បារាំង៖ កំពូលខ្សែប្រយុទ្ធ Kylian Mbappe និង Neymar នឹងខកខានក្នុងការបង្ហាញខ្លួនឲ្យ Paris Saint-Germain ក្នុងការប្រកួតបើកឆាកពានរង្វាន់ UEFA Champions League ជាមួយ Real Madrid នៅថ្ងៃពុធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវរងពិន័យមិនឲ្យចូលលេង ៣ប្រកួតតាំងពីរដូវកាលមុន ក្រោយគេបានបញ្ចេញមតិរិះគន់ទៅលើអាជ្ញាកណ្ដាលនៅក្នុងបណ្ដាញសង្គមអំឡុងការប្រកួតវគ្គ ១៦ក្រុម ដែល PSG បានទម្លាក់ Manchester United។
ងាកមកមើល Mbappe ឯណេះវិញក៏ខកខានក្នុងការបង្ហាញខ្លួនឲ្យ PSG ក្នុងជំនួបដំបូងនៅ UCL រដូវកាលនេះដូចគ្នា ដោយសារតែរូបគេមានបញ្ហារបួសអំឡុងការប្រកួត Ligue1 ជាមួយ Toulouse FC។
បន្ថែមលើសពីនេះ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edison Cavani ក៏មិនទាន់ប្រាកដថានឹងបានលេង ១០០%នោះដែរ ដោយសារតែគេមិនទាន់ជាពីរបួសស្រួលបួល។ ដូច្នេះអ្នកចាត់ការទូទៅរបស់ PSG លោក Thomas Tuchel ទំនងនឹងប្រើខ្សែប្រយុទ្ធចំណូលថ្មី Mauro Icardi ក្នុងជំនួបជាមួយ Real Madrid។
គួរបញ្ជាក់ផងដែរថា PSG នឹងត្រូវបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid ក្នុងជំនួបបើកឆាកពានរង្វាន់ UEFA Champions League ពូល A នៅយប់ថ្ងៃពុធ ទី១៨ ខែកញ្ញានេះ៕
ប្រភព៖ Marca