អង់គ្លេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេរាយការណ៍ថា កំពុងឈឺក្បាលជាមួយនឹងវិបត្តិកីឡាកររបួសក្នុងក្រុម ខណៈក្រុមតោខៀវ អាចនឹងអវត្តមានកីឡាករសំខាន់ៗ៥រូប ក្នុងជំនួបទល់នឹងក្រុម Tottenham នាចុងសប្តាហ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្ពាធមានការកើនឡើងកាន់តែខ្លាំងសម្រាប់លោក Lampard បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអង់គ្លេស ដឹកនាំក្រុមចាញ់ក្រោមថ្វីជើងក្រុម Manchester United នៅកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃច័ន្ទកន្លងទៅ។
បើទោះបីជា Chelsea នៅបន្តឈរលេខ៤ ក៏ពិតមែន តែពួកគេមានគម្លាតពីក្រុមលេខ៥ Tottenham Hotspur តែ១ពិន្ទុ ហើយប្រសិនបើថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ពួកគេភ្លាត់ចាញ់ក្រុមលោក Mourinho នោះតំណែង Top 4 នឹងធ្លាក់ទៅលើក្រុម Spurs ជាមិនខាន។
យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត The Sun ខ្សែបម្រើ N’Golo Kante, Christian Pulisic និងកីឡាករវ័យក្មេង Callum Hudson-Odoi ត្រូវបានគេរំពឹងថាមិនអាចចូលលេងបាននោះទេ ដោយសារបញ្ហារបួស។
លើសពីនេះទៅទៀត ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham និងខ្សែការពារ Andreas Christensen ក៏ត្រូវបានគេសង្ស័យថា អាចនឹងអវត្តមានផងដែរ។
យោងតាមសេចក្ដីរាយការណ៍របស់កាសែត Sports Mole បានឲ្យដឹងថា ខ្សែបម្រើ N’Golo Kante និង Christian Pulisic មានបញ្ហារបួសសាច់ដុំ។ ចំណែកឯកីឡាករ Hudson-Odoi របួសសសៃពួរកំឡុងពេលហ្វឹកហាត់ ខណៈការប្រកួតទល់នឹងក្រុម Man UTD កាលថ្ងៃច័ន្ទសប្ដាហ៍នេះ ក៏មិនឃើញមានវត្តមានគេចូលលេងផងដែរ។
ខ្សែប្រយុទ្ធ Tammy Abraham ត្រូវបានលោក Lampard បញ្ជាក់ថាមានបញ្ហារបួសក.ជើង កំឡុងពេលប្រកួតជាមួយក្រុម Arsenal កាលពីចុងខែមុន រីឯខ្សែការពារ Christensen ត្រូវបានគេមើលឃើញថា មានរបួសផ្ទៃមុខ ដោយបានប្ដូរចេញនៅដើមតង់ទី២ ក្នុងការប្រកួតចាញ់ក្រុមបិសាចក្រហម ២-០ កាលពីថ្ងៃច័ន្ទ។
ដោយឡែកក្រុម Spurs ក៏ត្រូវបានគេរាយការណ៍ថា កំពុងជួបបញ្ហាស្រដៀង Chelsea ផងដែរ។ ជាក់ស្ដែងក្នុងការប្រកួតចាញ់ក្រុម Leipzig ១-០ ក្នុងជំនួបប្រចាំក្របខណ្ឌ Champions League កាលពីយប់មិញ មិនមានវត្តមានខ្សែបម្រើឆ្នើមសញ្ជាតិកូរ៉េខាងត្បូងនោះទេ។ បើយោងតាមការសេចក្ដីថ្លែងការរបស់ក្លិប Tottenham Hotspur កីឡាករ Heung-Min Son នឹងត្រូវទទួលការវះកាត់នៅចុងសប្តាហ៍នេះ ព្យាបាលរបួសបាក់ឆ្អឹងដៃស្ដាំ ដែលត្រូវបានគ្រូពេទ្រជំនាញរំពឹងថា នឹងត្រូវសម្រាកក្រៅទីលានជាច្រើនសប្ដាហ៍។
ខណៈខ្សែប្រយុទ្ធជួរមុខ Harry Kane ទម្រាំដល់ខែមេសាទើបត្រឡប់មកជួយក្រុមវិញបាន បន្ទាប់ពីទទួលការវះកាត់ព្យាបាលសរសៃពួរជើងឆ្វេង៕