រឿងទាំង ៧ ដែលមនុស្សគ្រប់រូបតែងរអ៊ូថាគ្មានពេលទេ តែមិនឆ្លៀតធ្វើទេ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១ ខ្ញុំគ្មានពេលហាត់ប្រាណទេ

ការធ្វើលំហាត់ប្រាណ វាជារឿងសំខាន់មួយដែលវាអាចជួយឲ្យសុខភាពយើងល្អ និងមានភាពរឹងមាំបាន។ ក៏ប៉ុន្តែការហាត់ប្រាណនៅតែជារឿងដែលមនុស្សមួយចំនួន មិនទាន់បានធ្វើវានៅឡើយ ហើយក៏បែបជាយកលេសថា "គ្មានពេលហាត់ប្រាណទេ!" ទាំងខ្លួនឯងមិនដែលឆ្លៀតពេលសោះទៅវិញ ដែលទង្វើនេះថាបង្កឲ្យមានការស្តាយនៅពេលចុងក្រោយ ដោយខ្លួនបែបជាមានពេលសម្រាប់មកដេកឈឺនៅលើគ្រែពេទ្យបាន។
ទី២ ខ្ញុំគ្មានពេលអានសៀវភៅទេ


ការអាន វាជាការផ្តល់នូវចំណីផ្នែកប្រាជ្ញាឲ្យទៅកាន់ខួរក្បាល ប្រសិនអ្នកអានច្រើនចំណេះដឹងអ្នកនឹងកាន់តែទូលំទូលាយ តែបើអ្នកមិនបានឆ្លៀតពេលទំនេរខ្លះសម្រាប់អាននោះទេ អ្នកនឹងទទួលបានការបាត់ឱកាសចេះដឹងនៅចុងក្រោយជាមិនខាន។
ទី៣ ខ្ញុំគ្មានពេលសម្រាប់មនុស្សជាទីស្រឡាញ់ទេ

មនុស្សជាទីស្រលាញ់ជាអ្វីៗគ្រប់យ៉ាងដែលតែងនៅក្បែរ និងបានផ្តល់អោយយើងនូវក្តីស្រលាញ់ ក្តីសង្ឃឹម ព្រមទាំងស្នាមញញឹមផងដែរ។ ដរាបណាយើងកំពុងមានពួកគេនៅក្បែរខ្លួន សូមឆ្លៀតពេលវេលារបស់អ្នកយកចិត្តទុកដាក់ និងបារម្ភពីពួកគេឲ្យបានច្រើន កុំឲ្យមានវិប្បដិសារីនៅពេលចុងក្រោយ។
ទី៤ ខ្ញុំគ្មានពេលរាប់អានមិត្តភក្តិទេ

សម្ព័ន្ធមិត្តភាព ពិតជាសំខាន់ពីព្រោះថាអ្នកមិនអាចរស់នៅលើភពដីនេះតែម្នាក់ឯងបាននោះទេ។ សូមកុំងប់ងល់នឹងការងាររហូតឃុំខ្លួនឲ្យនៅតែឯងមិនមានមិត្តភក្តិ ឬមនុស្សជិតដិតអីពីព្រោះនៅពេលចុងក្រោយ អ្នកប្រាកដជានៅឯកោម្នាក់ឯងយ៉ាងកំសត់។
ទី៥ ខ្ញុំគ្មានពេលសួរសុខទុកឪពុកម្តាយទេ

ឪពុកម្តាយជាបុគ្គលដែលសំខាន់ បើគ្មានពួកគាត់ទេ ក៏គ្មានរូបយើងកើតមកលើភពផែនដីនេះដែរ។ ដូចនេះសូមបារម្ភ និងស្រលាញ់ពួកគាត់ឲ្យបានច្រើនៗ ដើម្បីកុំឲ្យមានការស្តាយក្រោយ នៅពេលដែលបាត់បង់គាត់ គ្មានឱកាសបានមើលឃើញគាត់។
ទី៦ ខ្ញុំគ្មានពេលហ្វឹកហាត់ជំនាញ និងចំណេះដឹងក្នុងកិច្ចការរបស់ខ្ញុំបន្ថែមទេ

ការបំពេញកាតព្វកិច្ចការងារ យើងត្រូវចេះសិក្សា និងសង្កេតរកមើលចំណុចល្អៗមកអនុវត្តន៍ចំណេះដឹងផ្ទាល់ខ្លួនសម្រាប់ការទទួលបានឲ្យភាពរីកចម្រើន តែប្រសិនអ្នកមិនដែលខ្វល់នឹងឆ្លៀតពេលនោះទេ ពេលចុងក្រោយ កុំនិយាយថា "ខ្ញុំក៏គ្មានឱកាសរីកចម្រើន និងឡើងតួនាទីមុខតំណែងដូចគេសោះ"។ ណា៎! ព្រោះនេះវាសមណាស់។
ទី៧ ខ្ញុំគ្មានពេលតាមដានរឿងប្រទេសជាតិទេ

រឿងរ៉ាវប្រទេសជាតិជារឿងមួយសំខាន់ណាស់ ពីព្រោះបើសិនប្រទេសជាតិ អសន្តិសុខ នោះប្រទេសជាតិក៏មិនមានការរីកចម្រើនលូតលាស់បានល្អនោះដែរ។ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋក្នុងប្រទេសមួយគប្បីត្រូវការចេះ ឈឺឆ្អាល និងតាមដានរឿងប្រទេសជាតិ កុំឲ្យចុងក្រោយប្រទេសជាតិខ្លួនក្នុងស្ថានភាពបែបណាក៏មិនដឹង។
សរុបមក មនុស្សគ្រប់រូបសុទ្ធតែមានពេល ២៤ ម៉ោង ក្នុង ១ថ្ងៃដូចៗគ្នា។ សូមកុំនិយាយថា «គ្មានពេល» ប៉ុន្តែត្រូវ «ឆ្លៀតពេល» វិញ ពីព្រោះបើសិនអ្នកមិនឆ្លៀតពេលនោះទេ អ្នកនឹងត្រូវបានបាត់បង់រឿងជាច្រើនក្នុងជីវិត៕