ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ហ្វូង​ដំរីព្រៃ​ជា​ច្រើន​ក្បាល​បាន​បង្ហាញខ្លួន​ម្តង​នៅ​បរិវេណ​ខាងក្រោយ​សាលាស្រុក​កែវ​សីមា និង​នៅ​ចំណុច​ស្រះ​ទឹក ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ដងផ្លូវ​ជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រេ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

វត្តមាន​ជា​ថ្មី​របស់​ហ្វូង​ដំរីព្រៃ​ទាំងនោះ គឺ​តាំងពី​ថ្ងៃ​២០ មេ​សា ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា​នេះ​ពួក​វា​កំពុង​ស្ថិត​នៅ​ចំណុច​ដដែល ។ ជា​ទូទៅ​ដំរីព្រៃ​ទាំងនោះ​តែង​ចេញ​មក​ចំណុច​ខាងលើ​នៅ​រៀង​រាល់​ឆ្នាំ​ក្នុង​អំឡុង​រដូវ​នេះ ព្រោះ​ទីតាំង​ខាងក្រោយ​សាលាស្រុក​កែវ​សីមា និង​បរិវេណ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​ជា​ជម្រក​ចាស់​របស់​ពួក​វា ។

ទោះ​យ៉ាងណា​ហ្វូង​សត្វ​ដំរី​ទាំងនេះ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ទេ គិត​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​បាន​ឃ្លាំមើល​កា​រប​ម្លា​ស់​ទី​របស់​ពួក​វា​ជា​ប្រចាំ ដើម្បី​បង្ការ​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ពី​សកម្មភាព​របស់​ពួក​វា​មក​លើ​អ្នកស្រុក ។ លោក​បន្ថែម​ថា ហ្វូង​ដំរី​ទាំងអស់​មាន​ចំនួន​៧​ក្បាល ហើយ​ការ​ចេញពី​ព្រៃ​ជ្រៅ​មក​ក្បែរ​ភូមិ​អ្នកស្រុក គឺ​ពួក​វា​មក​ផឹកទឹក និង​ស៊ី​ចំណី ។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​សម្រាប់​ខេត្តមណ្ឌលគិរី​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ជា​រឿង​ដ៏​ប្រសើរ​មួយ ព្រោះថា​ក្នុង​ព្រៃ​នៅ​តែ​មាន​ប្រភព​ទឹក ដើម្បី​ឲ្យ​សត្វព្រៃ​ផឹក ហើយ​ករណី​នេះ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អង្គការ WCS ក្នុង​ត​បន់​ក៏​បាន​ត្រៀម​ដឹក​ទឹក​ទៅ​ចាក់​ក្នុង​ថ្លុក ឬ​ត្រពាំង​ក្នុង​ព្រៃ​ឲ្យ​មាន​ប្រភព​ទឹកជា​ប្រចាំ​ដែរ ប្រសិនបើ​ប្រភព​ទឹក​នោះ​ត្រូវ​រីង​ហួត ។

នៅ​រដូវប្រាំង​បែប​នេះ​ដែរ មន្ត្រី​ជំនាញ​ក៏​នឹង​បង្កើន​ការ​ល្បាត​ព្រៃ និង​ចាំ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ព្រោះ​ព្រានព្រៃ​តែង​ចេញ​ប្រមាញ់​ក្នុង​រដូវ​នេះ ហើយ​ការ​បរបាញ់​សត្វព្រៃ​ពី​សំណាក់​ជនល្មើស គឺ​ធ្វើ​ឡើង​នៅ​តំបន់​មាន​ប្រភព​ទឹក​ដែល​សត្វព្រៃ​អាស្រ័យ​ប្រចាំ​ថ្ងៃ​នោះ ។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ចំនួន​សត្វ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​ចន្លោះ​ពី​៣៧០​ក្បាល ទៅ​៥០០​ក្បាល គឺ​មានការ​កើនឡើង ហើយ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ គឺ​ដំរី​អាស៊ី ។ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​ទៅ​មើល ឬ​ថតរូប​ហ្វូង​ដំរី​ទាំងនោះ សូមកុំ​បង្ក​កា​រំខាន​ដល់​ពួក​វា ដែល​អាច​មាន​គ្រោះថ្នាក់​នានា​ព្រោះ​ច​រិ​ក​ដំរីព្រៃ បើ​យើង​មិន​រំខាន​វា​ទេ វា​ក៏​មិន​ធ្វើ​អី​ដល់​មនុស្ស​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]