អង់គ្លេស៖ លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅថ្មី បានប្រាប់ទៅដល់ប្រធានក្លិប Tottenham Hotspurs លោក Daniel Levy ថាមិនត្រូវលក់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេសកីឡាករ Harry Kane ដាច់ខាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិប Tottenham Hotspurs បានប្រកាសតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកថ្មី មកដឹកនាំជំនួសលោក Mauricio Pochettino កាលពីថ្ងៃពុធ ក្នុងកិច្ចសន្យារហូតដល់បញ្ចប់រដូវកាល២០២២/២៣ ជាមួយនឹងថ្លៃឈ្នួលនឿយហត់ ១៥លានផោន (ឬប្រហែល ១៩លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ច្រើនជាងលោក Pochettino ២ដង ដោយអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះ ទទួលបានតែ៨លានផោន (ឬប្រហែល ១០លានដុល្លារអាមេរិក) ប៉ុណ្ណោះក្នុង១ឆ្នាំ។
លោក Mourinho មើលឃើញថាកីឡាករ Harry Kane ជាផ្នែកមួយដ៏សំខាន់ក្នុងគម្រោងរបស់គាត់ដោយលោកបានប្រាប់លោក Levy ថា មិនត្រូវលក់កីឡាកររូបនេះដាច់ខាត ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ ពេញចិត្តទៅលើកីឡាករ Harry Kane ជាយូរណាស់មកហើយ ដោយលោកចង់បាននិងព្យាយាមចែចូវយកកីឡាកររូបនេះតាំងពីលោកនៅដឹកនាំក្លិបបិសាចក្រហម Manchester United មកម្ល៉េះ។
គួររម្លឹកផងដែរថាកីឡាករ Harry Kane ជាយុវជនថ្នាលរបស់ក្លិប Tottenham ផ្ទាល់ ហើយបានតម្លើងអោយមកលេងក្នុងឈុតធំកាលពីឆ្នាំ២០១៣ ដោយបង្ហាញខ្លួនសរុបបានចំនួន ២៦៨ប្រកួត ស៊ុតបញ្ចូលទីបាន ១៧៤គ្រាប់ និង Assists បានចំនួន២៩ដង៕
ប្រភព៖ Dailymail