អេស្ប៉ាញ៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspurs ត្រូវបានគេរាយការណ៍ថា បានទទួលការទាក់ទងពីក្លិប Real Madrid អំពីបញ្ហាការយល់ព្រមដាក់ឱ្យខ្ចីជើងកីឡាករ Gareth Bale។ Bale បានចាកចេញពីក្លិប Spurs ទៅកាន់ Real Madrid ក្នុងតម្លៃ ៨៦លានផោន ដែលជាតម្លៃខ្ពស់បំផុតមួយនាពេលនោះ។ ប៉ុន្តែពេលនេះ Bale ហាក់កំពុងមានបញ្ហាជាមួយ Real Madrid ជាពិសេសជាមួយគ្រូបង្វឹករបស់ក្លិបគឺលោក Zidane ផ្ទាល់តែម្តង។

លោក Zidane ជាមួយកីឡាករ Gareth Bale

បើយោងតាម The Sun បានឱ្យដឹងថា បច្ចុប្បន្ននេះ Bale កំពុងទទួលបានប្រាក់ឈ្នួល ៦០០,០០០ផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែដោយសារតែបញ្ហារកាំរកូសច្រើនរវាងកីឡាករសញ្ជាតិវេលស៍រូបនេះ ជាមួយលោក Zidane ក្លិបក៏បានសម្រេចចិត្តក្នុងការដាក់កីឡាកររូបនេះឱ្យក្លិបផ្សេងខ្ចីជើង។ យ៉ាងណាមិញ Real Madrid ក៏មានលក្ខខណ្ឌមួយចំនួនសម្រាប់ក្លិបដែលចង់ខ្ចី Bale យកទៅចូលរួម គឺក្លិបត្រូវតែហ៊ានចំណាយប្រាក់ឈ្នួល ២៥០,០០០ផោនក្នុងមួយសប្តាហ៍ រួមទាំងតម្លៃ ១០លានផោនសម្រាប់ការខ្ចីកីឡាកររូបនេះ។

Tottenham Hotspur ត្រូវគេដឹងថា កំពុងចង់បានកីឡាករ Gareth Bale ដែរ ប៉ុន្តែត្រូវដកថយទៅវិញ ដោយសារតែតម្លៃខ្លួន រួមទាំងប្រាក់ឈ្នួលដ៏ខ្ពស់សម្បើមរបស់កីឡាកររូបនេះ។ ជាក់ស្តែង បើតាមលក្ខខណ្ឌខាងលើនេះ Spurs ដែលកំពុងចង់បាន Bale ស្រាប់ផងនោះ អាចនឹងពិចារណាក្នុងការនាំយកកីឡាកររូបនេះមកកាន់ទីក្រុងឡុងដ៏សាជាថ្មីម្តងទៀត៕

កីឡាករ Gareth Bale
កីឡាករ Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]