ចិន៖ នេះពិតជារឿងដ៏សែនក្តុកក្តួលរបស់គ្រូពេទ្យស្រីម្នាក់ កំពុងតែជួយសង្រ្គោះជីវិតបុរសចិត្តល្អម្នាក់ ដែលធ្លាប់បានជួយរូបនាងកាលពីជាង ១១ឆ្នាំមុន ហើយរឿងនេះកំពុងតែល្បីកក្រើកនៅលើបណ្តាញសង្គមចិន។

កាលពីជាង១១ឆ្នាំមុន មានបុរសចិត្តល្អម្នាក់បានជួយក្មេងស្រីម្នាក់ឈ្មោះ Tam Ling បន្ទាប់ពីក្រុមគ្រួសារនាងបានជួបប្រទះនូវគ្រោះរញ្ជួយដីដ៏សែនធំមួយ។ 

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ពេលនោះក្មេងស្រី Ling គឺជាកូនស្រីច្បងដែលទទួលបន្ទុកនៅក្នុងគ្រួសារ នាងត្រូវមើលថែរក្សាប្អូនស្រីពីរនាក់ និងឪពុកពិការម្នាក់ ខណៈពេលម្តាយនាងមានជំងឺរ៉ាំរ៉ៃជាប់ខ្លួនទៀត។

គ្រោះរញ្ជួយដីកម្រិត៧.៩វិចទ័រនៅក្នុងឆ្នាំ២០០៨ បានលេបត្របាក់ បំផ្លិចបំផ្លាញផ្ទះសម្បែងរបស់នាងអស់ទាំងស្រុងនៅក្នុងខេត្តស៊ីឈួន ប្រទេសចិន។ ដោយពុំមានលទ្ធភាពក្នុងការសាងសង់ផ្ទះសម្បែងឡើងវិញ ក្មេងស្រី Ling និងគ្រួសាងនាងត្រូវបង្ខំចិត្តទៅរស់នៅជាមួយនឹងផ្ទះអ្នកជិតខាង។

គ្រោះរញ្ជួយដីក្នុងឆ្នាំ២០០៨ បំផ្លិចបំផ្លាញផ្ទះសម្បែង

មានថ្ងៃមួយបុរសចិត្តល្អម្នាក់ឈ្មោះ Zheng Hua ក៏បានដឹងរឿងនេះ ហើយក៏មានចិត្តអាណិតអាសូរ រូបនាងជាខ្លាំង ព្រោះតែលោកធំលូតលាស់នៅក្នុងស្រុកស្រែចម្អារ រឿងរ៉ាវដ៏កំសត់របស់ក្មេងស្រីម្នាក់នេះ បានរម្លឹកលោកនូវជីវិតកាលពីកុមារភាពរបស់លោក។

ដូច្នេះលោក Hua ក៏បានឱ្យលេខទូរស័ព្ទលោកទៅក្មេងស្រី Ling ថាពេលដែលនាងរៀនចប់ថ្នាក់វិទ្យាល័យឱ្យនាងតេមករកលោក។

ក្រោយមក បន្ទាប់ពីនាងរៀនចប់វិទ្យាល័យ ឪពុក Ling ក៏បានតេទៅលោក Zheng Hua ហើយបានសុំឱ្យលោកជួយ Ling ផងដែរ។

ដោយមានការជួយណែនាំរបស់លោក Hua ក្មេងស្រី Ling ក៏បានចូលរៀនពេទ្យនៅសាកលវិទ្យាល័យមួយកន្លែង ហើយលោកថែមទាំងបានជួយបង់ថ្លៃសិក្សាដំបូងឱ្យនាង បូកនឹងប្រាក់ចំនួន ៦៤០ដុល្លារឱ្យនាងបន្ថែមទៀត។ 

ក្រៅពីនេះ លោកក៏បានជួយផ្គត់ផ្គង់ការសិក្សារបស់ប្អូនស្រី Ling ផងដែរ។

១១ឆ្នាំក្រោយមក ក្មេងស្រី Tam Ling រូបនេះ ក៏បានក្លាយជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យពេទ្យមួយកន្លែង។ 

អ្នកគ្រូពេទ្យ Tam Ling និងលោក Zheng Hua

ដោយឡែក កាលពីខែមុននេះ លោក Hua ស្រាប់តែបាត់បង់ស្មារតី ខណៈពេលកំពុងតែប្រជុំការងារ។ លោកត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានរកឃើញថា លោក Hua មានជំងឺប៉ោងសរសៃឈាមខួរក្បាល។

«គ្រូពេទ្យបាននិយាយថា ខ្ញុំហូរឈាមនៅខាងក្នុងខួរក្បាល ហើយខ្ញុំនឹងស្លាប់គ្រប់ពេល ប្រសិនបើស្ថានភាពមិនអាចគ្រប់គ្រងបាន។» (សម្តីរបស់លោក Hua)

យ៉ាងណាមិញ នៅពេលអ្នកគ្រូពេទ្យ Tam Ling ដឹងថាបុរសដែលធ្លាប់ជួយរូបនាងកាលពី១១ឆ្នាំមុននោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យរបស់នាងនោះ នាងបានប្រញាប់ទៅរៀបចំអ្វីៗគ្រប់យ៉ាងឱ្យលោកភ្លាមៗយកតែម្តង។ ព្រោះតែភរិយារបស់លោក Hua កំពុងតែធ្វើការឆ្ងាយនៅពេលនោះ។ ដូច្នេះអ្នកគ្រូពេទ្យ Ling និងស្វាមីនាង បានជួយរៀបចំឱ្យលោក Hua ធ្វើការវះកាត់ជាបន្ទាន់ ដោយពួកគេបានចុះហត្ថលេខាលើការវះកាត់ និងជួយដោះស្រាយដំណើរការផ្សេងៗទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅរួច។ 

ជាមួយនឹងការរៀបចំយ៉ាងពិសេសរបស់អ្នកគ្រូពេទ្យ Ling បានជួយពន្លឿនការព្យាបាល ហើយបានជួយលោក Hua ទទួលបានការវះកាត់ជាបន្ទាន់ ដោយមិនចាំបាច់ដូចជាអ្នកជំងឺផ្សេងទៀតនោះទេ។

លោក Zheng Hua កំពុងតែបម្រុងចូលបន្ទប់វះកាត់

«១១ឆ្នាំមុន ខ្ញុំបានជួយផ្គត់ផ្គង់ការសិក្សាឱ្យនាងរៀនពេទ្យ។ ១១ឆ្នាំក្រោយ នាងបានជួយសង្រ្គោះជីវិត ខ្ញុំវិញ! ខ្ញុំចែករំលែករឿងនេះ គ្រាន់តែចង់លើកទឹកចិត្តឱ្យអ្នកដទៃបន្តចែកចាយ និងធ្វើអំពើល្អតែប៉ុណ្ណោះ។»

យ៉ាងណាមិញ រឿងនេះបានល្បីពេញបណ្តាញសង្គមចិន ហើយវាគឺជារឿងដ៏សែនក្តុកក្តួលពិតមែន។ មនុស្សម្នាជាច្រើននាក់សុទ្ធសឹងតែសង្ឃឹមថាលោក Zheng Hua នឹងអាចជាសះស្បើយក្នុងពេលឆាប់ៗនេះទៅចុះ។ ដូច្នេះការធ្វើអំពើល្អពិតជាមិនសាបសូន្យនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]