ចិន៖ វាគឺជារឿងធម្មតាទៅហើយសម្រាប់ប្តីប្រពន្ធ ដែលតែងតែលាក់លុយពីគ្នានោះ។ ជាក់ស្តែង ប្រសិនបើអ្នកគ្រោងនឹងធ្វើបែបនេះ សូមកុំដាក់លុយនៅក្នុងថូផ្កាឱ្យសោះ ព្រោះវាមិនមែនជាកន្លែងល្អសម្រាប់លាក់លុយនោះទេ។

តួយ៉ាង មានកូនស្រីតូចម្នាក់ បានធ្វើឱ្យបែកថូផ្កាដោយអចេតនានៅក្នុងផ្ទះ ហើយបានរកឃើញសុទ្ធតែលុយជាច្រើនដែលឪពុករបស់នាងខំសន្សំ និងលាក់ពីម្តាយនាង។

ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងក្នុងខេត្តក្វាងស៊ី ប្រទេសចិន កាលពីពេលថ្មីៗនេះ ដែលបង្ហាញឱ្យឃើញថា នៅពេលព្រឹកព្រលឹមមួយ ក្មេងស្រីម្នាក់នោះក៏ហាត់ប្រាណនៅក្នុងបន្ទប់ទទួលភ្ញៀវ មិនបានប្រយ័ត្ន នាងក៏ធ្វើឱ្យបែកថូផ្កា ហើយឃើញសុទ្ធតែលុយនៅក្នុងនោះ។

ក្រោយមក ម្តាយនាងក៏ចេញមកមើលនាង ហើយគាត់បាននិយាយថា៖

«ខ្ញុំកំពុងតែគេង ស្រាប់តែពេលនោះខ្ញុំក៏ឮសំឡេងខ្លាំងមួយចេញពីបន្ទប់ទទួលភ្ញៀវ។ ខ្ញុំក៏ប្រញាប់ទៅមើល បន្ទាប់មកខ្ញុំក៏ឃើញថូផ្កាបានបែក ហើយឃើញសុទ្ធតែលុយពេញដី។ ក្រោយមកខ្ញុំបានផ្ញើសារឱ្យប្តីខ្ញុំ ហើយបានហៅគាត់មកផ្ទះភ្លាម។ ទឹកមុខរបស់គាត់ក៏បានផ្លាស់ប្តូរភ្លាមៗ នៅពេលគាត់មកដល់ផ្ទះ» ។

ខាងប្រពន្ធក៏បាននិយាយបន្ថែមទៀតថា គាត់បានចំណាយពេលអស់មួយព្រឹកធំដើម្បីរាប់លុយទាំងនោះ ហើយរកឃើញថា លុយសរុបទាំងអស់មានចំនួនដល់ទៅ ៥,០០០យ័ន (៧៣២ដុល្លារ) តែប៉ុណ្ណោះ។ ចំណែកខាងប្តីក៏បាននិយាយថា គាត់បានសន្សំលុយនេះអស់រយៈពេល ១៣ឆ្នាំមកហើយ ពោលគឺគាត់បានចាប់ផ្តើមលួចដាក់លុយចូលក្នុងថូផ្កាដ៏ធំនេះតាំងពីឆ្នាំ២០០៦ មកម្ល៉េះ បន្ទាប់ពីពួកគេបានទិញផ្ទះនេះ។

យ៉ាងណាមិញ ក្រោយពេលមានរឿងនេះកើតឡើងហើយ ខាងប្តីគឺមិនបាននិយាយអ្វីច្រើននោះទេ គាត់ក៏បានជួយសម្អាតប្រពន្ធ។ ចំណែកខាងប្រពន្ធវិញ គាត់ក៏មិនបានខឹងនឹងប្តីគាត់នោះដែរ ផ្ទុយទៅវិញ បែរជាអស់សំណើចចំពោះរឿងនេះទៅវិញ ព្រោះអស់រយៈពេលជាង ១៣ឆ្នាំមកហើយ គាត់សន្សំលុយបានតែប៉ុន្មានពាន់យ័នតែប៉ុណ្ណោះ។

ដូច្នេះ យើងពិតជារីករាយណាស់ ដែលយ៉ាងណោចណាស់ពួកគេមិនបានឈ្លោះប្រកែកគ្នាដល់ថ្នាក់វាយថូផ្កា ឬរបស់របរនៅក្នុងផ្ទះបន្ថែមទៀត ក្រែងលោឃើញលុយបន្ថែមទៀត៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ថូផ្កានៅក្នុងផ្ទះ ពេលពុំទាន់បែក
ថូផ្កានៅក្នុងផ្ទះ ពេលបែកហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]