ភ្នំពេញ៖ The Perfect Motion ឬ “ទេពហត្ថា” គឺជាភាពយន្ដឯកសារដំបូងគេបង្អស់ដែលទទួលបានមូលនិធិ និងផលិតក្នុងស្រុកសម្រាប់បញ្ចាំងក្នុងរោងភាពយន្ត ហើយភាពយន្តនេះនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ២០២៣ នេះតទៅហើយ។ ខ្សែភាពយន្តនេះមានសាច់រឿងពីរ៖ ទីមួយទៅលើការបង្កើត ‘នាងវឌ្ឍនាទេវី’ របស់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី (ស្នាព្រះហស្ដចុងក្រោយរបស់ទ្រង់) និងសាច់រឿងមួយទៀតអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យចាប់ពីឆ្នាំ ១៩០៦។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែភាពយន្តនេះបានចាប់យកខ្លឹមសារនៃទម្រង់សិល្បៈដ៏ស្រស់ស្អាត ជាមួយនឹងរូបភាពដ៏ទាក់ទាញ និងសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍។ អ្នករបាំជំនាន់ក្រោយ និងអ្នករបាំជើងចាស់ បានចែករំលែកសក្ខីភាពដ៏គួរឱ្យរំភើប ចំពោះការលះបង់ក្នុងជីវិតរបស់ពួកគេក្នុងការផលិតស្នាដៃដ៏ល្អឥតខ្ចោះ និងធានាថានឹងបន្តទៅដល់ជំនាន់ក្រោយៗ ទោះបីមានសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាក៏ដោយ។ តាមរយៈសាច់រឿងរបស់ពួកគេ ទស្សនិកជននឹងស្វែងយល់កាន់តែច្រើនឡើង ថាតើរបាំព្រះរាជទ្រព្យបានកំណត់រូបរាងរបស់វប្បធម៌ និងអត្តសញ្ញាណប្រទេសកម្ពុជាទៅតាមពេលវេលាយ៉ាងដូចម្ដេច។


ដូចលោក Rodin ធ្លាប់បានលើកឡើងថា៖
តាមរយៈចលនា ទើបយើងអាចយល់ច្បាស់អំពីភាពស្រស់ស្អាត។
លោក Xavier
de Lauzanne អ្នកដឹកនាំខ្សែភាពយន្ត ទេពហត្ថា បាននិយាយថា៖
ខ្ញុំគិតថាវាពិតជាសំខាន់ណាស់ ក្នុងការចែករំលែកគម្រោងមួយនេះទៅកាន់អ្នកដែលមានការយល់ដឹងកាន់តែស៊ីជម្រៅលើជីវិតសិល្បៈក្នុងប្រទេសកម្ពុជា និងមានទស្សនៈគំនិតច្រើនជាងខ្ញុំ។ ហេតុនេះហើយ ខ្ញុំបានសាកសួរលោក Pierre Kogan ជាអ្នកស្រលាញ់សិល្បៈ និងជាអ្នកផលិតខ្សែភាពយន្ត ដែលបានរស់នៅក្នុងប្រទេសកម្ពុជារយៈពេល ៨ ឆ្នាំ ដើម្បីសរសេរសាច់រឿងនេះជាមួយខ្ញុំ។ ការសហការនេះពិតជាមានលទ្ធផលល្អ ហើយពួកយើងសង្ឃឹមថានឹងបង្ហាញខ្សែភាពយន្តដែលសមនឹងគុណតម្លៃនៃសាច់រឿងដ៏អស្ចារ្យនេះ។ យើងពិតជាចង់ផលិតភាពយន្តមួយដែលចាប់យកទាំងភាពស្រស់ស្អាតនៃរបាំក្បាច់បុរាណរបស់ប្រទេសកម្ពុជា និងសាច់រឿងដ៏មិនគួរឱ្យជឿនៃប្រវត្តិសាស្ត្រថ្មីៗនៃរបាំនេះ។ វាពិតជាសំខាន់ណាស់ក្នុងការឧទ្ទិសដល់សិល្បករដែលប្រឈមមុខនឹងសង្គ្រាម ការបំផ្លិចបំផ្លាញ និងភាពក្រខ្សត់ ដែលមានទឹកចិត្ត និងភាពក្លាហានក្នុងការបង្រៀន និងធ្វើឱ្យសិល្បៈមានជីវិតឡើងវិញ នាំឱ្យក្លាយជាពន្លឺនៃក្ដីសង្ឃឹម ការងើបឡើងវិញ និងការកសាងឡើងវិញ។
លោក Pierre Kogan បានបន្ថែមទៀតថា៖
“ប្រជាជនកម្ពុជាស្ទើរគ្រប់រូបសុទ្ធតែដឹងអំពី “របាំអប្សរា” និងប្រហែលអាចសម្ដែងកាយវិការមួយ ឬពីរ។ ប៉ុន្តែមិនសូវមានអ្នកបានចូលរួមទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យទេ។ សម្រាប់មនុស្សភាគច្រើន ប្រវត្តិរបស់របាំព្រះរាជទ្រព្យមិនសូវមានគេដឹងទេ រួមទាំងមូលហេតុដែលរបាំនេះទាក់ទាញមនុស្សជាច្រើនចូលទស្សនានៅឯរោងមហោស្រពនៅបរទេស។ យើងសង្ឃឹមថា ភាពយន្ត ទេពហត្ថា នឹងធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពចំពោះវប្បធម៌របស់ពួកគេបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យកិត្តិនាមនៃរបាំនេះរីកសុសសាយពេញពិភពលោក។”


