កម្សាន្ត៖ កាលពីថ្ងៃទី ២ ខែកុម្ភៈ កន្លងទៅនេះ យោងតាមគេហទំព័រ KoreaBoo បានឲ្យដឹងថា តារាសម្ដែងស្រី Song Hye Kyo បានក្លាយជាជនរងគ្រោះ ក្រោយត្រូវបានគេរិះគន់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាម ប្រភពបានមកពីអ្នកជំនាញការកម្សាន្តដ៏ល្បីល្បាញនៅប្រទេសកូរ៉េ ដែលបានចែករំលែករូបភាពឡើងវិញ របស់តារាស្រីរូបនេះ ក្នុងសន្និសីទសារព័ត៌មានសម្រាប់ខ្សែភាពយន្ត The Glory ហើយបានសរសើរ Song Hye Kyo ជា "ទេពធីតានៃសម្រស់កូរ៉េ" ។ ការបង្ហោះនេះ បានបង្កឱ្យមានការចម្រូងចម្រាសយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម រួមទាំងមតិអវិជ្ជមានជាច្រើន ដែលសំដៅទៅលើ Song Hye Kyo។

ក្នុងនោះដែរ តាមរយៈ គេហទំព័រ KoreaBoo ទស្សនិកជនជាច្រើនបានជំទាស់នឹងគេហទំព័រកម្សាន្តដែលហៅ Song Hye Kyo ថាជា “ទេពធីតា” ហើយជឿថា សារព័ត៌មានមួយនេះ បានសរសើរសម្រស់របស់តារាស្រីរូបនេះ ហួសហេតុពេក។ យ៉ាងណាមិញ នៅក្នុងវ័យជាង ៤០ ឆ្នាំ មុខរបស់ Hye Kyo ក៏បានបង្ហាញសញ្ញានៃភាពចាស់ ដូច្នេះហើយ រូបនាងត្រូវបានគេចាត់ទុកថា លែងស័ក្តិសមនឹងការបរិយាយសម្រស់ខាងលើទៀតហើយ។

ដោយឡែក ចំពេលមានការចម្រូងចម្រាស និងការរិះគន់ជុំវិញសម្រស់ និងអាយុរបស់ Song Hye Kyo ទស្សនិកជនជាច្រើនទៀត ក៏បានចេញមុខការពារតារាស្រីរូបនេះ។ យោងតាមអ្នកគាំទ្រ ភាពចាស់គឺជាស្ថានភាពធម្មតារបស់មនុស្ស ដូច្នេះ Song Hye Kyo មិនសមនឹងទទួលបានការរិះគន់ខ្លាំងៗនោះទេ។ ជាងនេះទៅទៀត បើទោះបីជា នាងមានអាយុ ៤៣ ឆ្នាំហើយក៏ដោយ ប៉ុន្តែ រូបនាងនៅតែរក្សាបាននូវភាពទាក់ទាញ និងសម្រស់ធម្មជាតិរបស់នាង ផងដែរ ហើយ នេះក៏ជាកត្តាដែលធ្វើឲ្យតារាស្រីរូបនេះ នៅតែត្រូវបានគេចាត់ទុកជា «ទេពធីតាសម្រស់» មួយរូប ក្នុងប្រទេសកូរ៉េ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖















