ។ ដោយមានក្តីបារម្ភ ពួកគេក៏ប្តឹងប៉ូលិសជាបន្ទាន់។

មិនយូរប៉ុន្មាន ប៉ូលិសក៏បានមកដល់ផ្ទះគាត់ ហើយក៏បានទម្លុះទ្វារចូល ហើយបានរកឃើញថា អ្នកគ្រប់គ្រងម្នាក់នេះបានស្លាប់នៅក្នុងផ្ទះជាច្រើនថ្ងៃបាត់ទៅហើយ។ 

រូបតំណាង

ក្រោយមករឿងនេះ ក៏បានល្បីពេញបណ្តាញសង្គម។ បុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុន Big Four បាននិយាយថា មូលហេតុដែលបណ្តាលឱ្យមេគាត់ស្លាប់នោះ គឺមកពីគាត់ខំប្រឹងធ្វើការងារខ្លាំងពេក។ គាត់បម្រុងនឹងឈប់សម្រាកមួយរយៈដើម្បីព្យាបាលជំងឺដែរ ប៉ុន្តែព្រោះតែការងាររវល់ខ្លាំងពេក ដូច្នេះគាត់មិនបានឈប់នោះទេ។

បុគ្គលិកម្នាក់ទៀតបាននិយាយថា បន្ទាប់ពីមានឧប្បត្តិហេតុនេះបានកើតឡើងហើយ ខាងក្រុមហ៊ុនហាក់ដូចជាស្ងប់ស្ងាត់ណាស់ ពោលគឺមិនបានចេញសេចក្តីថ្លែងការណ៍ណាមួយប្រាប់បុគ្គលិកផ្សេងទៀតនោះទេ។ ជាក់ស្តែង ពួកគេត្រូវបានថ្នាក់លើប្រាប់ថា កុំឱ្យនិយាយរឿងនេះប្រាប់ភ្ញៀវ និងអ្នកដទៃដើម្បីកុំឱ្យពួកគេទាំងនោះមានការភ័យខ្លាច។

នៅពេលមានការទាក់ទងជាមួយនឹងអ្នកយកព័ត៌មាន អ្នកនាំពាក្យរបស់ក្រុមហ៊ុន Big Four បាននិយាយថា ខាងក្រុមហ៊ុនគោរពសិទ្ធិឯកជនរបស់បុគ្គលិក ហើយនឹងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរក្នុងករណីនេះក៏ដូចជាផ្តល់ការគាំទ្រនិងជំនួយនានាដល់ក្រុមគ្រួសារអ្នកស្លាប់ផងដែរ។

រូបតំណាង

ដូច្នេះ ក្រៅពីខិតខំប្រឹងធ្វើការងារ សូមឆ្លៀតពេលថែរក្សាសុខភាពរបស់យើងផង ព្រោះសុខភាពគឺជារបស់ដែលមិនអាចកាត់ថ្លៃបាននោះទេ ដល់ពេលមានបញ្ហាធ្លាក់ខ្លួនឈឺ មិនមានអ្នកណាមកលំបាក និងឈឺជំនួសយើងនោះទេ មានតែយើងម្នាក់តែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]