រាជធានីភ្នំពេញ ៖ បុរសជាអ្នកជាបេះកញ្ឆែតលក់ម្នាក់ ខណៈជិះម៉ូតូឆ្លងផ្លូវ(បញ្ឆិត)ខ្វះការប្រុងប្រយ័ត្ន ត្រូវបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ បើករថយន្តបុកយ៉ាងពេញទំហឹង បណ្តាលអ្នករងរបួសបែកផ្លោកនោមធ្ងន់ធ្ងរ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ឧសភា ស្ថិតលើផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ ខណៈក្រោយកើតហេតុភ្លាមៗ ភាគីខាងរថយន្តបានព្យាយាមបើកគេចខ្លួន ។
ជនរងគ្រោះខាងលើឈ្មោះសឿន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាបេះកញ្ឆែតលក់ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកស៊ុយសុគី វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1C-2365 ។ ចំណែកអ្នកបើករថយន្ត នៅសមត្ថកិច្ចមិនទាន់អោយស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា គាត់ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR 2687 ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុថា គេឃើញបុរសរងគ្រោះជិះម៉ូតូចេញពីកន្លែងបេះកញ្ឆែត គោលបំណងត្រលប់ទៅផ្ទះ ដោយបានជិះម៉ូតូឆ្លងផ្លូវលក្ខណៈបញ្ឆិត ឡើងផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង លុះម៉ូតូឆ្លងជិតផុតទៅហើយ ស្រាប់តែរថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ប្រផេះ បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ (បញ្ច្រាសទិសគ្នា) ពីជើងទៅត្បូងក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផង បានជ្រុលទៅបុកនិងម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសបែកផ្លោកនោមហូរឈាមសន្លប់ស្តូកស្តឹង ភ្លាមៗត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯម៉ូតូខ្ទេចស្រុញស្ទើរតែទាំងស្រុង ។
ដោយឡែក ខាងរថយន្តបានរងការខូចខាតខ្ទេចផ្នែកខាងមុខ ចំហៀងខាងស្តាំ និងបែកកង់ តែភ្លាមៗនោះដែរ អ្នកបើករថយន្តមិនព្រមឈប់រថយន្ត ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករថយន្តរត់គេចបាន២០០ម៉ែត្រពីកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តនិងអ្នកបើកបរយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌមានជ័យតែម្តង ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]