ថ្មីៗនេះ នៅប្រទេសចិន ខ្សែភាពយន្តគំនូរជីវចលថ្មីមួយដែលផលិតឡើងដោយមនុស្សត្រឹមតែពីរនាក់ និងមានថវិកាផលិតតិចតួចបំផុត បានក្លាយជាភាពយន្តដែលទទួលបានជោគជ័យយ៉ាងខ្លាំងដោយមិននឹកស្មានដល់នៅតាមរោងភាពយន្តក្នុងឆ្នាំនេះ ដែលនេះជាការបញ្ជាក់ថា ទ្រឹស្តីខាងលើក៏អាចអនុវត្តបានចំពោះវិស័យគំនូរជីវចលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាពយន្តដែលមានចំណងជើងថា "Niu Lai" (ឬអាចបកប្រែបានថា "Here Comes the Cow" ឬ "The Arrival of the Ox" ដំណើរមកដល់របស់សត្វគោបា ) ត្រូវបានដាក់បញ្ចាំងនៅប្រទេសចិនកាលពីថ្ងៃទី ៥ ខែសីហា ដោយគ្មានយុទ្ធនាការទីផ្សារ គ្មានការផ្សព្វផ្សាយ និងគ្មានវីដេអូខ្លីៗសម្រាប់ណែនាំរឿង (trailer) ឡើយ។

ក្នុងរយៈពេល ១០ ថ្ងៃដំបូង ភាពយន្តនេះត្រូវបានគេរាយការណ៍ថារកចំណូលបានត្រឹមតែ ៧,៧០០ យន់ (ស្មើនឹង ១,០៧០ ដុល្លារអាមេរិក) ប៉ុណ្ណោះ ដោយលក់សំបុត្របានតិចជាង ៣០០ សន្លឹកនៅទូទាំងប្រទេស។
ប៉ុន្តែក្រោយមក មនុស្សម្នាបានចាប់ផ្តើមចែករំលែកវីដេអូខ្លីៗនៃភាពយន្តនេះនៅលើអ៉ិនធឺណិត ហើយចំណងនៃក្តីស្រឡាញ់មួយបានកើតឡើងរវាងទស្សនិកជនចិន និងភាពយន្តដែលមានរូបរាងប្លែកខុសគេ ដែលមានតែម្តាយបង្កើត ឬអ្នកស្រឡាញ់ភាពយន្តដែលធុញទ្រាន់នឹងភាពយន្តដែលមានរូបភាពដដែលៗ និងផលិតដោយបញ្ញាសិប្បនិម្មិត (AI) ដ៏អន់ប៉ុណ្ណោះ ទើបអាចពេញចិត្តបាន។

នៅដំណាក់កាលដំបូង មនុស្សជាច្រើនបានចំអកឱ្យភាពយន្តនេះ ដោយសារតែចលនារូបភាព (animation) ដែលមើលទៅរឹងៗ ការប្រើប្រាស់សំឡេងមិនធម្មតា និងសាច់រឿងដែលពិបាកយល់។ ប៉ុន្តែនៅពេលដែលរឿង *Niu Lai* ក្លាយជាបាតុភូតដ៏ល្បីល្បាញលើបណ្តាញសង្គម (meme) ការចង់ដឹងចង់ឃើញបានទាក់ទាញទស្សនិកជនឱ្យចូលទៅទស្សនាក្នុងរោងភាពយន្ត។ យោងតាមវេទិកាលក់សំបុត្រភាពយន្តរបស់ចិនឈ្មោះ Maoyan ភាពយន្តនេះរកចំណូលបានជាង ១៤,៩ លានយន់ (២,១ លានដុល្លារ) ដែលធ្វើឱ្យវាអាចឈរនៅកម្រិតប្រហាក់ប្រហែលនឹងភាពយន្តធំៗដែលមានថវិកាផលិតខ្ពស់ជាងនេះឆ្ងាយណាស់ នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំថ្ងៃរបស់ប្រទេស។

ភាពយន្តនេះរៀបរាប់ពីដំណើររបស់កូនគោទើបនឹងកើតមួយក្បាល និងបក្សី skylark មួយក្បាល ឆ្លងកាត់ឈុតឆាកសុបិនបែបអរូបី ដែលស្វែងយល់ពីប្រធានបទនៃក្តីស្រឡាញ់ ភាពក្លាហាន ការតស៊ូ និងការលះបង់។ លោកស្រី Xin Yumeng និងលោក Sun Lifang ដែលគេដឹងថាជាម្តាយនិងកូន បានចំណាយពេលជាង ៥ ឆ្នាំដើម្បីផលិតភាពយន្តនេះ ដោយពួកគេដើរតួជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកផលិត អ្នកបញ្ចូលសំឡេង និងជាក្រុមការងារស្នូលផងដែរ។
ទស្សនិកជនមួយចំនួនពេញចិត្តចំពោះរចនាប័ទ្មនៃភាពយន្តដែលមើលទៅដូចជាការផលិតដោយដៃ (handmade) ដោយចាត់ទុកថាវាជាភាពខុសប្លែកដ៏ល្អមួយ បើធៀបនឹងភាពយន្តគំនូរជីវចលដែលផលិតយ៉ាងល្អឥតខ្ចោះដោយស្ទូឌីយោធំៗ ឬមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (genAI) ដែលមានគុណភាពទាប ហើយកំពុងជន់ជោរពេញបណ្តាញអ៊ីនធឺណិត និងរោងភាពយន្តនៅក្នុងប្រទេសតូចៗមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់មួយចំនួននៅក្នុងឧស្សាហកម្មភាពយន្តរបស់ចិនមិនសូវពេញចិត្តនឹងរឿងនេះប៉ុន្មានទេ ដោយពួកគេអះអាងថា ប្រជាប្រិយភាពដ៏ចម្លែករបស់ភាពយន្តនេះ បានកើតឡើងដោយសារតែការបាត់បង់ឱកាសសម្រាប់ភាពយន្តផ្សេងទៀតដែលមានគុណភាពផលិតល្អជាង។
មិនថាទស្សនិកជនសើចដោយសារភាពសប្បាយរីករាយជាមួយភាពយន្ត ឬសើចចំអកឱ្យភាពយន្តនោះទេ *Niu Lai* បានប្រែក្លាយសំឡេងសើចទាំងនោះទៅជាបាតុភូតដ៏អស្ចារ្យមួយនៅក្នុងវិស័យភាពយន្ត ដែលជាអ្វីដែលអ្នកផលិតភាពយន្តឯករាជ្យភាគច្រើនតែងតែប្រាថ្នាចង់បាន៕
បកប្រែពី៖ Cartoon Brew





