វៀតណាម៖ ផ្តាសាយជ្រូកគឺជាជំងឺដ៏កាចហាសាវម្យ៉ាងដែលអាចសម្លាប់មនុស្សបានយ៉ាងងាយ។ ដូច្នេះ នៅពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស ជាពិសេសទៅតំបន់ប៉ែកអ៊ឺរ៉ុប គេរមែងឱ្យអ្នកដំណើរទាំងអស់ត្រូវពិនិត្យសុខភាពជាមុនសិន ទើបអាចចូលទៅទឹកដីគេបាន។ មូលហេតុព្រោះគេមិនចង់ឱ្យអ្នកផ្ទុកមេរោគផ្តាសាយជ្រូក ឬក៏មេរោគឆ្លងនានា រីករាលដាលចូលក្នុងប្រទេសគេនោះទេ។ ជាក់ស្តែងនៅក្នុងប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ កំពុងតែផ្ទុះការរីករាលដាលជំងឺផ្តាសាយជ្រូកពេញផ្ទៃប្រទេសយកតែម្តង។

មូលហេតុបែបនេះហើយទើបរដ្ឋាភិបាលវៀតណាមបានសម្លាប់ជ្រូកអស់ប្រមាណ ១,២លានក្បាលចោលនៅក្នុងប្រទេសរបស់ខ្លួនដើម្បីបង្ការពីការរីករាលដាលនៃជំងឺផ្តាសាយជ្រូកទៅប្រទេសជិតខាង។ នេះបើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលវៀតណាមបានថ្លែងកាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅនេះ។

រូបតំណាង

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ការបរិភោគសាច់ជ្រូកសរុបនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍យើង គឺកើនឡើងប្រមាណជាបីភាគបួននៃចំនួនជ្រូកចិញ្ចឹមជាង ៣០លានក្បាល។

យ៉ាងណាមិញ ជំងឺផ្តាសាយជ្រូកនេះបាននិងកំពុងតែរីករាលដាលនៅក្នុងប្រទេសវៀតណាមអស់រយៈពេលជាង ៤ខែមកហើយ ពោលគឺមេរោគមួយនេះត្រូវបានរកឃើញតាំងពីខែកុម្ភៈមកម្ល៉េះ ហើយវាបានរីករាលដាលទៅដល់ខេត្តចំនួន ២៩ខេត្តនៅក្នុងប្រទេសវៀតណាម រួមមាន ខេត្ត Dong Nai ដែលជាខេត្តដ៏សំខាន់មួយដែលផ្គត់ផ្គង់សាច់ជ្រូកប្រមាណ ៤០% ដល់ទៅទីក្រុងហូជីមិញទាំងមូល

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ហានិភ័យនៃមេរោគផ្តាសាយជ្រូកដែលកំពុងតែរីករាលដាលនេះគឺមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ហើយការវិវឌ្ឍន៍នៃការផ្ទុះរាតត្បាតនៃជំងឺនេះគឺពិតជាមានលក្ខណៈស្មុគស្មាញខ្លាំងណាស់។ 

បើទោះបីជាជ្រូកជាង ១,២លានក្បាលត្រូវបានសម្លាប់ចោលក្តី ក៏នៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសវៀតណាម នៅតែមិនអាចទប់ស្កាត់ជំងឺរីករាលត្បាតនេះបានទាំងស្រុងនោះទេ។ មូលហេតុគឺដោយសារតែរដ្ឋាភិបាលខ្វះធនធាន (ថវិកា) និងកន្លែងកប់សត្វជ្រូកងាប់ទាំងនោះឱ្យបានត្រឹមត្រូវ។

រូបតំណាង

ដោយសារតែបញ្ហានេះធ្ងន់ធ្ងរពេក ទើបអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) កាលពីខែមីនា បានផ្តល់ជាយោបល់ដល់ប្រទេសវៀតណាមឱ្យប្រកាសគ្រាអាសន្នថ្នាក់ជាតិពីការផ្ទុះរាតត្បាតនៃជំងឺផ្តាសាយជ្រូកនេះនៅក្នុងប្រទេស។

យ៉ាងណាមិញ ជាអកុសល ជំងឺផ្តាសាយជ្រូកក៏កាចសាហាវនេះ មិនត្រឹមតែមាននៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរីករាលដាលដល់ប្រទេសចិនផងដែរ។

ដោយឡែក យោងតាមទីភ្នាក់ងារស្បៀងអាហារប្រចាំប្រទេសសិង្ហបុរីបានឱ្យដឹងថា ប្រទេសវៀតណាម មិនត្រូវបានអនុញ្ញាតឱ្យធ្វើការនាំចូលសាច់ជ្រូកចូលក្នុងប្រទេសសិង្ហបុរីនោះទេ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]