អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបាល់ទាត់ Aston Villa នឹងព្យាយាមធ្វើសព្វគ្រប់បែបយ៉ាងដើម្បីទិញយកខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Oliver Giroud នៅកំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សAston Villa កំពុងតែអន្ទះអន្ទែងក្នុងការនាំយកខ្សែប្រយុទ្ធម្នាក់ ព្រោះដោយសារតែកីឡាករខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Wesley កំពុងតែមានបញ្ហារបួស។ បើតាមការចុះផ្សាយរបស់កាសែត Le 10 Sport កីឡាករសញ្ជាតិបារាំង Giroud គឺជាខ្សែប្រយុទ្ធម្នាក់ដែលមានបទពិសោធន៍ច្រើននៅក្របខណ្ឌ Premier League និងស័ក្ដិសមបំផុតដែល Aston Villa កំពុងអន្ទងចង់បាន។
យ៉ាងណាមិញ ក្រៅពី Aston Villa នៅមានក្លិបយក្សអ៊ីតាលីមួយទៀតដែលចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំម្នាក់នេះគឺក្លិប Inter Milan ស្របពេលដែលអតីតខ្សែប្រយុទ្ធរបស់ Arsenal ម្នាក់នេះមិនសូវជាមានឱកាសចូលលេងឲ្យ Chelsea ដោយនៅរដូវកាលនេះគេទើបតែបានបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ៥ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Frank Lampard។
បើទោះបីជាកុងត្រារវាង Giroud និងក្លិប Chelsea នឹងផុតនៅទីផ្សាររដូវក្ដៅលើកក្រោយពិតមែន ប៉ុន្តែ Giroud ក៏មានបំណងចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge នៅទីផ្សារខែមករានេះដែរ ដើម្បីមានឱកាសចូលលេងបានគ្រប់គ្រាន់ និងធានាកៅអីនៅក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ EURO 2020៕
ប្រភព៖ AF