អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយកាណ៍មកថាកំពុងតែត្រៀមកីឡាករ Lucas Moura ដើម្បីដូរយក ខ្សែប្រយុទ្ធមុតស្រួចរបស់ Napoli គឺកីឡាករ Arkadiusz Milik ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែបច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ចកំពុងតែញាំញីនៅក្នុងពិភពបាល់ទាត់ ក្លិបរបស់លោក Jose Mourinho ហាក់ដូចជាមិនចង់ចំណាយលុយធំដើម្បីទិញកីឡាករមករួមក្រុមនោះទេនៅរដូវក្ដៅនេះ។
ដោយឡែកក្លិបមួយនេះអាចនឹងប្រើវិធីផ្លាស់ប្តូរកីឡាករជាមួយក្លិបដ៏ទៃជំនួសវិញ ក្នុងនោះដែរ Spurs រីករាយនឹងឲ្យ Lucas Moura ចាកចេញពីក្លិបបើសិនជា Napoli យល់ព្រមដូរកីឡាករ Arkadiusz Milik ឲ្យខ្លួននោះ។
បើទោះបីជា Moura ស៊ុតឲ្យ Spurs បាន២៣គ្រាប់តាំងពីផ្លាស់មករួមក្រុមនៅឆ្នាំ២០១៨ក៏ដោយ ក៏រូបគេនៅតែមិនទាន់មានទម្រង់លេងឲ្យល្អដើម្បីជំនួសកីឡាករ Harry Kane បាននៅឡើយ។
ចំណែកឯកីឡាករ Arkadiusz Milik វិញត្រូវបានគេជឿជាក់ថាសមត្ថភាពរបស់គេអាចនឹងមកជំនួសតារាសញ្ជាតិអង់គ្លេស Harry Kane បាន។ គួរឲ្យដឹងផងដែរថា Milik រកបាន១៣គ្រាប់ឲ្យ Napoli នៅរដូវកាលនេះ ដោយនៅសល់កុងត្រាមួយរដូវកាលទៀតជាមួយក្លិប ហើយក្លិប Napoli បានដាក់តម្លៃខ្លួនកីឡាករវ័យ២៦ឆ្នាំរូបនេះរហូតដល់ទៅ៥០លានផោន (ឬប្រមាណ៦២លានដុល្លារ) ឯណោះ៕
ប្រភព៖ sportsmole