ចិន៖ លោកតាចំណាស់វ័យ ៧២ឆ្នាំ ជនជាតិចិនម្នាក់ កើតមានជំងឺសតិមិនល្អ (ឬសរសៃប្រសាទ) រហូតត្រូវបានគ្រួសារសាច់ញាតិសម្រេចដាក់ច្រវាក់ជើង មិនឲ្យដើរចេញទៅណាក្រៅពីក្នុងផ្ទះ ដែលធ្វើឲ្យមហាជនជាច្រើនសម្ដែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង។

លោកតាចំណាស់ត្រូវសាច់ញាតិដាក់ច្រវាក់ជើង

លោកតាកំសត់មានជំងឺប្រចាំកាយ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានគេដឹងរស់នៅក្នុងតំបន់ Ouhai ទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកតារូបនេះត្រូវបានសាច់ញាតិដាក់ច្រវាក់ជើងគាត់ ដែលមានប្រវែង ៣៩ហ្វីត (ឬប្រហែល ១១ម៉ែត្រ) ដោយពុំអនុញ្ញាតឲ្យលោកតាដើរចេញទៅណាបានឆ្ងាយ ក្រៅពីក្នុងផ្ទះនោះទេ។ ពោលគឺ លោកតាបានត្រឹមតែដេកសម្រាកនៅលើគ្រែ និងដើរអើតឡឺមចេញមកក្រៅត្រឹមរបងផ្ទះតែប៉ុណ្ណោះ។

លោកតាចំណាស់ត្រូវសាច់ញាតិដាក់ច្រវាក់ជើង

រឿងរ៉ាវមួយនេះ ត្រូវបានបែកធ្លាយបន្ទាប់ពីអ្នកជិតខាងរស់នៅក្នុងតំបន់ ឬអ្នកផ្ទះក្បែរគ្នា បានឃើញសកម្មភាពរបស់លោកតារងគ្រោះរូបនេះ ហាក់គួរឲ្យសង្វេគ (ពេលគាត់ដើរចេញមកខាងក្រៅទាំងជើងជាប់ច្រវាក់) ក៏បានរាយការណ៍ដំណឹងនេះ ដល់អាជ្ញាធរមូលដ្ឋានដើម្បីឲ្យចុះមកធ្វើអន្តរាគមន៍ និងសួរនាំតែម្តង។

ជុំវិញនឹងករណីនេះ បងប្អូនសាច់ថ្លៃ(ប្រុស)ម្នាក់ របស់លោកតារងគ្រោះ បានលើកឡើងឲ្យដឹង ចំពោះមូលហេតុដែលសាច់ញាតិសម្រេចដាក់ច្រវាក់ជើងគាត់បែបនេះ ក៏ព្រោះតែគាត់មានសតិមិនល្អ ហើយតែងតែរងរឿងគេឯង។ ពួកគេបានដាក់ច្រវាក់គាត់នេះ តាំងតែពីឆ្នាំមុនមកម៉្លេះ។ ប៉ុន្តែគាត់ក៏តែងត្រូវបានសាច់ញាតិដោះលែងគាត់វិញ ម្តងក្នុងមួយសប្តាហ៍ ដើម្បីនាំគាត់ដើរលេង(ក្បែរៗផ្ទះ)ផងដែរ។

លោកតាចំណាស់ត្រូវសាច់ញាតិដាក់ច្រវាក់ជើង

បងប្អូនសាច់ថ្លៃខាងលើនេះ បានរៀបរាប់ទៀតថា ឥឡូវនេះសល់តែលោកម្នាក់ប៉ុណ្ណោះ ដែលជួយមើលថែបងប្រុស (លោកតា) នេះ។ ព្រោះថាស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ ហើយនៅក្នុងផ្ទះគាត់ថែមទាំងមិនដែលនិយាយជាមួយនឹងអ្នកណាទាំងអស់។ លោកក៏បានប្រាប់អ្នកជិតខាង កុំឲ្យមកក្បែរគាត់ផងដែរ ព្រោះតែខ្លាចគាត់វ៉ៃគេ។ លោកដាក់ច្រវាក់បងប្រុសបែបនេះ ក៏ព្រោះតែចង់ធានាសុវត្ថិភាពដល់គាត់ និងអ្នកដទៃតែប៉ុណ្ណោះ។ ម្យ៉ាងគាត់តែងតែដើរវង្វេងផ្ទះនៅរាល់ពេលចេញក្រៅម្តងៗ។

លោកតាចំណាស់ត្រូវសាច់ញាតិដាក់ច្រវាក់ជើង

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះទៀតសោត សាស្រ្តាចារ្យ Xu Xudong នៃសាកលវិទ្យាល័យសង្គមវិទ្យា Wenzhou University ក៏បានមានប្រសាសន៍លើកឡើងដែរថា ការធ្វើបែបនេះដល់មនុស្សចាស់ ឬឃុំឃាំងពួកគាត់ទុកនៅក្នុងផ្ទះ គឺជាការគំរាមកំហែងមួយដ៏អាក្រក់។ យល់ល្អគួរតែនាំពួកគាត់ទៅស្ថាប័នសុខាភិបាល ដើម្បីទទួលបានការព្យាបាលទើបជាការប្រសើរ។

គួរឲ្យដឹងផងដែរថា គេមិនច្បាស់ទេថា អាជ្ញាធរមូលដ្ឋាននឹងមានវិធានការបែបណា ចំពោះករណីមួយនេះ ឬបន្តការស៊ើបអង្កេតនោះឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

លោកតាចំណាស់ត្រូវសាច់ញាតិដាក់ច្រវាក់ជើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]