ភ្នំពេញ៖ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសពីការវិនិយោគថ្មីចុងក្រោយបំផុតរបស់ខ្លួនទៅលើក្រុមហ៊ុន SALA ដែលជាកម្មវិធីគ្រប់គ្រងដំណោះស្រាយសម្រាប់សាលារៀន ដែលមានមូលដ្ឋាននៅកម្ពុជា និងក្រុមហ៊ុន GoGames ដែលផ្លាតហ្វមហ្គេមកម្សាន្តក្នុងទូរស័ព្ទដៃ ដែលកំពុងដាក់ឲ្យដំណើរការនៅកម្ពុជា។ ការវិនិយោគបន្ថែមទាំងនេះ បានធ្វើឲ្យមូលនិធិអាជីវកម្មរបស់ SADIF ពង្រីកខ្លួនរហូតដល់ទៅ ៨ ក្រុមហ៊ុន ដោយក្រុមហ៊ុនអាជីវកម្មបែបឌីជីថលផ្សេងទៀតមានដូចជា ក្រុមហ៊ុន Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុន Agribuddy ក្រុមហ៊ុន Sousdey និងក្រុមហ៊ុន Okra Solar ។

ទាក់ទងនឹងការបញ្ជូលក្រុមហ៊ុនទាំង ២ នេះ លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ 

«ការវិនិយោគនេះបង្ហាញឲ្យឃើញថា បច្ចេកវិទ្យាឌីជីថលមានឥទ្ធិពលលើរបៀបដែលយើងរៀនសូត្រ និងការលេងកម្សាន្ត។ ក្រុមហ៊ុន SALA ពង្រឹងអំណាចដល់សាលារៀននិងស្ថាប័នអប់រំ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាព និងការគ្រប់គ្រងទិន្នន័យរបស់សិស្ស ដោយឡែកក្រុមហ៊ុន GoGames ជាផ្លាតហ្វមហ្គេមតាមទូរស័ព្ទដៃអនុញ្ញាតអ្នកចូលចិត្តលេងហ្គេមរីករាយជាមួយហ្គេមរាប់រយជាមួយការជាវដោយភាពងាយស្រួលលើឧបករណ៍ប្រើប្រាស់របស់ពួកគេ»។
SALA Founding Team

ក្រុមហ៊ុន SALA: កម្មវិធីឌីជីថលសម្រាប់គ្រប់គ្រងសាលារៀន

SALA គឺជាកម្មវិធីគ្រប់គ្រងសាលារៀន ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ និងសាកលវិទ្យាល័យ។ ជាមួយនឹងកម្មវិធីផ្សេងៗដូចជា ការគ្រប់គ្រងសិស្ស ធនធានមនុស្ស ការបង់ប្រាក់ ព្រមទាំងរដ្ឋបាលសម្រាប់សាលារៀន។ ប្រព័ន្ធរបស់ SALA អនុញ្ញាតឲ្យរដ្ឋបាលសាលារៀនធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការទំនាក់ទំនង និងគ្រប់គ្រងកម្មវិធីសិក្សាជាមួយគ្រូបង្រៀន សិស្ស និងអាណាព្យាបាល។ កម្មវិធីបច្ចុប្បន្នមានដូចជា តារាងពិន្ទុ តារាងពេលវេលា វត្តមាន របាយការណ៍ជាមូលដ្ឋាន និងការគ្រប់គ្រងកន្លែង។

SALA បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ ២០១៤ ជាក្រុមហ៊ុនផ្តល់សេវាពិគ្រោះយោបល់ផ្នែកព័ត៌មានវិទ្យាសម្រាប់គ្រឹះស្ថានអប់រំឯកជន។ ជាមួយនឹងការយល់ឃើញដ៏ជ្រាលជ្រៅចំពោះបញ្ហាជុំវិញការគ្រប់គ្រងសាលារៀន ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍកម្មវិធី SALA ដើម្បីជួយដល់រដ្ឋបាលសាលារៀនលើការប្រើប្រាស់កម្មវិធីឌីជីថលក្នុងប្រតិបត្តិការចម្រុះរបស់ពួកគេ ហើយជាលទ្ធផលកម្មវិធីនេះបានកាត់បន្ថយប្រាក់ចំណាយ និងបន្ទុកការងារ។

SALA all

ដើម្បីបង្ហាញពីសារៈសំខាន់របស់ក្រុហ៊ុន SALA លោក Mervyn Cheo ប្រធានក្រុមហ៊ុន Forte Investment Holdings និងជាសមាជិកគណៈកម្មាការវិនិយោគរបស់ SADIF បានមានប្រសាសន៍ថា៖

«បើគ្មានដំណោះស្រាយស្វ័យប្រវត្តិ ការរក្សាទុកទិន្នន័យ ឬការតាមដានព័ត៌មាន អាចជាឧបសគ្គចម្បង និងចំណាយច្រើនសម្រាប់សាលារៀន។ ពួកគេនឹងត្រូវចាប់យកបច្ចេកវិទ្យាថ្មីដូចជា SALA នៅពេលដែលសាលារៀនរីកលូតលាស់កាន់តែធំនិងស្មុគស្មាញឡើង។ ស្របពេលជាមួយគ្នានេះដែរ ទីផ្សារអប់រំនៅកម្ពុជាកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ដែលនេះតំណាងនូវឱកាសដ៏ធំមួយសម្រាប់ SALA»។

លោក សុខ លាភ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន SALA បានមានប្រសាសន៍ថា៖ 

«ក្រុមហ៊ុន SALA បានដាក់ឲ្យដំណើរការផ្ទាល់នៅឯវិទ្យាស្ថានអប់រំឯកជនឈានមុខគេមួយនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នយើងកំពុងទទួលបានអ្នកប្រើប្រាស់កម្មវិធីរបស់យើងច្រើនជាង ២០០០ នាក់នៅលើផ្លាតហ្វមរបស់យើង។ ការផ្តល់មូលនិធិ និងការឧបត្ថម្ភពីអាជីវកម្ម SADIF នឹងជួយយើងអភិវឌ្ឍកម្មវិធីផ្សេងៗបានពេញលក្ខខណៈ ដែលនឹងបំពេញតម្រូវការផ្សេងៗគ្នាដល់អតិថិជនដែលកំពុងតែកើនឡើង»។

ក្រុមហ៊ុន SALA ក៏កំពុងសហការជាមួយ New Generation School ដែលជាកម្មវិធីកំណែទម្រង់អប់រំទូទាំងប្រទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសាកល្បងប្រើដំណោះស្រាយនេះ នៅសាលារៀនរដ្ឋចំនួន ៤ សាលា។

ក្រុមហ៊ុន GoGames: កម្មវិធីហ្គេមក្នុងទូរស័ព្ទដៃស្រដៀង កម្មវិធីរបស់ Netflix

ដោយបានចាប់ដំណើរការក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន GoGames គឺជាកម្មវិធីហ្គេមសម្រាប់ជាវតាមទូរស័ព្ទដៃសម្រាប់ប្រព័ន្ធ Android ដែលមានកម្មវិធីហ្គេមជាង៤០០កម្មវិធី។ ក្រុមហ៊ុននេះផ្តោតលើទីផ្សារដែលកំពុងរីកចម្រើន និងត្រូវបានគេដាក់ឈ្មោះឲ្យថា "Netflix of Games" ដោយសារតែគំរូអាជីវកម្មរបស់ខ្លួន ភាពងាយស្រួល និងជម្រើសផ្សេងៗ។ ក្រុមហ៊ុន GoGames អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចូលទៅកាន់កម្មវិធីហ្គេមល្បីៗដោយមិនមានកម្មវិធីផ្សាយពាណិជ្ជកម្ម ឬការជាវតាមរយៈកម្មវិធីនោះតែម្តង ដោយតាមតម្លៃជាងប្រចាំខែដែលមានការប្រកួតប្រជែងក្នុងទីផ្សារ។

ក្រុមហ៊ុន GoGames បច្ចុប្បន្ន កំពុងតែដំណើរនៅប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ស្រីលង្កា និងប្រទេសថៃ។ ក្រុមហ៊ុននេះក៏មានគោលដៅក្នុងការចាប់ផ្តើមដាក់ឲ្យដំណើរនៅប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

លោក Taro Araya ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន GoGames បានមានប្រសាសន៍ថា៖ 

«បើទោះបីទីផ្សារហ្គេមលើទូរស័ព្ទចល័តរបស់ទ្វីបអាស៊ី មានភាពចង្អៀត និងការប្រកួតប្រជែងខ្លាំងក៏ដោយ ប៉ុន្តែ យើងបានស្រូបទាញយកអ្នកប្រើប្រាស់ច្រើនជាង ៦៥០ ០០០ នាក់ នៅត្រឹមដើមឆ្នាំ ២០១៩ និងបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនទូរស័ព្ទចល័តជាច្រើន នៅក្នុងតំបន់នេះ។ ការវិនិយោគថ្មីចុងក្រោយនេះពីអាជីវកម្ម SADIF នឹងជួយឲ្យផែនការកំពុងតែរីកចម្រើនរបស់យើងក្លាយជាការពិត»។
GoGames App

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានបន្ថែមថា៖ 

«ការរីកចម្រើនរបស់បច្ចេកវិទ្យាចល័ត និងការផ្តល់កញ្ចប់ទិន្នន័យដែលមានតម្លៃសមរម្យ គឺជាកត្តាដ៏សំខាន់ក្នុងការទទួលជោគជ័យទៅលើកម្មវិធីហ្គេមលើទូរស័ព្ទចល័ត។ សព្វថ្ងៃនេះ លោកអ្នកអាចដាក់វីដេអូហ្គេមក្នុងហៅប៉ៅរបស់អ្នក និងលេងហ្គេមនោះ ពេលណាក៏បាន ក្នុងតម្លៃថោកសមរម្យ។ ក្រុមហ៊ុន GoGames បានបង្ហាញឲ្យថា ពួកគេមានសមត្ថភាពក្នុងការផ្តល់តម្លៃដែលមានភាពផ្សេងគ្នាទៅកាន់អ្នកចូលចិត្តលេងហ្គេមជាយុវជននៅអាស៊ី ដែលនឹងនាំឲ្យមានឱកាសនៃការបង្កើតកម្មវិធីរកប្រាក់បានជាច្រើនទៅថ្ងៃអនាគត»។
GoGames Team

ការវិនិយោគវគ្គនេះ SADIF បានធ្វើការសហវិនិយោគជាមួយមូលនិធីបណ្ដាក់ទុនសកល SOSV និង MOX ដែលជាផ្នែកមួយនៃអ្នកជំរុញការវិវត្ដតាមរយៈទូរស័ព្ទតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមទៀតទាក់ទងនឹងមូលនិធិ SADIF សូមតាមដានលើទំព័រ “Smart for Cambodia” Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់ www.sadif.com.kh ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]