អង់គ្លេស៖ ខ្សែការពារស្លាប Ben Chilwell បានក្លាយជាកីឡាកររបស់ក្លិបតោខៀវ Chelsea ជាផ្លូវការហើយ ក្រោយក្លិប Leicester City យល់ព្រមនឹងសំណើក្នុងចំនួនទឹកប្រាក់៥០លានផោន (ឬប្រមាណ៦៦លានដុល្លារ)។ កីឡាករ Chilwell នឹងត្រូវនៅលេងឲ្យក្លិបថ្មីរបស់ខ្លួនមួយនេះរហូតដល់ឆ្នាំ២០២៥ ពោលគឺក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ២៣ឆ្នាំ បានក្លាយជាតារាឆ្នើមទី៣ដែល Chelsea ទិញមករួមក្រុមនៅរដូវក្ដៅនេះ ក្រោយទិញបានកីឡាករ Hakim Ziyech និង Timo Werner ។ ក្រៅពីកីឡាករទាំង៣រូបនេះ ក្លិបដែលដឹកនាំដោយលោក Lampard ក៏កំពុងតែមានសង្ឃឹមខ្ពស់ផងដែរថានឹងអាចចុះកិច្ចសន្យានាំយកកីឡាករ៣រូបទៀតនៅពេលដ៏ខ្លីខាងមុខនេះ មានដូចជា Thiago Silva, Kai Havertz និង Malang Sarr ។
គួរឲ្យដឹងដែរថាកីឡាករ Ben Chilwell គឺជាខ្សែការពារស្លាបឆ្វេងដ៏មានឥទ្ធិពលមួយរូបនៅក្នុងក្របខ័ណ្ឌ Premier League បច្ចុប្បន្ននេះ។ ក្នុងនោះដែររូបគេជាតួសំខាន់ម្នាក់ដែលអាចជួយឲ្យ Leicester ឈរនៅតំណែងលេខ៥នៅក្នុងតារាង Premier League រដូវកាល២០១៩/២០កន្លងទៅនេះ។ ហើយចាប់តាំងពីចូលរួមលេងឲ្យ Leicester តាំងពីឆ្នាំ២០១៥មក រូបគេបង្ហាញខ្លួនសរុបបានចំនួន១២៣ប្រកួត និងជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន១១ប្រកួតផងដែរ៕
ប្រភព៖ sportsmole