រៀនផ្នែក IT សោះ បែរបែកគំនិត ពេលនេះ ក្លាយជាម្ចាស់​ ស្នាដៃសៀវភៅប្រលោមលោកជាច្រើន ល្បីសុះសាយខ្លាំង (មានវីដេអូ) - Khmerload

រៀនផ្នែក IT សោះ បែរបែកគំនិត ពេលនេះ ក្លាយជាម្ចាស់​ ស្នាដៃសៀវភៅប្រលោមលោកជាច្រើន ល្បីសុះសាយខ្លាំង (មានវីដេអូ)

https://s9.kh1.co/e5/e57f3af3086e7061559c7192d7385481355e8a4f.jpg
ប្រលោមលោក & អប់រំ
 01-Aug-2021 8am · 4 months ago

ជាការពិតណាស់ សម្រាប់ការតែងនិពន្ធ មិនមែនជារឿងដែលងាយស្រួលប៉ុន្មាននោះទេ ហើយវាក៏មិនមែនជារឿងដែលលំបាកនោះដែរ សំខាន់យើងមានដុងពីមកកំណើត គួបផ្សំនឹងចិត្តស្រលាញ់របស់យើងផង។

ភ្នំពេញ៖ ដូចដែលយើងបានដឹងហើយថា សម្រាប់វិស័យតែងនិពន្ធនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែរីកលូតលាស់ខ្លាំងគួរសមដែរ ដោយសារតែយុវជន យុវនារីខ្មែរមួយចំនួន បច្ចុប្បន្នពួកគេស្រាប់តែងាកមកចាប់អារម្មណ៍លើការអានសៀវភៅច្រើន។ ដូច្នេះហើយទើបធ្វើឲ្យអ្នកនិពន្ធជំនាន់ថ្មីចាប់ផ្ដើមមានទីផ្សារថែមមួយកម្រិតទៀត ដោយពួកគេក៏បានខិតខំបង្កើតស្នាដៃល្អៗ តបតាមតម្រូវការមិត្តអ្នកអានជាបន្តបន្ទាប់ មិនថាតែជាប្រភេទសៀវភៅទស្សនវិជ្ជា ឬសៀវភៅប្រលោមលោកជាដើម។ 

ក្នុងនោះទៀតសោត ក៏នៅមានយុវជនយើងមួយចំនួនទៀត ដែលស្រលាញ់ការតែងនិពន្ធដែរ តែមិនទាន់មានភាពក្លាហានបញ្ចេញសមត្ថភាព និងមិនទាន់ដឹងថា ក្នុងការធ្វើជាអ្នកនិពន្ធជោគជ័យម្នាក់តើត្រូវមានអ្វីខ្លះ? តើត្រូវធ្វើម្ដ៉េចខ្លះ? និងគួររៀនផ្នែកអ្វីដើម្បីឲ្យត្រូវនឹងជំនាញមួយនេះនៅឡើយនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ថ្ងៃនេះផងដែរ ខ្មែរឡូត ក៏បានណាត់ជួបជាមួយអ្នកនិពន្ធម្នាក់ ដើម្បីសាកសួរអំពីបញ្ហានេះ។ ហើយអ្នកនិពន្ធរូបនោះមានឈ្មោះថា ឆាន់ វត្ថា ដែលជាម្ចាស់គ្រឹះស្ថានបោះពុម្ព វេហាស៍ ដែលមានស្នាដៃសៀវភៅប្រលោមលោកជាច្រើនចំណងជើង។ ជាពិសេសហ្វេនៗភាគច្រើនគឺស្គាល់លោកតាមរយៈសៀវភៅប្រលោមលោកបុរសស្រលាញ់ភេទដូចគ្នា (BL Novel) គឺរឿង «ចង្វាក់បេះដូង» និងរឿង «មនុស្សគល់ឈើ» ផ្ទាល់តែម្ដង។

https://s9.kh1.co/__image/w=507,h=609,q=100/c3/c3f9fcd8ec73e1eaffd684fa90babdb188292bd2.jpg
ឆាន់ វុត្ថា

ជាមួយគ្នានេះទៀតសោត​ ក្រៅពីស្នាដៃសៀវភៅប្រលោមលោកដែលបានចេញផ្សាយហេីយទទួលបានការគាំទ្រទាំងអស់នោះ​ ពីមួយថ្ងៃទៅមួយថ្ងៃ​ អ្នកនិពន្ធ​រូបនេះ​ ក៏បានសម្រិតសម្រាំងស្នាដៃថ្មីៗជាច្រេីន​ ដេីម្បីបំពេញចិត្តអ្នកអាន។ 

