បើម៉ាក់ៗត្រៀមខ្លួនសម្រាលកូន គួរដឹង និងចៀសឲ្យឆ្ងាយពីចំណុចមួយនេះ ព្រោះពេលយើងធ្វើទៅ អាចប៉ះពាល់ដល់សុខភាពខ្លាំង នោះគឺការ ស្អំថ្ម ក្រោយសម្រាលកូនរួច។ កាលពីសម័យមុន ក្រោយសម្រាលកូនរួចចាស់ៗតែងតម្រូវឲ្យម៉ាក់ៗយកថ្មមកស្អំពីលើពោះ ដោយថ្មនោះត្រូវដុតកម្ដៅជាមុនសិន។
ចំពោះបញ្ហានេះលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភពនៅមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ក្រុមគ្រូពេទ្យបានហាមផ្ដាច់មិនឲ្យធ្វើបែបនេះឡើយ ព្រោះប៉ះពាល់ចំពោះសុខភាពម៉ាក់ៗដែលទើបសម្រាលខ្លាំង។ លោកជំទាវវេជ្ជបណ្ឌិតក៏បានបន្តថា៖ «ខ្ញុំមិនចង់ឲ្យពួកគាត់ស្អំថ្មនោះទេ ព្រោះអីសរីរាង្គខាងក្នុងពោះត្រូវទទួលរងកម្ដៅពីថ្ម យូរៗទៅវាទៅជាស្អិតខាងក្នុងឯណោះ។ ការធ្វើរឿងបែបនោះមិនត្រឹមតែសរីរាង្គផ្សេងៗដូចជា ក្រពះ ពោះវៀនទេ សូម្បីតែស្បូនក៏ស្អិតដែរ នេះជាបញ្ហាសំខាន់ដែលគ្រូពេទ្យតែងតែផ្ដាំផ្ញើ និងពន្យល់ម៉ាក់ៗមិនឲ្យអនុវត្តន៍វិធីបុរាណមួយនេះតទៀត មិនថាសម្រាលដោយធម្មជាតិ ឬក៏វះកាត់ទេ»។
ចំណែកមូលហេតុតម្រូវឲ្យម៉ាក់ៗ និងចាស់ជំនាន់មុនយកថ្មក្ដៅទៅស្អំ គឺដើម្បីឲ្យសាច់ពោះដែលនៅសល់ក្រោយកើតកូនរួច ឆាប់រាបស្មើទៅវិញ ស្បែកពោះតឹងតែង រួមទាំងអាចធ្វើឲ្យស្នាមសង្វារ ឬស្នាមខ្មៅៗរលុបអស់។
ដើម្បីកាត់បន្ថយកង្វល់នេះអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ខាងលើបានប្រាប់ពីបច្ចេកទេសងាយៗ ហើយមិនពិបាកច្រើន ដោយគ្រាន់តែយកក្រមា ឬកន្សែងមករឹតពោះក្នុងកម្រិតតឹងល្មម អាចជួយទល់សាច់ក្បោះពោះនៅសេសសល់មិនឲ្យរយីករយាកបាន ឬក៏ប្រើហ្គេន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]