អេស្ប៉ាញ៖ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu ដឹងថាកំពូលខ្សែប្រយុទ្ធជួរមុខ Lionel Messi នឹងមិនអាចលេងបានរហូតនោះទេ ហើយខាងក្លិបក៏កំពុងតែចាប់ផ្ដើមរៀបចំក្រុម នៅពេលដែលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះចូលនិវត្តន៍ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ ៣២ឆ្នាំ Lionel Messi នៅតែអាចបង្ហាញទម្រង់លេងក្នុងកម្រិតមួយដ៏ល្អ ប៉ុន្តែក្លិបដែលមានមូលដ្ឋាន នៅតំបន់កាតាឡាន់មួយនេះត្រូវការចាប់ផ្ដើមរៀបចំក្រុមជាថ្មីសម្រាប់ពេលអនាគត ព្រោះ Messi មិនអាចលេងបានច្រើនឆ្នាំទៀតទេ។
“ខ្ញុំគិតថាពួកយើងមានកាតព្វកិច្ច ក្នុងការគិតគូរអំពីអនាគតរបស់ Messi។ ពួកយើងបានគិតរួចរាល់ក្នុងការនាំចូលកីឡាករថ្មីៗ។ ក្នុងនាមជាប្រធានក្លិប ខ្ញុំសង្ឃឹមថា Leo (Messi) នឹងបន្តនៅជាមួយពួកយើងច្រើនឆ្នាំទៀត ប៉ុន្តែពួកយើងត្រូវគិតទៅដល់ការផ្លាស់ប្ដូរ នៅពេលវេលាដែលគេសម្រេចចិត្តឈប់លេងបាល់។” លោក Josep Maria Bartomeu ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Reuters។
គួរបញ្ជាក់ផងដែរថា Lionel Messi បានចូលរួមជាមួយក្រុមធំរបស់ក្លិបអ្នកមានបុណ្យ Barcelona តាំងពី ឆ្នាំ ២០០៤ ក្រោយចំណាយរយៈពេល ៤ឆ្នាំជាមួយក្រុមយុវជន។ គិតមកទល់នឹងពេលនេះ កីឡាករដែលលេងឲ្យតែ Barcelona មួយក្លិបរូបនេះ ចូលលេងបាន ៤៥២ប្រកួត និងរកគ្រាប់បាល់បាន ៤១៩គ្រាប់៕