ក្នុងកិច្ចសម្ភាស៍ដដែលនេះ ដោយសារតែបញ្ហាការរីករាលដាលជំងឺកូវីដ ១៩នៅតែជះឥទ្ធិពលខ្លាំងនៅឡើយ ដោយយើងមិនអាចណាត់ជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកនិពន្ធរូបនេះបាន យើងក៏បានជួបសម្ភាសន៍តាមរយៈសារជាសម្លេងផងដែរ។ ដោយក្នុងនោះលោកបាននិយាយស្វាគមន៍យ៉ាងរួសរាយមកកាន់យើងថា៖

សួស្ដី! ខ្ញុំបាទឈ្មោះ ឆាន់ វុត្ថា ជាអតីតនិស្សិតម្នាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យវិទ្យាសាស្ត្រផ្នែកព័ត៌មានវិទ្យា ដែលគ្រប់គ្នាស្គាល់ថា ផ្នែក អាយធី (IT) ហ្នឹង។ ហើយសព្វថ្ងៃខ្ញុំគឺជាអ្នកនិពន្ធម្នាក់។ 

ពាក្យពេចន៍ ឆាន់ វត្ថា
https://s9.kh1.co/__image/w=639,h=609,q=100/69/69ef67fd1404adeaebc3be7471ab70f3d1464714.jpg
ឆាន់ វុត្ថា

-តើលោកចាប់អាជីពជាអ្នកនិពន្ធនេះរយៈពេលប៉ុន្មានឆ្នាំហើយ? ហើយតាំងពីចាប់ផ្ដើមដំបូងរហូតមកដល់ពេលនេះ លោកបានចេញផ្សាយសៀវភៅប្រលោមលោករបស់ខ្លួនបានប៉ុន្មានចំណងជើងដែរ?

ខ្ញុំចាប់អាជីពជាអ្នកនិពន្ធនេះ អស់រយៈពេលជិត ២ឆ្នាំមកហើយ រាប់ចាប់ពីឆ្នាំ ២០២០មក។ ហើយមកដល់ពេលនេះ ខ្ញុំបានចេញផ្សាយស្នាដៃរបស់ខ្លួនលក់នៅលើទីផ្សារចំនួន ៦ចំណងជើងហើយ។ ៦ចំណងជើងនោះ មានដូចជា ភ្លេចស្នេហ៍ក្បែរជើងមេឃ មន្តស្នេហ៍កូនកាំបិត ចង្វាក់បេះដូង មន្ត្រានិងការវិលត្រឡប់របស់គីតូ មនុស្សគល់ឈើ និង ចុងក្រោយគឺ លោកពុក។ហើយទាំងអស់ហ្នឹង ប្រលោមលោកដែលលេចធ្លោនិងមានប្រជាប្រិយភាពខ្លាំងជាងគេ គឺមនុស្សគល់ឈើ និង មន្ត្រានិងការវិលត្រឡប់របស់គីតូ។

ពាក្យពេចន៍ ឆាន់ វត្ថា

-បើតាមដឹងមក ប្រលោមលោករឿង «ចង្វាក់បេះដូង» និង រឿង «មនុស្សគល់ឈើ» វាជាប្រភេទរឿងបែបស្នេហាបុរសនឹងបុរស (BL) ហើយកន្លងមកលោកតែងតែសរសេរបែបស្នេហាប្រុសស្រីទូទៅ ចុះហេតុអ្វីបានជាលោកងាកមកសរសេររឿងបែប BL ទៅវិញ?

បានជាខ្ញុំងាកមកសរសេរប្រលោមលោកមនោសញ្ចេតនាបុរសនឹងបុរស ដែលគ្រប់គ្នាស្គាល់ថា រឿង BL ហ្នឹង ព្រោះអីខ្ញុំគិតថា ជាការផ្សព្វផ្សាយដ៏ល្អមួយ ដែលធ្វើឲ្យយើងគ្រប់គ្នាបានយល់ និងឈប់រើសអើងចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នា ចង់បង្ហាញពីជីវិតតស៊ូរបស់ពួកគាត់​ថាតស៊ូយ៉ាងណាអីយ៉ាងណា ព្រោះសង្គមយើងសព្វថ្ងៃហ្នឹង ខ្ញុំមើលឃើញថា នៅតែមានការរើសអើងចំពោះពួកគាត់នៅឡើយ។