លោក De Lauzanne បានលើកឡើងទៀតថា៖
ទេពហត្ថា គឺជាដំណើរដ៏មហាអស្ចារ្យដែលមានរយៈពេល ៥ ឆ្នាំ។ ចាប់តាំងពីការបង្កើតគំនិតរហូតដល់នាដ្យកថា និងចាប់ពីការជ្រើសរើសតួអង្គរហូតដល់ផលិតកម្ម វាពិតជារឿងដែលល្អអស្ចារ្យ គួរឱ្យរំភើប និងមិនគួរឱ្យជឿ ដូចសាច់រឿងបញ្ចាំងក្នុងខ្សែភាពយន្តនេះ។

កម្មវិធីសម្ពោធ
កាលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ភាពយន្ត ទេពហត្ថា បានចាក់បញ្ចាំងជាលើកដំបូងនៅសាលមហោស្រពចតុមុខ ដោយមានវត្តមានរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ នេះពិតជាកិតិ្តយសណាស់សម្រាប់អ្នកដែលបានរួមចំណែកក្នុងផលិតកម្មនេះ ហើយវាបង្ហាញអំពីសារៈសំខាន់នៃខ្សែភាពយន្តនេះ។

បន្ទាប់ពីការចាក់បញ្ចាំងពិសេសនេះ ខ្សែភាពយន្ត ទេពហត្ថា នឹងចាក់បញ្ចាំងទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។ បន្ទាប់ពីនោះនឹងមានការចាក់បញ្ចាំងជាសាធារណៈនៅតាមបណ្ដាខេត្តផ្សេងៗ។ សម្រាប់ខ្សែភាពយន្តនេះដែរ មានពីរភាសា៖ ភាសាខ្មែរ ដែលអាចចូលទស្សនាបានស្ទើរគ្រប់រោងភាពយន្ត និងភាសាអង់គ្លេសសម្រាប់ទស្សនិកជនជាជនជាតិបរទេស។



ទេពហត្ថា
-រយៈពេល ៨៧ នាទី
- ដឹកនាំដោយលោក Xavier de Lauzanne និពន្ធដោយលោក Xavier de
Lauzanne និងលោក Pierre Kogan
- សហការជាមួយ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ , ព្រឹទ្ធាចារ្យ ព្រឿង ឈៀង, លោក លីម ស៊ីលវាំង , អ្នកស្រី
វ័ន សាវ៉ៃ , អ្នកនាង សេរី វណ្ណកុសន ,អ្នកនាង សុខ ណាលីស , សុភីលីន
ជាម ហ្សាភារ៉ូ, & Lucie Labbé។


ចំពោះព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ៖ +855 10 600
848 - Ratana Cheng
អ៉ីម៉ែល៖ [email protected]
ហ្វេសប៊ុក៖ www.facebook.com/theperfectmotionmovie