ខេត្តតាកែវ ៖ លោក​អភិបាលស្រុក​បាទីបាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ទាំងអស់ សូម​ផ្អាក​ការ​មក​ងូតទឹក​លេង​កម្សាន្តនៅ​ក្នុង​ល្អាង​ភ្នំ​ចំបាប់​នេះជា​បណ្ដោះអាសន្ន ដោយ​ក្រុមការងារ​សន្និដ្ឋាន​ថា ទឹក​នេះ​ សង្ស័យ​មាន​ផ្ទុក​សារធាតុ​គីមី ។

បន្ទាប់​ពី​ឃើញ​មហាជន​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​លេង និង​ងូតទឹក​កម្សាន្ត​នៅ​ទឹក​ល្អាង​ភ្នំ​ចំបាប់ ដែល​ជា​ល្អាង​កើត​ចេញពី​ការ​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្មភ្នំ​នោះ នៅ​​រសៀល​ថ្ងៃ​ទី​២៩ មេ​សា លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ហើយ​រក​ឃើញ​ថា​ ទឹក​នេះ​មានការ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ទៅ​មុជទឹក​លេង ។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទីបាន​ប្រាប់​ថា ជំ​ហាន​ដំបូង​យើង​ពិនិត្យ​រក​ឃើញ ក្មេង​ប្រុស​ម្នាក់ បន្ទាប់​ពី​ងូតទឹក​ក្នុង​ល្អាង​នេះ​រួច​ហើយ មាន​ចេញ​កន្ទួល​រមាស់នៅ​លើ​ស្បែក​ពេញ​ខ្លួន និង​មាន​ក្មេង​ដទៃ​ទៀត ក៏​មាន​រមាស់​ពេញ​ខ្លួន​ដែរ ​ដែល​ទាំង​អស់នេះ​យើង​សន្និដ្ឋាន​បាន​ថា ​ជា​ផល​ប៉ះពាល់មក​ពី​ងូតទឹក​ក្នុង​ល្អាង​ភ្នំ​ចំបាប់​នេះ ។

អភិបាលស្រុក​បាទី​រូប​នេះបាន​បន្ត​ថា ដើម្បី​ជ្រាប​ច្បាស់ និង​ស្វែង​យល់​ពី​ព័ត៌មាន​លម្អិត​អំពី​ទឹក​នៅ​ក្នុង​ល្អាង​ភ្នំ​ចំបាប់​នេះ លោក​ណែនាំ​ដល់​មន្ត្រី​ជំនាញ នាំ​យក​ទឹក​ក្នុង​ល្អាង​នេះ​ទៅ​ធ្វើការ​ពិសោធន៍​បន្ត នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចង់​ស្វែង​យល់​នូវ​ព័ត៌មាន​ជាក់លាក់ ថា​ទឹក​ក្នុង​ល្អាង​នេះ មាន​ផ្ទុក​នូវ​សារធាតុ​អ្វីខ្លះ ? ហើយ​មានការ​ប៉ះពាល់​ដល់​សុខភាព​កម្រិត​ណា ?

លោក​បាន​បញ្ជាក់​ដែរ​ថា ទឹក​ក្នុង​ល្អាង​ភ្នំ​ចំបាប់ ស្ថិត​នៅ​ភូមិ​តា​នប់ ឃុំ​ត្នោត ស្រុក​បាទី កើត​ចេញពី​ការ​ដាក់​រំសេវ​បំផ្ទុះ ដើម្បី​យក​ថ្មភ្នំ​របស់​ក្រុមហ៊ុន​មួយ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចប់​អាណត្តិ​វិនិយោគ គឺ​បាន​បន្សល់​ទុក​រណ្ដៅ​ជ្រៅ ធំ​ៗ​មានទឹក​ដក់ ដែល​យើង​មើល​ឃើញនឹងភ្នែក​ថា​មានទឹក​ល្អ​សា្អ​ត ប៉ុន្តែ​មិនដឹង​មាន​សារធាតុ​អ្វីខ្លះ​នោះ​ទេ ។

លោ​កថា​រហូត​ដល់​មានការ​បញ្ជាក់​ច្បាស់លាស់ ពី​ខាង​ក្រសួង​ជំនាញ​ជា​មុន​សិន ទើប​អាជ្ញាធរ​សម្រេច​បើក​ឲ្យ​ចូល​មក​កម្សាន្ត​បន្ត​ទៀត ។ សម្រាប់​ល្អាង​ភ្នំ​ចំបាប់​នេះ​ មើល​ពី​ចម្ងាយ​ឃើញ​មាន​ទេសភាព មាន​ទិដ្ឋភាព​ស្រស់​ត្រកាល​គួរ​ឱ្យ​គយគន់ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង​អាច​មាន​គ្រោះថ្នាក់​ខ្លាំង ដោយសារ​មាន​ផ្ទាំង​ថ្មភ្នំ​មួយ​ចំនួន កំពុង​ប្រេះស្រាំ​ជា​ច្រើន​កន្លែង ដោយសារ​កម្លាំង​នៃ​គ្រឿង​បំផ្ទុះ​ដែល​អាច​បាក់​ធ្លាក់​ចុះ​មកគ្រប់​ពេល​វេលា និង​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ដល់​អាយុជីវិត​ជាយថាហេតុ ៕ ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]