(ពោធិ៍សាត់)៖ បុរសចំណាស់ម្នាក់ ជិះកង់មកពីស៊ីការអ្នកភូមិខាងជើងផ្ទះ ស្រវឹងជិះធ្លាក់ពីលើផ្លូវចូលមាត់លូ ថប់ដង្ហើមស្លាប់ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចលូព្រំប្រទល់ភូមិខ្នាចរមាស ឃុំបឹងខ្នារ និងភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណុប សារ៉ន អាយុ៥៨ឆ្នាំ មានទីលំនៅភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការរងបន្តថា តាមការសន្និដ្ឋានពីក្រុមគ្រួសារជនរងគ្រោះ នាល្ងាចថ្ងៃកើតហេតុ ប្តីរបស់គាត់បានមកស៊ីការអ្នកភូមិនៅខាងជើងផ្ទះ ពេលត្រឡប់មកវិញទំនងជាគាត់ស្រវឹងស្រាជោគ ទើបជិះកង់ធ្លាក់ផ្លូវខាងជើងផ្ទះប្រមាណ ១០០ម៉ែត្រ ចូលមាត់លូមានទឹកបន្តិចបន្តួច បណ្តាលឱ្យថប់ថង្ហើមស្លាប់តែម្តង។ លុះព្រឹកឡើងសមត្ថកិច្ច បានទទួលព័ត៌មាន បានចុះពិនិត្យ និងកោសល្យវិច្ច័យភ្លាមៗ ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ ដោយជិះកង់ធ្លាក់ពីផ្លូវខ្លួនឯង ពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]