ពាក្យពេចន៍ ឆាន់ វត្ថា
https://s9.kh1.co/__image/w=650,h=867,q=100/9b/9b00ead59002b26aad6103bf2dd06b9f381b672b.jpg
ស្នាដៃអ្នកនិពន្ធ ឆាន់ វុត្ថា
https://s9.kh1.co/__image/w=650,h=867,q=100/5c/5c6ef0f25605638e48e383e2cf2ee86adfb9e9bf.jpg
ស្នាដៃអ្នកនិពន្ធ ឆាន់ វុត្ថា

-ចុះនៅពេលលោកជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែកអាយធីទេ តែស្រាប់តែងាកមកធ្វើការជាអ្នកនិពន្ធដែលខុសពីជំនាញដែលលោករៀនអ៊ីចឹង តើមានផលប៉ះពាល់អ្វីខ្លះសម្រាប់លោក?

ដូចជាអត់មានផលប៉ះពាល់អីផង! ព្រោះតាមពិតទៅ ខ្ញុំស្រលាញ់ការតែងនិពន្ធនេះ តាំងពីនៅរៀនវិទ្យាល័យមកម្លេះ។ តែនៅពេលឡើងមករៀននៅភ្នំពេញ គ្រួសាររបស់ខ្ញុំចង់ឲ្យរៀនផ្នែកអាយធី (IT) ទើបខ្ញុំត្រូរៀនតាមគាត់ ដោយទុកការតែងនិពន្ធមួយឡែកសិន។ តែឃើញទេ? ចុងក្រោយពេលរៀនចប់ ខ្ញុំពុះពារមកធ្វើជាអ្នកនិពន្ធដដែល ព្រោះនេះជាការងារដែលខ្ញុំស្រលាញ់។

ពាក្យពេចន៍ ឆាន់ វត្ថា

-សម្រាប់អ្នកដែលគាត់ចង់ក្លាយជាអ្នកនិពន្ធម្នាក់ តើពួកគាត់ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

ចង់ធ្វើជាអ្នកនិពន្ធម្នាក់ គឺយើងត្រូវមើលខ្លួនឯងសិនថា យើងជាមនុស្សម្នាក់ដែលស្រលាញ់ការអានដែរឬទេ ព្រោះការអានគឺជាកិច្ចការដ៏ចម្បងបំផុតសម្រាប់អ្នកដែលចង់ក្លាយជាអ្នកនិពន្ធ មិនថាខ្ញុំឬក៏អ្នកនិពន្ធផ្សេងៗទៀត តែងតែមានទម្លាប់ចូលចិត្តអានដូចៗគ្នា ដើម្បីដុសខាត់ស្នាដៃខ្លួនឲ្យកាន់តែប្រសើរឡើង។ បន្ថែមពីការអានទៀតសោត យើងត្រូវស្ដាប់ និងមើលឲ្យបានច្រើន សម្រាប់ប្អូនៗជំនាន់ក្រោយ ដែលចូលចិត្តការតែងនិពន្ធ គឺដូចដែលបងនិយាយពីខាងលើអ៊ីចឹង ហើយបើអាចគួរសរសេរស្នាដៃដាក់ចូលរួមប្រគួតក្នុងកម្មវិធី ជ្រើសរើសស្នាដៃផ្សេងៗ ដើម្បីឲ្យយើងទទួលបានបទពិសោធន៍កាន់តែច្រើនថែមទៀត។

ពាក្យពេចន៍ ឆាន់ វត្ថា
https://s9.kh1.co/__image/w=640,h=640,q=100/e5/e580e6bff862abe0ae6cdc28ff6cb644bc8a2177.jpg
ឆាន់ វុត្ថា

ជាការពិតណាស់ សម្រាប់ការតែងនិពន្ធ មិនមែនជារឿងដែលងាយស្រួលប៉ុន្មាននោះទេ ហើយវាក៏មិនមែនជារឿងដែលលំបាកនោះដែរ សំខាន់យើងមានដុងពីមកកំណើត គួបផ្សំនឹងចិត្តស្រលាញ់របស់យើងផង។

ដោយក្នុងកិច្ចសម្ភាសន៍ដដែលនេះ អ្នកនិពន្ធរូបនេះ ក៏បានរៀបរាប់ទាក់ទងនឹងចំណុចមួយចំនួនសម្រាប់អ្នកដែលចង់ក្លាយជាអ្នកនិពន្ធ បន្ថែមទៀតថា៖

សម្រាប់បងប្អូន ដែលចង់ក្លាយជាអ្នកនិពន្ធ ទោះយើងរៀនផ្នែកអីក៏អាចក្លាយជាអ្នកនិពន្ធបានដែរ សំខាន់ដូចដែលខ្ញុំបាននិយាយខាងលើស្រាប់អ៊ីចឹង អានឲ្យច្រើន  អានសៀវភៅប្រលោមលោក អានរឿងឲ្យច្រើនទៅ មើលច្រើន មានន័យថា យើងជាអ្នកចូលចិត្តមើលរឿងភាគ រឿងដុំអីអ៊ីចឹង! ហើយមួយទៀតចូលចិត្តស្ដាប់ច្រើន ស្ដាប់ចម្រៀង ស្ដាប់តន្រ្តីនានា យើងនឹងមានគំនិតច្រើន ក្នុងការតែងនិពន្ធ។ ហើយបើសិនជាអ្នកចង់ចេះឲ្យកាន់តែច្បាស់ គួរទៅរៀនផ្នែកតែងនិពន្ធនេះ នៅឯសមាគមអ្នកនិពន្ធខ្មែរ ព្រោះទីនោះក៏តែងតែមានបើកបង្រៀនផ្នែកនេះផងដែរ។

ពាក្យពេចន៍ ឆាន់ វត្ថា

យ៉ាងណាមិញ ទាំងនេះក៏អាចបញ្ជាក់បានថា ការងារអ្វីក៏ដោយ មុខជំនាញអ្វីក៏ដោយ ក៏មិនមែនមានន័យថា ទាល់តែរៀនឲ្យត្រូវជំនាញទើបអាចធ្វើបាននោះទេ សំខាន់គឺឆន្ទះ ការតស៊ូ និងចិត្តស្រលាញ់របស់យើងផ្ទាល់តែម្ដង។ ដូច្នេះ គន្លឹះល្អៗពីអ្នកនិពន្ធរូបនេះ ក៏អាចជួយទៅបណ្ដុះគំនិតដល់យុវជនយើងជំនាន់ក្រោយ ដែលស្រលាញ់ខាងការតែងនិពន្ធ ឲ្យកាន់តែក្លាហាន ដើរតាមបេះដូងរកគោលដៅដែលខ្លួនចង់ធ្វើ ទាំងនោះហើយនឹងអាចជួយឲ្យពួកគាត់ អាចសម្រេចក្ដីស្រមៃរបស់ពួកគាត់បានផងដែរ៕

អត្ថបទនេះ ខ្មែរឡូត សូមធ្វើការរក្សាសិទ្ធ

ស្ដាប់ការបកស្រាយសារជាសម្លេងបន្ថែមតាមរយៈវីដេអូខាងក្រោម៖

https://s9.kh1.co/__image/w=504,h=299,q=100/94/946ac6d5d87c0f8bfa1fcc2fcfbca904218517fb.jpg
ឆាន់ វុត្ថា
https://s9.kh1.co/__image/w=650,h=867,q=100/28/282a08b6ecd55cc5c306a0cc609cb6de215b821a.jpg
ឆាន់ វុត្ថា
https://s9.kh1.co/__image/w=428,h=297,q=100/ab/abb7b62a9e4a3e5ec126411aca2d4fb2b164e1fc.jpg
ឆាន់ វុត្ថា
https://s9.kh1.co/__image/w=650,h=428,q=100/36/3656c073dc5814f72c046e6731d169f175dbcabd.jpg
ស្នាដៃអ្នកនិពន្ធ ឆាន់ វុត្ថា
https://s9.kh1.co/__image/w=650,h=867,q=100/fe/fe998c0882da35f5018bc2cad0d6ca736b97a33f.jpg
ស្នាដៃអ្នកនិពន្ធ ឆាន់ វុត្ថា
https://s9.kh1.co/__image/w=650,h=430,q=100/a2/a2ddd6e0b0c7e7d60ac257d3ad22f67dafff18d7.jpg
ស្នាដៃអ្នកនិពន្ធ ឆាន់ វុត្ថា
https://s9.kh1.co/__image/w=650,h=526,q=100/43/43e50a06bbe9cb8161314c6f2a57b7dab7d8d714.jpg
ស្នាដៃអ្នកនិពន្ធ ឆាន់ វុត្ថា
វីដេអូសម្ភាស៍ជាមួយ អ្នកនិពន្ធ ឆាន់ វុត្ថា
Chan Sophon
S.P

អត្ថបទទាក់ទង